ប្រទេសថៃ

អ្នកជំនាញឧស្សាហកម្មថៃថា ការសន្យារបស់អ្នកនយោបាយ ដែលថានឹងដំឡើងប្រាក់ ឈ្នួល កំពុងគំរាមកំហែងដល់ការវិនិយោគ


អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មនៅប្រទេសថៃបានអះអាងថា ការសន្យារបស់អ្នកនយោបាយថៃមួយចំនួននៅក្នុងយុទ្ធនាការបោះឆ្នោតកន្លងទៅ ដែលថានឹងតម្លើងប្រាក់ឈ្នួលប្រចាំថ្ងៃចាប់ពី ៤៥០ ទៅដល់ ៦០០ បាត កំពុងតែគំរាមកំហែងដល់បរិយាកាសវិនិយោគនៅក្នុងប្រទេសនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ឌឹ ណេសិន។
អ្នកជំនាញឧស្សាហកម្មថៃថា ការសន្យារបស់អ្នកនយោបាយ ដែលថានឹងដំឡើងប្រាក់ ឈ្នួល កំពុងគំរាមកំហែងដល់ការវិនិយោគ

លោក វីវ៉ាត ហេមូនដារ៉ូប អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ បានប្រាប់សារព័ត៌មានសេដ្ឋកិច្ច ប្លូមប៊ើក ថា វិនិយោគិនបរទេសអាចផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេពីប្រទេសថៃទៅកាន់ប្រទេសផ្សេងទៀត ប្រសិនបើការសន្យាដែលធ្វើឡើងដោយគណបក្សនយោបាយថៃមួយចំនួនទាក់ទងនឹងការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ ត្រូវបានអនុវត្ត។

នៅក្នុងយុទ្ធនាការបោះឆ្នោត គេដឹងថាមានគណបក្ស នយោបាយ ថៃ ចំនួន ពីរដែលបានលើកឡើងអំពីការ ដំឡើង ប្រាក់ ឈ្នួល អប្បបរមា។ នោះគឺគណបក្សភឿថៃ និងគណបក្សឆ្ពោះទៅមុខ។ គណបក្សភឿថៃបានសន្យាថានឹងបង្កើនប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៦០០ បាត ហើយគណបក្សឆ្ពោះទៅមុខបានសន្យាតម្លើងដល់ ៤៥០ បាត ។

ជុំវិញបញ្ហានេះ លោក វីវ៉ាត បានអះអាងថា ការណ៍ដែលថៃបានដំឡើងប្រាក់ឈ្នួលអប្បបរមាជាមធ្យម ៥% កាលពីឆ្នាំទៅ គឺបានកាត់បន្ថយការប្រកួតប្រជែងរបស់ប្រទេសនេះក្នុងការទាក់ទាញក្រុមហ៊ុនបរទេសទៅហើយ ជាពិសេសជាមួយប្រទេសវៀតណាម។

អនុប្រធានសហព័ន្ធឧស្សាហកម្មថៃរូបនេះបានបន្ថែមថា វៀតណាមកំពុងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ឧស្សាហកម្មរថយន្ត គីមីឥន្ធនៈ និងគ្រឿងអេឡិចត្រូនិក។

លោក វីវ៉ាត បាននិយាយទៀតថា គណបក្សនយោបាយដែលបានប្រើប្រាស់ការសន្យា ដូចជាការតម្លើងប្រាក់ឈ្នួលប្រចាំថ្ងៃ ការធានាប្រាក់បៀវត្សរ៍សម្រាប់និស្សិតបញ្ចប់ការសិក្សាថ្មី និងការផ្អាកបំណុលសម្រាប់កសិករ ដើម្បីឈ្នះការបោះឆ្នោតគឺសុទ្ធតែប្រើប្រាស់គោលនយោបាយប្រជាភិថុត។

លោកបានបន្តថា គោលនយោបាយប្រជាភិថុតនេះមិនល្អសម្រាប់សេដ្ឋកិច្ចថៃក្នុងរយៈពេលវែងនោះទេ ដោយសារសេដ្ឋកិច្ចថៃនៅមិនទាន់ស្តារឡើងពីការរាតត្បាតដោយកូវីដ ១៩ នៅឡើយទេ ហើយការអនុវត្តគោលនយោបាយប្រជានិយមនេះអាចនាំឱ្យមានអតិផរណា ការកើនឡើងអត្រាការប្រាក់ និងថ្លៃដើមផលិតកម្មខ្ពស់។

លោក វីវ៉ាត បានសង្កត់ធ្ងន់ថា ប្រទេសថៃធ្លាប់ជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយ ប៉ុន្តែឥឡូវនេះថៃត្រូវបានជែងដោយប្រទេសជិតខាងដូចជាឥណ្ឌូនេស៊ី និងវៀតណាម។

ទិន្នន័យផ្លូវការរបស់ប្រទេសទាំងពីរបានឱ្យដឹងថា ប្រទេសវៀតណាមបានតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន ៦% កាលពី ខែកក្កដា ឆ្នាំ ២០២២ ដល់ ៩,៧ ដុល្លារ ប៉ុន្តែនៅតែទាបជាងថៃដែលមាន ១០,៥ ដុល្លារ៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងការងារថា កម្មករនិយោជិតក្នុងប្រព័ន្ធ ១,៥លាននាក់ ទទួលបានប្រាក់ឈ្នួលជាង ៤,៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាង នៅថ្ងៃទី ១៤ ខែឧសភាថា បច្ចុប្បន្ននៅកម្ពុជាមានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័…

មន្ត្រីសហភាពអឺរ៉ុបគាំទ្រផែនការកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើប្រទេសចិន

ព័ត៌មាន
ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក ចូសេប បូរែល បាននិយាយថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីសហភាពអឺរ៉ុបបានគាំទ្រផែនការនៃគោលនយោបាយថ្មី ក្នុងការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ