Advertisement
វិនិយោគ​ផ្នែក​អប់រំ

វេជ្ជ. គួច ម៉េងលី ចង់​បើក​សកលវិទ្យាល័យ​និង​សាលាពេទ្យ​ ប៉ុន្តែ ក្រសួង​មិន​អនុញ្ញាត


លោក​វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ ជាមួយ ខេមបូណូមិស ថា លោក​មាន​បំណង​ចង់​បើក​សាលាពេទ្យ និង​សាកលវិទ្យាល័យ នៅ​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ដល់​រាជ​រដ្ឋាភិបាល នៅ​ក្នុង​ការជំរុញ​វិស័យ​ទាំងនេះ។
លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក​សាលា​ និង​វិទ្យាស្ថាន​ អន្តរទ្វីប អាមេរិកាំង។ រូបភាព៖ interconrooster.com
ដោយ

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី សព្វ​ថ្ងៃ​ជា​ស្ថាបនិក​និង​ជា​អគ្គនាយក​វិទ្យាស្ថាន AII និង​សាលា AIS។ លោកថា ដោយសារ​លោក​មាន​ពិសោធន៍​ជា​អ្នក​អប់រំ និង​ជា​វេជ្ជបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​ជាច្រើន​ឆ្នាំ ដូច្នេះ លោក​វេជ្ជបណ្ឌិត​ចង់​ពង្រីក​ការងារ​របស់​លោក​ក្នុង​វិស័យ​ពីរ​នេះ។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ស្រមៃ​ថា ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​មាន​ឱកាស​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​ ក្រៅ​ផ្លូវការ ដើម្បី​ជួយ​ជំរុញ​អ្វី​ដែល​ខ្ញុំ​អាច​ជំរុញ​បាន​ក្នុង​វិស័យ​អប់រំ ដូច​ជា សហការគ្នា​ជា​ដៃគូ ឬ​ផ្ដល់​យោបល់​ពី​រដ្ឋ​មក​ឯកជន ពី​ឯកជន​ទៅ​រដ្ឋ​»

ប៉ុន្តែ ក្ដីប្រាថ្នា​របស់​លោក​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំ​រូប​នេះ នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយទេ ពីព្រោះ​ការ​ស្នើ​សុំ​អនុញ្ញាតិ​​ទៅ​ក្រសួង​ពាក់ព័ន្ធ មិន​ទទួល​បាន​ចម្លើយ​វិជ្ជមាន។

លោក​វេជ្ជបណ្ឌិត ថ្លែង​ថា ៖ «យើង​ដាក់​ស្នើ​សុំ​បើក​សាលា​ពេទ្យ ត្រឹម​ថ្នាក់​គិលានុបដ្ឋាក យើង​សុំ​អត់​បាន។ យើង​សុំ​បើក​សកលវិទ្យាល័យ​ យើង​សុំ​អត់​បាន»

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី មិន​បាន​បញ្ជាក់​ហេតុផល​ច្បាស់លាស់​នៅ​ពីក្រោយ​ការ​បដិសេធ​របស់​ក្រសួង​ពាក់ព័ន្ធ ចំពោះ​សំណើ​របស់​លោក​នោះ​ទេ។ ប៉ុន្តែ កន្លង​មក លោក​វេជ្ជបណ្ឌិត​ គួច ម៉េងលី ធ្លាប់​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្នាំងថ្នាក់ បន្ទាប់​ពី​លោក​ធ្វើការ​រិះគន់ធ្ងន់ៗ​ទៅ​លើ​ពេទ្យ​ខ្មែរ និង​សេវា​សុខាភិបាល​នៅ​ស្រុក​ខ្មែរ។

លោកវេជ្ជបណ្ឌិត​​បញ្ជាក់ថា លោក​សោកស្ដាយ​ដោយសារ «ខ្ញុំជា​អ្នក​អប់រំ ខ្ញុំ​ជា​អ្នក​ជំនាញ​ពេទ្យ ជា​សាស្ត្រាចារ្យ​សកលវិទ្យាល័យ​នៅស្រុក​គេ ដែល​មាន​ពិសោធន៍​ជាង​ ២០ឆ្នាំ ប៉ុន្តែ ខ្ញុំ​មិន​បាន​ប្រើ​ចំណេះ​ទាំង​ហ្នឹង​ឲ្យ​អស់​សក្ដានុពល​នៅ​ឡើយ»។ 

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក​បើក​សាលាពេទ្យ និង​សកល​វិទ្យាល័យ លោក​ធានា​ថា នឹង​អាច​ផ្ដល់​ការបណ្ដុះ​បណ្ដាល​​ក្នុង​កម្រិត​មួយ​ដែល​អាច​បំពេញ​តម្រូវការ​ផ្នែក​ធនធាន​មនុស្ស​នៅ​ក្នុង​ស្រុក​យើងបាន។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ជា​ពលរដ្ឋ​ខ្មែរ ដែល​បាន​ទៅ​រៀន​និង​រស់នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ក្មេង រហូត​ដល់​ក្លាយ​ជា​វេជ្ជបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក។ សព្វ​ថ្ងៃ នៅ​កម្ពុជា លោក​មាន​សាលា​ចំនួន​ពីរ គឺ​ វិទ្យាស្ថាន​ អន្តរទ្វីប អាមេរិកាំង និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ហើយ​លោក​ក៏​ជា​អ្នក​វិនិយោគ​ដ៏​ធំ​នៃ​សារព័ត៌មាន​ អេឡិចត្រូនិក ថ្មីៗផងដែរ៕




អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី ពី​បុគ្គលិក​ធម្មតា​ដឹក​ជញ្ជូន​ទំនិញ ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ជាង​៣០

ព័ត៌មាន
រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​បាន​សម្លឹង​និង​ចាប់​អាម្មរណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​ដំណើ...

អ្នក​ប្រើ​ហ្វេសប៊ុក​រិះគន់​ ប៉ា សុជាតិវង្ស ចាស់ដៃ រឿង​ប្រុង​បិទ​ ATM នៅតាម​ទីសាធារណៈ

ព័ត៌មាន
មួយថ្ងៃ​ បន្ទាប់​ពី​លោក​អភិបាលរាជ​ធានី​ភ្នំពេញ ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា គួរ​លុប​បំបាត់​ទូ​ ATM បើក​ប្រាក់នៅ​តាម​ទីសាធារណៈ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ