Advertisement
ពី​អ្នក​កាសែត​ក្លាយ​ជា​សេដ្ឋី

ឧកញ៉ា ចេង ខេង ជានរណា? កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​គាត់​ក្លាយជាសេដ្ឋីអចលនទ្រព្យ?


ឧកញ៉ា ចេង ខេង ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​ចាស់​វស្សា​ជាង​គេ នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា។ លោក​មាន​បទ​ពិសោធន៍​ផ្នែក​ទិញ លក់ ជួល និង​វាយ​តម្លៃ​អចលនទ្រព្យ​ដ៏​ស្ទាត់​ជំនាញ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ។
លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ CPL
ដោយ

លោក​បាន​ដាក់​ជីវិត​ទាំងស្រុង​ទៅ​លើ​មុខ​ជំនួញ​អចលន​ទ្រព្យ​របស់​លោក​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​កន្លង​មក​ហើយ ធ្វើការ​ដោយ​ចិត្ត​ស្មោះស្ម័គ្រ ដោយ​បេះដូង  ​រហូត​ប្រែក្លាយ​ជីវិត​លោក ពី​អ្នក​កាសែត​ក្លាយ​ទៅ​ជា​សេដ្ឋី​អចលន​ទ្រព្យ​ដ៏​លេច​ធ្លោ​មួយ​នៅ​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន ឧកញ៉ា ចេង ខេង គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល (CPL) ដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ផង​ដែរ។ 

តើ​មូលហេតុ​អ្វី​ខ្លះ​បាន​ជា​ឧកញ៉ា ចេង ខេង ចាប់អារម្មណ៍​រកស៊ី​នៅ​ក្នុង​វិស័យ​ដីធ្លី​? ហើយ​លោក​បាន​បង្កើត​គោលការណ៍​យុទ្ធសាស្ត្រ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​បែប​នេះ? 

ឧកញ៉ា ចេង ខេង បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​មួយ​ដល់​សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមីស ជុំវិញ​ជីវិត​ការងារ​និង​ភាព​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​អចលនទ្រព្យ។

មុន​នឹង​ចាប់​ផ្តើម​អាជីវកម្ម​ដីធ្លី​នេះ ពី​មុន លោក ចេង ខេង បាន​ធ្វើ​ជា​អ្នក​ចែកចាយ​កាសែត អ្នកកាសែត រហូត​ក្លាយ​ជា​ចាងហ្វាង​កាសែត។ ដោយសារ​តែ​លោក​មើល​ឃើញ​ឱកាស​រកស៊ី​នៅ​ក្នុង​វិស័យ​ដីធ្លី​ល្អ គួបផ្សំ​នឹង​ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពិសេស លោក​មើល​ឃើញ​ថា  អ្នក​មាន​ជា​ច្រើន​នៅ​លើ​ពិភពលោក គឺ​សុទ្ធតែ​កើត​ចេញ​ពី​ការ​រកស៊ី​វិនិយោគ​នៅ​ក្នុង​វិស័យ​ដីធ្លី​នេះ​តែ​ម្តង ទើប​ធ្វើ​ឲ្យ​លោក ចេង ខេង សម្រេច​ចិត្ត​បោះបង់​ចោល​ការងារ​ជា​អាជីព​កាសែត​ប្រចំា ទៅ​ស្រវា​ចាប់​យក​ជំនួញ​ថ្មី គឺ​ជំនួញ​ដីធ្លី ជា​ភ្នាក់ងារ​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ។ 

លោក​ឧកញ៉ា ចេង ខេង ថតរូប​ជាមួយ​បុគ្គលិក​។ (រូបភាព៖ http://www.cplagent.com)

ចង់​រក​ស៊ី​វិស័យ​អចលន​ទ្រព្យ តើ​ត្រូវមាន​មូលដ្ឋាន​គ្រឹះ​អ្វី​ខ្លះ និង​ធនធាន​អ្វី​ខ្លះ?

លោក​ឧកញ៉ា ចេង ខេង បាន​អះអាង​ថា មុខ​របរ​បម្រើ​សេវាកម្ម​អចលនទ្រព្យ​នេះ មិន​ចាំ​បាច់​ប្រើ​ដើមទុន​នោះ​ទេ សំខាន់​ត្រង់​ថា យើង​ស្រលាញ់​ការងារ​នេះ ធ្វើ​ចេញ​ពី​ចិត្ត ពី​បេះដូង អត់​ធ្មត់​តស៊ូ​ជាមួយ​ការងារ នោះ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ លោក​ចង់​ប្រាប់​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​មក​ហើយ ដែល​មាន​លុយ​រាប់​លាន​ដុល្លារ រកស៊ី​ក្នុង​វិស័យ​នេះ​ទទួល​នូវ​ភាព​បរាជ័យ។ ដោយសារ​តែ​ពួកគេ​ទាំង​អស់​នោះ​ធ្វើ​តាម​គេ ឃើញ​គេ​បើក​អាជីវកម្ម​បម្រើ​សេវា​កម្ម​ដីធ្លី ក៏​បើក​តាម​គេ ដោយ​មិន​បាន​សិក្សា​ច្បាស់​លាស់ ហើយ​ក៏​មិន​ដាក់​ចិត្ត​ធ្វើ​ចេញ​ពី​បេះដូង​ពិត​ប្រាកដ​ដែរ។ 

កាល​ពី​លោក​បើក​ជំនួញ​សេវាកម្ម​អចលន​ទ្រព្យ​មួយ​នេះ លោក​គ្មាន​លុយ គ្មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ដោយសារ​ការ​ស្រលាញ់​ពេញ​ចិត្ត និង​ ការ​តាំង​ចិត្ត​ខ្ពស់​របស់​គាត់ ទើប​ធ្វើ​ឲ្យ​លោក ចេង ខេង ទទួល​បាន​ជោគជ័យ​មក​ដល់​ពេល​នេះ​ដែរ។

លោក​ឧកញ៉ា ចេង ខេង ជួប​ឧបសគ្គ​អ្វី​ខ្លះ? ប្រើ​យុទ្ធសាស្ត្រ ឬ​រូបមន្ត​អ្វី​​ខ្លះ​ដើម្បី​ភាព​ជោគ​ជ័យ?

ទន្ទឹម​នឹង​ការ​ជោគជ័យ​នៅ​ក្នុង​ជំនួញ​អចលន​ទ្រព្យ​នេះ លោក​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​គ្នា​គ្រប់​រូបភាព​ដើម្បី​ដណ្តើម​យក​ទីផ្សារ ក៏​ដូចជា​អតិថិជន។

ត្រូវ​គិត​ឲ្យ​ធំ ធ្វើ​ឲ្យ​ល្អ​បំផុត ធ្វើ​ឲ្យ​អស់​លទ្ធភាព​ដែល​យើង​ចង់​បាន
— ឧកញ៉ា ចេង ខេង ប្រធានក្រុមហ៊ុន CPL

មុខ​របរ​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នេះ លោក​ថា គឺ​មាន​ភាព​ផុយ​ស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត​និង​ចិត្ត គេ​ចង់​បាន​អី យើង​បម្រើ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន ថែ​រក្សា​អតិថិជន កុំឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត បម្រើ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​និយាយ​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណា ក៏​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ ប៉ុន្តែ មុខ​ជំនួញ​អចលនទ្រព្យ លោក​គិត​ថា មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​គេ។ ដោយសារ​យើង​រក​ស៊ី​ក្នុង​វិស័យ​នេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែល​មាន​លុយ អ្នក​មាន​មុខមាត់​នៅ​ក្នុង​សង្គម។ ពួក​គាត់​ទាំង​នោះ ចង់​បាន​អ្វី​ដែល​ល្អ មាន​គុណភាព  ដូច្នេះ យើង​ព្យាយាម​អត់ធ្មត់​នូវ​អ្វីៗ​គ្រប់​បែប​យ៉ាង ដូច្នេះ យើង​ត្រូវមាន​ភាព​វៃឆ្លាត ធ្វើការ​ឲ្យ​រហ័ស ធ្វើ​ឲ្យ​បាន​ទៅ​តាម​ការ​ត្រូវការ​របស់​អតិថិជន​របស់​យើង។ នោះ​យើង​នឹង​ឈ្នះ​ការ​ប្រកួត​ប្រជែង​ហើយ។

លោក ចេង ខេង បាន​ប្រកាន់​ខ្ជាប់​​គោលការណ៍​ដែល​ធ្វើ​លោក​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​អចលន​ទ្រព្យ ជាង​២០​ឆ្នាំ​កន្លង​មក​នេះ ដោយ​បាន​រៀបរាប់​ថា លោក​បាន​សាកល្បង​រូបមន្ត​រកស៊ី​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ជា​ច្រើន​នៅ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ។

ទីស្នាក់ការកណ្ដាល​របស់​ក្រុមហ៊ុន CPL (រូបភាព៖ http://www.cplagent.com)

ពី​មុន​មក លោក​ចាប់​ផ្តើម​រកស៊ី​នៅ​ក្នុង​វិស័យ​ដីធ្លី​នេះ គឺ​គ្មាន​ចេះដឹង​អ្វី​ទាំង​អស់ និយាយ​ជារួម គាត់​រៀន​បណ្តើរ ធ្វើការ​បណ្តើរ រៀន​ពី​កំហុស​មួយ​ទៅ​កំហុស​មួយ ពី​បទ​ពិសោធន៍​មួយ​ទៅ​បទ​ពិសោធន៍​មួយ ពី​អតិថិជន​ម្នាក់​ ទៅ​អតិថិជន​ម្នាក់ រហូត​ដល់​លោក​អាច​បង្កើត​គោ​លការណ៍ និង​ដាក់​ចេញ​ជា​រូបមន្ត​មួយ​ចំនួន ដូចជា ធ្វើ​ការងារ​ដោយ​ក្តី​ស្រលាញ់ ពេញ​ចិត្ត​នឹង​កិច្ច​ការងារ​នេះ ពិសេស ធ្វើការ​ដោយ​បេះដូង។

លោក​ថា ដើម្បី​បង្កើត​គោលដៅ​​សម្រេច​ជោគជ័យ ត្រូវ​បង្កើត​ផែនការ​ច្បាស់​លាស់ មុន​នឹង​ធ្វើ​អ្វីៗ ត្រូវ​សិក្សា​ពី​ទីតាំង​ឲ្យ​លម្អិត បើ​ចង់​បាន​លុយ យើង​ត្រូវ​ដាក់​ផែនការ​ជាក់​លាក់ ត្រូវ​យក​ឲ្យ​បាន​ប៉ុន្មាន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ? យើង​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិជន។ យើង​គិត​ពី​គុណភាព​បម្រើ​សេវាកម្ម​ឲ្យ​ល្អ និង​ប្រសិទ្ធ​ភាព​ការងារ យើង​កុំ​មើល​ឃើញ​លុយ​ជា​ធំ​ពេក។ យើង​ត្រូវ​រៀន​ពី​កំហុស​ខ្លួន​យើង ហើយ​ចេះ​ទទួល​ការ​រិះគន់​ពី​អតិថិជន​ដើម្បី​កែ​សម្រួល​ច្នៃ​ប្រឌិត ទើប​យើង​ទទួល​ជោគជ័យ។

ទ្រឹស្តី​របស់​ឧកញ៉ា ចេង ខេង ក្នុង​មុខ​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ បើ​និយាយ​ពី​ទ្រឹស្តី​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​អចលន​ទ្រព្យ​វិញ លោក ចេង ខេង ថា ត្រូវ​គិត​ឲ្យ​ធំ ធ្វើ​ឲ្យ​ល្អ​បំផុត ធ្វើ​ឲ្យ​អស់​លទ្ធភាព​ដែល​យើង​ចង់​បាន។ យើង​មិន​ត្រូវ​គិត​តូច ហើយ​ទៅ​ធ្វើ​កិច្ចការ​តូច យើង​នឹង​ទទួល​បាន​តូច​ទៅ​តាម​ហ្នឹង​ដែរ។

ធ្វើ​ការងារ​ដោយ​ក្តី​ស្រលាញ់ ពេញ​ចិត្ត​នឹង​កិច្ច​ការងារ​នេះ ពិសេស ធ្វើការ​ដោយ​បេះដូង
— ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន CPL

ប៉ុន្តែ បើ​សិន​ជា​យើង​គិត​ឲ្យ​បាន​ធំ ទោះ​បី​យើង​ធ្វើ​សម្រេច​បាន​១០​ភាគរយ ក៏​យើង​នៅតែ​ទទួល​លទ្ធផល​ធំ​ជាង​អ្នក​ដែល​គិត​តូច​ដែរ។ ទាំង​អស់​នេះ​ហើយ គឺ​ជា ​ទ្រឹស្តី​របស់​លោក ចេង ខេង តែង​តែ​ប្រកាន់​ខ្ជាប់​​ខ្លួន ដើម្បី​យក​មក​ធ្វើការ​អនុវត្ត​ប្រចាំ​ថ្ងៃ។ មិន​​មែន​​រកស៊ី​​គិត​​តែ​​ច្បាម​​យក​​មាន​​បាន​​តែ​​ឯង​​នោះ​ទេ លោក​តែងតែ​មាន​ការ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក និង​ចូលរួម​ជួយ​អភិវឌ្ឍ​សង្គម​និង​ប្រទេស​ជាតិ តាមរយៈ​ការ​បរិច្ចាគ​ធនធាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ជួយ​ដល់​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​រីក​ចម្រើន។ យើង​មិន​អាច​រីក​ចម្រើន​ជោគជ័យ​បាន​ទេ ប្រសិន​បើ ​ប្រទេស​យើង​​មិន​មាន​ស្ថិរភាព​នយោបាយ និង​ការ​រីក​ចម្រើន​ក្នុង​សង្គម​នោះ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ចាំបាច់ ត្រូវ​រួម​គ្នា​ជួយ អភិវឌ្ឍ​សង្គម​របស់​យើង​ឲ្យ​មាន​ការ​រីក​ចម្រើន។

អនុសាសន៍​របស់​លោក​ឧកញ៉ា​​​ចំពោះ​អ្នក​ដែល​ចង់​​ទិញ​​ដីធ្លីផ្ទះ​​សម្បែង​ដើម្បី​ចំណេញ

ជាចុង​ក្រោយ លោក​ឧកញ៉ា​សូម​ផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ដែល​កំពុង​ស្វែងរក​ទិញ​ដី​ធ្លី​ផ្ទះ​សម្បែង​ថា បើ​សិន​ជា​យើង​ចង់​ទិញ​អចលន​ទ្រព្យ​មួយ​ឲ្យ​បាន​ល្អ បាន​ចំណេញ យើង​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ច្បាស់ ថាតើ​អចលន​ទ្រព្យ​នោះ មាន​បញ្ហា​អ្វី​ខ្លះ? កំពុង​មាន​ជម្លោះ​អត់? មាន​ប្លង់​កម្មសិទ្ធិ​កាន់​​អចលន​ទ្រព្យ​ត្រឹមត្រូវ​ដែរ ឬ​ទេ? យើង​ត្រូវ​ប្រមើល​ថា ទៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ តើ​តំបន់​នេះ ឬ​តំបន់​នោះ មាន​ការ​រីក​ចម្រើន និង​អភិវឌ្ឍ ដែរ ឬទេ?

ម្យ៉ាង​វិញ​ទៀត ត្រូវ​ចេះ​មើល​ទីតាំង​តំបន់​នោះ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា ផ្លូវ ប្រព័ន្ធ​ទឹក​ភ្លើង​ដែរ ឬទេ? យើង​មិន​ត្រូវ​ទិញ​ដី​ធ្លី​ទៅ​តាម​នឹក​ឃើញ​បាន​ទេ? បើ​យើង​ចេះ​មើល​ចំណុច​ល្អ និង​ខ្វះខាត​ទាំង​​អស់​នេះ​បាន នោះ​នឹង​ធ្វើ​ឲ្យ​យើង​ទិញ​ទៅ មិន​ខាត​បង់ និង​ទទួល​បាន​ប្រាក់​ចំណេញ​មហាសាល។

ប្រវត្តិ​សង្ខេប ឧកញ៉ា ចេង ខេង

លោក​ឧកញ៉ា ចេង ខេង កើត​នៅ​ក្នុង​គ្រួសារ​ត្រកូល​កសិករ​ក្រីក្រ ស្ថិត​នៅ​ក្នុង​ភូមិ​រលំាង​គ្រើល ឃុំ​រលាំង​គ្រើល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ លោក​បាន​ចាក​ចោល​ស្រុក​កំណើត​បន្ត​ការ​សិក្សា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សិក្សា​បណ្តើរ ធ្វើការ​បណ្តើរ​រហូត​បញ្ចប់​អនុបណ្ឌិត ផ្នែក​គ្រប់គ្រង។ ការងារ​ក្នុង​មុខ​ជំនួញ​ក៏​ជោគ​ជ័យ ការ​សិក្សា​ក៏​ជោគ​ជ័យ។ លោក​បាន​បើក​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​អចលន​ទ្រព្យ ស៊ីភីអិល លីមីតធីត ចាប់​តាំង​​ពី​ឆ្នាំ​១៩៩៧។ បច្ចុប្បន្ន ក្រុមហ៊ុន​លោក​មាន​បុគ្គលិក​ចំនួន ១០០​នាក់។ លោក​ឧកញ៉ា ចេង ខេង ទទួល​បាន​គ្រឿង​ឥស្សរិយយស មេដាយមាស និង​សំរិទ្ធ ជា​ច្រើន ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ។ លោក​ឧកញ៉ា បាន​រៀបការ​និង​​មាន​កូន​បី​នាក់ ប្រុស​ពីរ​នាក់ ស្រី​១​នាក់៕




អត្ថបទបន្ទាប់


ជន​បរទេស​៣​រូប​ដែល​ជួយ​ខ្មែរ​លេច​ធ្លោ​ជាង​គេ

ព័ត៌មាន
លោកអ្នក​នាង​ខ្លះ​ប្រាកដ​ជា​បាន​​ដឹង​ឮ​តាម​រយៈ​ការ​អាន​ព័ត៌មាន ឬ​ការ​ផ្សព្វផ្សាយ​ផ្សេងៗ អំពី​ភាព​ល្បីល្បាញ​របស់​ជន​បរទេស​មួយ​ចំនួន ដ...

មហាសេដ្ឋី​ទីបី​របស់​ចិន តាម​ពិត​ពី​មុន​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ឲ្យ​គេ​តាម​ផ្ទះ

ព័ត៌មាន
បុរស​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​ទីបី​ នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​មហាសេដ្ឋី វ៉ាង ជៀនលីន (Wang Jianlin) និង​​មហាសេដ្ឋ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ