ផ្លូវហោះហើរថ្មីទាំងនេះ ផ្តល់នូវជម្រើសធ្វើដំណើរជាច្រើនបន្ថែមទៀតរវាងប្រទេសវៀតណាម កាហ្សាក់ស្ថាន និងសាធារណរដ្ឋឆែក ព្រមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់តែទូលំទូលាយឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអឺរ៉ុប។
សម្រាប់អ្នកដំណើរនៅកម្ពុជា សេវាហោះហើរត្រង់ប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet រវាងខេត្តសៀមរាប និងទីក្រុងហាណូយ ផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់រាជធានីរបស់ប្រទេសវៀតណាម ព្រមទាំងមានជើងហោះហើរតភ្ជាប់បន្តទៅកាន់គោលដៅនានាទូទាំងប្រទេសវៀតណាម តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ការតភ្ជាប់នេះ ផ្តល់ឱ្យអ្នកដំណើរពីប្រទេសកម្ពុជានូវជម្រើសកាន់តែច្រើនសម្រាប់ការសម្រាកលំហែអន្តរជាតិ ការធ្វើដំណើរសួរសុខទុក្ខក្រុមគ្រួសារ បទពិសោធន៍វប្បធម៌ និងព្រឹត្តិការណ៍សំខាន់ៗនានានៅទូទាំងតំបន់ទាំងនេះ។
ពិធីបើកសម្ពោធផ្លូវហោះហើរថ្មីជាផ្លូវការ បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិអាល់ម៉ាទី និងអាកាសយានដ្ឋាន វ៉ាក់ស្លាវ ហាវែល ប្រាក កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅនេះ ដោយបានស្វាគមន៍ជើងហោះហើរថ្មីទាំងនេះជាមួយនឹងពិធីបាញ់ទឹកប្រោសព្រំស្វាគមន៍បែបប្រពៃណី និងការសម្តែងអបអរសាទរបេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរ។ អ្នកដំណើរដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងនេះ ក៏ទទួលបានផងដែរនូវអំណោយអនុស្សាវរីយ៍ពីក្រុមហ៊ុនអាកាសចរណ៍ Vietjet ព្រមទាំងពីអាកាសយានដ្ឋានទាំងពីរផងដែរ។
បណ្តាញជើងហោះហើរទាំងនេះ នឹងត្រូវដំណើរការក្នុងមួយសប្តាហ៍ពីរដង ដែលមានកាលវិភាគហោះហើរនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍ ដោយប្រើប្រាស់យន្តហោះធុនធំទំនើបម៉ាក Airbus A330។ អ្នកដំណើរអាចជ្រើសរើសសេវាកម្មថ្នាក់ Business និងថ្នាក់ SkyBoss ដែលសុទ្ធតែជាសេវាកម្មប្រកបដោយភាពយកចិត្តទុកដាក់ មានជម្រើសអាហារចម្រុះ និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរដ៏មានផាសុកភាព។
ទីក្រុងប្រាក ដែលជារាជធានីនៃសាធារណរដ្ឋឆែក បានទាក់ទាញភ្ញៀវទេសចរជាមួយនឹងស្ថាបត្យកម្មបែបហ្គាហ្សិក បារុក និងអាដនូវ៉ូ ព្រមទាំងសំណង់ទីក្រុងប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដែលមានអាយុកាលរាប់សតវត្សរ៍។ រីឯទីក្រុងអាល់ម៉ាទី ដែលជាទីក្រុងធំជាងគេរបស់ប្រទេសកាហ្សាក់ស្ថានឯណោះវិញ មានភាពល្បីល្បាញទៅលើទេសភាពធម្មជាតិដ៏ស្រស់ត្រកាល វប្បធម៌ចម្រុះ និងទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីកណ្តាល។ ទន្ទឹមនឹងនេះ រាជធានីហាណូយរបស់ប្រទេសវៀតណាមផ្តល់នូវភាពចម្រុះគ្នាយ៉ាងសម្បូរបែបនៃវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយទីក្រុងនេះក៏បម្រើការជាច្រកផ្លូវទៅទីកន្លែងកម្សាន្តផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់ប្រទេសវៀតណាមផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Vietjet លោក ង្វៀន ថាញ់សឺន បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការនូវបណ្តាញជើងហោះហើរថ្មីទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការការពង្រីកបណ្តាញអន្តរជាតិរបស់យើង។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបន្តពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប ដែលធ្វើឱ្យការធ្វើដំណើររវាងអឺរ៉ុប អូស្ត្រាលី និងអាស៊ី កាន់តែមានភាពងាយស្រួល។ យើងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវទេសចរមកកាន់ប្រទេសវៀតណាម និងនាំយកអ្នកដំណើរវៀតណាម ក៏ដូចជាអ្នកដំណើរអន្តរជាតិឱ្យកាន់តែខិតជិតទៅនឹងគោលដៅនានាដែលសម្បូរទៅដោយវប្បធម៌ បេតិកភណ្ឌ និងបទពិសោធន៍ប្លែកៗ ព្រមទាំងជួយគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្ម និងការវិនិយោគផងដែរ។»
រាល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet អ្នកដំណើរអាចរីករាយជាមួយនឹងមុខម្ហូបក្តៅៗដែលរៀបចំថ្មីៗ ដែលរួមមានអាហាររសជាតិបែបវៀតណាម និងបែបអន្តរជាតិ រួមមាន គុយទាវហ្វឺ នំប៉័ងវៀតណាម និងកាហ្វេទឹកដោះគោទឹកកកវៀតណាម ផ្តល់សេវាដោយបុគ្គលិកបម្រើការលើយន្តហោះប្រកបដោយវិជ្ជាជីវៈ នៅលើយន្តហោះដ៏ទំនើប និងសន្សំសំចៃប្រេងឥន្ធនៈរបស់អាកាសចរណ៍ Vietjet។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បាននាំយកនូវការសម្តែងវប្បធម៌ និងសិល្បៈដ៏លេចធ្លោឡើងទៅកាន់កម្ពស់ ១០ ០០០ ម៉ែត្រ ដោយផ្តល់នូវបទពិសោធន៍ដ៏ប្លែកលើយន្តហោះក្នុងដំណើរការហោះហើររបស់អតិថិជជន និងក្នុងឱកាសពិសេសនានា។
កាលវិភាគជើងហោះហើរ (ម៉ោងក្នុងស្រុក)
VJ031៖ ហាណូយ (HAN) ម៉ោង ៨:២៥ ព្រឹក – អាល់ម៉ាទី (ALA) ម៉ោង ១២:៥០ ថ្ងៃត្រង់ / អាល់ម៉ាទី ម៉ោង ២:២០ រសៀល – ប្រាក (PRG) ម៉ោង ៦:៥៥ ល្ងាច
VJ032៖ ប្រាក (PRG) ម៉ោង ៨:៥៥ យប់ – អាល់ម៉ាទី (ALA) ម៉ោង ៦:៤០ ព្រឹក (+១) / អាល់ម៉ាទី ម៉ោង ៨:១០ ព្រឹក – ហាណូយ (HAN) ម៉ោង ៤:២០ រសៀល
រយៈពេលរង់ចាំតភ្ជាប់ជើងហោះហើរនៅទីក្រុងអាល់ម៉ាទី៖ ៩០ នាទី។