Advertisement
ផ្សារព្រំ-​ព្រំដែន​កម្ពុជា-ថៃ

ផ្សារ​ព្រំ-​ប៉ៃលិន ជាទីប្រជុំ​នៃ​​ជន​ចំណាកស្រុកនិង​កាស៊ីណូ


វេលា​ម៉ោង​ជិត ១រសៀល នៅ​ខាង​ក្រៅ​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង​នៅ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ជាប់​នឹង​ព្រំដែន​កម្ពុជា-​ថៃ ដែល​ខ្ញុំ​ស្នាក់នៅ សំឡេង​ជជែក​គ្នា​បន្លឺ​ឡើង លាយ​នឹង​ការ​ផ្ទុះ​សំណើចម្ដង​ម្កាល។ បុគ្គលិក​បោស​​សម្អាត​សណ្ឋាគារ​ ៣រូប ជា​នារីទាំងអស់ កំពុង​ជជែក​គ្នា​ ខណៈ​សម្រាក​ក្រោយ​អាហារ​ថ្ងៃ​ត្រង់។
កាស៊ីណូ​នៅ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន នៅជាប់​នឹង​ព្រំដែន​កម្ពុជា-​ថៃ។
ដោយ
Advertisement

កញ្ញា យួន ស្រីនិត អាយុ ១៩ឆ្នាំ មក​ពី​ខេត្ត​កំពង់ធំ ជាកូន​ពៅ​គេ​នៃ​គ្រួសារ​កសិករ​ដែល​មាន​កូន​បី​នាក់។ ស្រីនិត ឈប់​រៀន​តាំងពី​ថ្នាក់ទី៥ និង​បាន​ធ្វើ​ចំណាកស្រុក​ ជាមួយ​បងៗ និង​ឪពុក​ម្ដាយ មួយគ្រួសារ មក​រស់នៅ​ផ្សារព្រំ ខេត្ត​ប៉ៃលិន​នេះ ជាច្រើន​ឆ្នាំ​មក​ហើយ។

នៅពេលសួរ​ថា តើ​ហេតុ​អ្វី​ទើប​មក​រស់នៅទីនេះ​ទាំង​មួយគ្រួសារ​ដូច្នេះ ស្រីនិត ប្រាប់​ឲ្យ​ដឹងថា ដើម​ឡើយ គ្រួសារ​នាង​ធ្វើ​ស្រែ​ធម្មតា ប៉ុន្តែ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជីវភាព​ចេះ​លំបាក​ទៅៗ រហូត​ដល់​ឪពុក​ម្ដាយ​ជំពាក់​​បំណុល​គេ ក៏​នាំ​គ្នា​ទាំង​គ្រួសារ​មក​រស់នៅ​ផ្សារ​ព្រំ​ ខេត្ត​ប៉ៃលិន តែម្ដង ដើម្បី​រកលុយ​ដោះបំណុលគេ។

សព្វថ្ងៃ នៅខេត្ត​ប៉ៃលិន​នេះ ឪពុក​ម្ដាយរបស់​នាង​នៅយាម​ចម្ការ​ឲ្យ​គេ រីឯ​បងៗ​ពីរនាក់​របស់​នាង មាន​គ្រួសារអស់​ហើយ នៅសល់តែរូបនាង​កូន​ពៅ​គេ ធ្វើការជាអ្នករៀបចំ​បន្ទប់​នៅ​សណ្ឋាគារ។

កញ្ញា ស្រីនិត និយាយ​យ៉ាងដូច្នេះថា «ខ្ញុំ​មិន​ដឹង​ថា ពួកគាត់​ជំពាក់​គេ​ប៉ុន្មាន​ទេ ប៉ុន្តែ ឥឡូវ​ហ្នឹង សង​គេ​ជិត​រួចហើយ នៅ​សល់​ប្រហែល ៥០០​ដុល្លារ»។​​

ច្រក​ព្រំដែន​អន្តរជាតិ ព្រំ នៅ​ខេត្ត​ប៉ៃលិន ជាប់​នឹង​ព្រំប្រទល់ជាមួយ​ប្រទេស​ថៃ។

មាន​ដំណើររឿង​ប្រហាក់​ប្រហែល​នឹង ស្រីនិត ដែរ ស្ត្រី​វ័យ​កណ្ដាល​ពីរ​នាក់​ទៀត ដែល​ធ្វើការជាមួយ ស្រីនិត ក៏​ជា​អ្នក​មក​ពី​ចម្ងាយ​ដែរ គឺ​ម្នាក់​មកពី​ខេត្ត​កំពង់ចាម និង​ម្នាក់​ទៀត​មក​ពី​ខេត្ត​ពោធិ៍សាត់។ ពួកគាត់ថា ផ្លាស់​មករស់នៅ​និង​រកស៊ី​នៅផ្សារ​ព្រំ​នេះ គឺ​ដោយសារ​តែ​នៅ​ស្រុក​កំណើត​ធ្វើ​ស្រែ​ចម្ការ​ខាត​ និង​ជំពាក់​បុលគេ។ 

នៅផ្សារ​ព្រំ ប៉ៃលិន ដែល​នៅជាប់​នឹង​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ជាទីប្រជុំ​ទៅដោយ​កាស៊ីណូ ដែល​បើក​ព្រោង​ព្រាត​ដូច​ផ្កា​រីក ដើម្បី​ស្រូប​យក​ជនជាតិ​ថៃ ដែល​ឆ្លងដែន​មក​លេង​ល្បែង​នៅ​ទីនេះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពីអ្នក​​គ្រប់គ្រង​កាស៊ីណូ​មួយ​កន្លែង ឲ្យដឹងថា អ្នក​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​ ភាគច្រើន​បំផុត គឺ​ជា​ជនជាតិថៃ ប៉ុន្តែ ក៏​មាន​ខ្មែរ​មួយ​ចំនួន​តូច​ផង​ដែរ។ 

តាម​ការសាកសួរព្រាវៗ ទៅ​មនុស្ស​ជាច្រើន​នាក់ រាប់តាំងពី​បុគ្គលិក​សន្តិសុខ អ្នករត់ម៉ូតូឌុប អាជីវករ​លក់ដូរ និង​បុគ្គលិក​កាស៊ីណូ ពួកគេ​ឲ្យ​ដឹងថា បើ​និយាយ​ពី​ផ្សារ​ព្រំ គឺ​គ្មាន​អ្វី​ក្រៅ​ពី​កាស៊ីណូ​ទេ​ ហើយ​បុគ្គលិក​និង​​អ្នក​រកស៊ី​នៅ​ផ្សារ​ព្រំនេះ ភាគច្រើន​ គឺ​ជា​អ្នក​ចំណាកស្រុក​មក​ពី​ខេត្ត​ឆ្ងាយៗ។ ដោយឡែក ប្រជាជន​ម្ចាស់​ស្រុក​ និង​អ្នក​ចំណាក​ស្រុក​មួយ​ចំនួន ប៉ុន្តែ មិនមែនភាគច្រើន ប្រកប​របរ​ធ្វើ​ចម្ការ​ខ្លួនឯង ឬ​ស៊ី​ឈ្នួល​យាម​ចម្ការ​ឲ្យ​គេ ដូចជា ចម្ការ​ត្រងែន និង​ចម្ការ​ដំណាំ​ផ្សេងៗ​ទៀត។

អ្នក​រស់នៅ​និង​រកស៊ី​នៅ​ផ្សារ​ព្រំ ដែល​ ខេមបូណូមីស បាន​សាកសួរ ឲ្យ​ដឹងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ផ្សារ​ព្រំ​ហាក់​ស្ងាត់​ជាង​មុន ហើយ​ការរកទទួល​ទាន ក៏​ហាក់​មិន​សូវ​បាន​កាក់កប​ដូច​មុន​ដែរ។ ប៉ុន្តែ ទោះ​ជា​នេះ​ក្ដី អ្នក​រត់ម៉ូតូ​ឌុប​មួយ​រូប ឈ្មោះ សុវណ្ណ មក​ពី​ខេត្ត​កំពង់ស្ពឺ ដែលបាន​មក​រស់នៅ​ផ្សារ​ព្រំ​នេះ ជាង ២០ឆ្នាំ​មក​ហើយ​នោះ ឲ្យ​ដឹងថា ទោះបី​នៅ​ទីនេះ រូបគាត់​មិន​អាច​រក​កម្រៃ​សល់​ធ្វើ​អ្នក​មាន​ក្ដី ក៏គ្រាន់បើ​ជាង​ឆ្ងាយ ជាង​ការធ្វើ​ស្រែនៅ​ឯ​ស្រុក​កំណើត​ នៅ​ខេត្ត​កំពង់ស្ពឺ​ដែរ៕ 




អត្ថបទបន្ទាប់


អាជីវកម្ម​ខ្នាត​តូច​៥​ប្រភេទ ដែល​ធ្លាប់​រីក​លឿន រោយ​លឿន!

ព័ត៌មាន
ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បរិយាកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​កាន់តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើងៗ ពិសេស គឺ​អាជីវកម្ម​ខ្នាត​តូច​តែ​ម្ដង...

តើ​ជំនួយ​អាមេរិក​នៅ​កម្ពុជា​ផ្ដល់​ទៅ​លើ​វិស័យ​អ្វី​ខ្លះ?

ព័ត៌មាន
វិស័យ​សុខភាព​និង​ការ​ការពារ​បរិស្ថាន​គឺ​ជា​វិស័យ​ធំ​ពីរ​ដែល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦ ភាគ​ច្រើន បា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ