របបយោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នបន្តទៀត!

របបយោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ៦ខែទៀត ក្រោមហេតុផល «គ្រប់គ្រង និងរក្សាស្ថិរភាព»


មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានស្តីបន្ទោសថា អស្ថិរភាពនៅក្នុងប្រទេសបានរារាំងយ៉ាងខ្លាំងដល់ដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាសន្តិភាព ដែលបានព្រមព្រៀងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត (អាស៊ាន) ហើយរបបយោធាបានបន្តដាក់ប្រទេសក្នុងគ្រាសន្ន ៦ ខែបន្ថែមទៀត បន្ទាប់ពីបានដាក់ប្រទេសក្នុងភាពអាសន្នជាលើកដំបូងរួចមកកាលពីខែកុម្ភៈឆ្នាំមុន ក្រោយរដ្ឋប្រហារទំលាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
របបយោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ៦ខែទៀត ក្រោមហេតុផល «គ្រប់គ្រង និងរក្សាស្ថិរភាព»

ចាប់តាំងពីរដ្ឋប្រហារតាំងពីឆ្នាំ ២០២១​ កន្លងទៅ​ ប្រទេសមីយ៉ាន់ម៉ា​ធ្លាក់ចូលទៅក្នុងភាពចលាចល និងភាពវឹកវរទូទាំងប្រទេស ដោយកងកម្លាំងយោធាបានបង្ក្រាបការតវ៉ា​ដោយសន្តិវិធីពី​សំណាក់ប្រជាជននៅក្នុង​ទីក្រុងជាច្រើន ព្រមទាំងការប៉ះទង្គិចប្រដាប់អាវុធជាមួយក្រុមបំបែកខ្លួន​ដែលគាំទ្ររដ្ឋាភិបាលស្រមោលផងដែរ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់អាស៊ាន ដែលមានសមាជិកទាំង ១០ ប្រទេសបានយល់ព្រមលើ «ការឯកភាព» ទាំងប្រាំចំណុច ដើម្បីបញ្ចប់បញ្ហានៅ​មីយ៉ាន់ម៉ានេះ ប៉ុន្តែមានសញ្ញាតិចតួចណាស់ដែលរបបយោធានឹងអនុវត្តផែនការប្រាំចំណុច ដែលរួមមានការបញ្ចប់អំពើហិង្សា និងការសន្ទនាជាដើមនោះ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថាមួយដែលបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមាថា ប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីជម្នះបញ្ហាប្រឈមនៃការរាតត្បាតនៃមេរោគ​ឆ្លងកូវីដ១៩ ខណៈកំពុងប្រឈម​មុខ​នឹងអំពើ​ហិង្សា​ផ្ទៃក្នុង​ផងដែរ។

លោក Min Aung Hlaing បាននិយាយថា «ដូច្នេះហើយ វាពិតជាពិបាកណាស់​ក្នុង​ការអនុវត្ត​ការឯកភាព ៥ ចំណុច​របស់អាស៊ាន ដោយសារអស្ថិរភាព ដោយលោកបានបន្ថែមថា លុះត្រាតែស្ថានការណ៍មានលក្ខណៈធម្មតាឡើងវិញ ទើបអាចដំណើរការបានយុន្ធាការទាំងនោះបាន»។

ទោះជាយ៉ាងណា លោក Min Aung Hlaing មិនបាន​លម្អិត​អំពីការពន្យារពេលនៃការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ក៏ប៉ុន្តែ​​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​នៃប្រទេសនេះបានរាយការណ៍ថា ក្រុមប្រឹក្សា​សន្តិសុខនៃរបបយោធាបានអនុម័ត​ជាឯកច្ឆ័ន្ទលើសំណើ​របស់លោក Min Aung Hlaing ដែលបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត។

មួយវិញទៀត របបយោធាបាន​លើកឡើងថា ខ្លួនត្រូវតែ​ធ្វើរដ្ឋប្រហារ និងឡើងកាន់អំណាចកាលពីឆ្នាំមុន ដោយសារតែការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយរបបយោធាចោទគណបក្សរបស់លោកស្រីអង់សាន ស៊ូជី បានឈ្នះដោយមិនស្របច្បាប់។ ទោះជាបែបនេះក្តី ក្រុមអ្នក​ឃ្លាំមើល​​ការ​បោះ​ឆ្នោត​រក​មិន​ឃើញ​ភស្តុតាង​នៃ​ការ​ក្លែង​បន្លំ​ទ្រង់ទ្រាយ​ធំ ដូចការចោទរបស់របបយោធា​នោះ​ឡើយ។

របបយោធាដែលកំពុងកាន់អំណាចបានសន្យាថា នឹងរៀបចំការបោះឆ្នោតជាថ្មីនៅខែសីហាឆ្នាំ ២០២៣ ទោះបីជាគេមើលឃើញរួចទៅហើយថា ការបោះឆ្នោតនោះ​នឹង​មិនមានភាពសេរី និងយុត្តិធម៌​ឡើយ។

គួរជម្រាបថា បើយោងតាមទិន្នន័យនៃអង្គការអ្នកទោសនយោបាយមីយ៉ាន់ម៉ាបានឲ្យដឹងថា កងកម្លាំងសន្តិសុខនៃរបបយោធាបានសម្លាប់មនុស្សជាង ២.១០០ នាក់ចាប់តាំងពីការធ្វើរដ្ឋប្រហារ។ តែរបប​យោធា​​បាន​និយាយ​ថា ​​ទិន្នន័យទាំងនោះ​ ​គឺ​ជា​ការ​បំផ្លើសទាំងស្រុង។

នៅក្នុងសុន្ទរកថានោះដែរ លោក Min Aung Hlaing បានលាបពណ៌សកម្មជនប្រឆាំង និងអ្នកទោសនយោបាយប្រឆាំងឯទៀតជា «ភេរវករ» ដែលមិនអាចលើកលែងបបាននោះទេ។

ទន្ធឹមនឹងនេះដែរ​ ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងកើនឡើង ៣% ក្នុងឆ្នាំសារពើពន្ធនេះ បន្ទាប់ពីការធ្លាក់ចុះ ១៨% កាលពីឆ្នាំមុន ហើយបានព្រមានថា សេដ្ឋកិច្ច​ប្រទេសនេះ នឹងមិនមានកំណើនខ្លាំង នាពេលខាងមុខដ៏ខ្លីខាងមុខនេះទេ៕




អត្ថបទបន្ទាប់


នៅទីបំផុត ប្រធានសភាអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីហើយ ប៉ុន្ដែមិនបានបញ្ជាក់ថានឹងទៅកោះតៃវ៉ាន់នោះទេ

ព័ត៌មាន
ប្រធានសភាសហរដ្ឋអាមេរិក លោកស្រីណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានចាប់ផ្តើមដំណើរទស្សនៈកិច្ចរបស់លោកស្រីមកកាន់ប្រទេសអាស៊ីចំនួនបួននៅថ្ងៃអាទ…

កងទ័ពអាកាសថៃបានទទូចសុំឱ្យសភាអនុម័តថវិកាសម្រាប់ទិញយន្តហោះចម្បាំងក្នុងតម្លៃជាង២០០លានដុល្លារ

ព័ត៌មាន
គណៈកម្មាធិកាសភាដែលពិនិត្យច្បាប់ថវិកាឆ្នាំ២០២៣របស់ថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងពិចារណាថា តើត្រូវទទួលយកការអំពាវនាវរបស់កងទ័ពអាកាសថៃ (RT…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ