អ្នក​នយោបាយ​កសិកម្ម

បណ្ឌិត យ៉ង សាំងកុមារ ទោះ​ធ្វើ​បក្ស​នយោបាយ ក៏​មិន​ភ្លេច​កសិកម្ម


ឈ្មោះ យ៉ង សាំងកុមារ ប្រហែល​ជា​មនុស្ស​ភាគច្រើនបាន​ស្គាល់​ហើយ គឺ​តាម​រយៈ​ការងារ​កសិកម្ម​របស់​អង្គការ សេដាក ដែល​លោក​ធ្លាប់​ដឹកនាំ​និងជា​ស្ថាបនិក។ អ្វី​ដែល​គេ​ស្គាល់ បណ្ឌិត យ៉ង សាំងកុមារ ខ្លាំង គឺ​សកម្មភាព​ជំរុញ​កសិករ​ខ្មែរ​ឲ្យ​ធ្វើ​ស្រែ​តាម​បែប​ប្រពល​វប្បកម្ម និង​កសិកម្ម​សរីរាង្គ​គ្មាន​ជីរគីមី។
លោក​បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​ផ្នែក​កសិកម្ម អតីត​ប្រធាន​អង្គការសង្គម​ស៊ីវិល និង​បច្ចុប្បន្ន មន្ត្រី​គណបក្ស​ ប្រជាធិបតេយ្យ​មូលដ្ឋាន។ រូបភាព៖ ហេង ភារម្យ
ដោយ

ភាព​ល្បីល្បាញ​របស់​បណ្ឌិត​ យ៉ង សាំងកុមារ មួយ​ទៀត គឺ​អង្គការ​ សេដាក របស់​លោក​បាន​បង្កើត​កម្មវិធី​ «សេដ្ឋី​ស្រុក​ស្រែ» ដែល​ជួយ​កសិករ​ឲ្យ​ដាំដុះ​បង្ក​បង្កើន​ផល​មិន​ត្រឹមតែ​សម្រាប់​ហូប ប៉ុន្តែ សម្រាប់​លក់​យក​កម្រៃ​ធ្វើ​អ្នកមាន​នៅ​ស្រុក​ភូមិ​ទៀត​ផង។ 

ប៉ុន្តែ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ បណ្ឌិត​ យ៉ង សាំងកុមារ បាន​ប្រកាស​លាលែង​ពី​ការងារ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម ដែល​លោក​បាន​ធ្វើ​ជាង ២០ឆ្នាំ ដើម្បី​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ ជាមួយ​គណបក្ស​ទើប​បង្កើត​ថ្មី គឺ​គណបក្ស​ ប្រជាធិបតេយ្យ​មូលដ្ឋាន។  

ថ្វី​បើ​យ៉ាងនេះក្ដី តាំង​ពី​នោះ​មក ទោះ​រវល់​កិច្ចការ​នយោបាយ​ជាមួយ​គណបក្ស​របស់​លោកក្ដី លោក​ក៏​នៅ​តែ​មិន​ភ្លេច​កសិកម្មដែរ។ លោក​បង្កើត​គម្រោង​មួយ ឈ្មោះ​ថា ពន្លក​បៃតង ដើម្បី​បណ្ដុះ​បណ្ដាល​យុវជន​វ័យ​ក្មេង​ឲ្យ​ក្លាយ​ជា​មេដឹកនាំ​កសិកម្ម​សរីរាង្គ​វ័យ​ក្មេង។

> គួរអាន​រឿង​នេះ ៖ រៀន​ចប់​ផ្នែក​​កសិកម្ម ចង់​ក្លាយ​ជា​"មេដឹកនាំ​កសិករ"​នៅ​ស្រុក​កំណើត

កម្ពុជា​នាំ​បន្លែ​ចូល​ពី​ប្រទេស​ជិត​ខាង​គិត​ជា​ទឹក​ប្រាក់​ជាង ១៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ (រូបភាព៖ ហេង ភារម្យ)

ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ ជាមួយ​ ខេមបូណូមីស បណ្ឌិត​ យ៉ង សាំងកុមារ ថ្លែងថា លោក​ខិតខំ​ធ្វើកិច្ចការ​ផ្នែក​កសិកម្ម ព្រោះ​លោក​ចង់​ឃើញ​ប្រទេស​កម្ពុជា​អាច​ផលិត​ស្បៀង​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង លែង​ពឹងពាក់​ប្រទេស​ជិត​ខាង។

លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​ចង់ឃើញ​កម្ពុជា​ជា​ប្រទេស​មួយ​ឈាន​មុខ​គេ ជាពិសេស​ក្នុង​តំបន់​អាស៊ាន ក្នុង​ការ​ផលិត​កសិកម្ម និង​ចំណី​អាហារ​សរីរាង្គ ជាប្រទេស​មួយ​ដែល​អ្នក​ប្រកប​​របរ​កសិកម្ម​សរីរាង្គ​មាន​ជីវភាព​ធូរធារ មាន​មុខ​មាន​មាត់​ក្នុង​សង្គម។ ចង់ឃើញ​កម្ពុជា​យើង​ធានា​បាន​អធិបតេយ្យ​ស្បៀង យើង​មាន​ស្បៀង​អាហារ​គ្រប់គ្រាន់ យើង​មិន​ចំណុះ​ប្រទេស​ជិត​ខាង»។ 

ទោះ​មាន​ការ​ប្រឹងប្រែង​របស់​អង្គការ​កសិកម្ម​ដូច​ជា សេដាក និង​រូប​បណ្ឌិត​ យ៉ង សាំងកុមារ ផ្ទាល់ក្ដី ការជួយ​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហាក់​នៅ​មានសន្ទុះ​ខ្សោយ​នៅ​ឡើយ ដោយ​រៀងរាល់​ឆ្នាំ គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ត្អូញត្អែរ​ពី​សំណាក់​កសិករ។ 

ត្អូញត្អែរ គឺ​ដោយសារ​តែ​ឆ្នាំ​ខ្លះ​កសិករ​ផលិត​មិន​បាន ដោយសារ​គ្រោះរាំងស្ងួត ឆ្នាំ​ខ្លះ​ផលិត​បាន​ហើយ តែ​លក់​មិន​ដាច់ ឬ​លក់​បាន​តម្លៃ​ទាប​ជ្រុល​ខាត​ដើម ។ល។ ដោយសារ​តែ​ប្រកួត​ប្រជែង​តម្លៃ​មិន​ឈ្នះ​ផលិត​ផល​កសិកម្ម​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង។

ជាក់ស្ដែង បើយោង​តាម​ការ​អង្កេត​ពី​គម្រោង​ជំរុញ​ផលិត​កម្ម​ស្បៀង កម្ពុជា​បាន​នាំចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ដែល​មាន​តម្លៃ ១៥០​លាន​ដុលា្លរ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដែល​មាន​បរិមាណ​បន្លែ ២០០​តោន ក្នុង​មួយ​ថ្ងៃ។

ប៉ុន្តែទោះ​ជា​យ៉ាងណា លោក​បណ្ឌិត​ យ៉ង សាំងកុមារ មិន​អស់​សង្ឃឹម​ឡើយ​ចំពោះ​កសិកម្ម​នៅ​កម្ពុជា។ 

លោកមាន​ប្រសាសន៍​ថា ៖ «ស្រុក​ខ្មែរ បើ​មាន​កសិករ​មួយ​សែន​នាក់​ដែល​ចាប់​យក​អាជីព​កសិកម្ម​ពិត​ប្រាកដ ផលិត​ចំណី​អាហារ​លក់​ផ្គត់ផ្គង់​ទីផ្សារ​ប្រកួត​ប្រជែង​ជាមួយ​គេ យើង​រំពឹង​ថា ចក្ខុ​វិស័យ​ដែល​ខ្ញុំ​រំពឹងថា កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​វិស័យ​កសិកម្ម​ នឹង​បាន​ជោគជ័យ។ អ៊ីចឹង សំខាន់​គឺ​ផ្ដោត​លើ​ធនធាន​មនុស្ស»




អត្ថបទបន្ទាប់


តំបន់​សេដ្ឋកិច្ច​ពិសេស​១៤ មាន​សកម្ម​ភាព​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា

ព័ត៌មាន
គិត​រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជា​សេនាធិការ បាន​អនុម័ត​ជា​គោលការណ៍​​លើ​…

ក្នុង​បញ្ជី​ប្រទេស​​«ប្រជាធិបតេយ្យ​ខ្លាំង​បំផុត​»​លើ​ពិភព​លោក អត់​មាន​អាមេរិក​ទេ !

ព័ត៌មាន
លទ្ធិប្រជាធិបតេយ្យ​ កំពុងធ្លាក់​ចុះ​នៅ​ទូទាំង​ពិភព​លោក។ របាយការណ៍ចុង​ក្រោយ​របស់ក្រុម​ប្រមូលព័ត៌មាន​របស់​ ទស្សនាវដ្ដី The Economist បង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ