ប្រធានអាស៊ានជំរុញឲ្យយកចិត្តទុកអំពីហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយក្នុងតំបន់

ប្រធានអាស៊ានកំពុងជំរុញឲ្យសមាគមនេះយកចិត្តទុកដាក់អំពីហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយក្នុងតំបន់


ឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន និងជាប្រទេសដែលមានទីផ្សារធំជាងគេនៅក្នុងតំបន់ កំពុងតែជំរុញឲ្យសមភាគីនៃរដ្ឋជាសមាជិកសមាគម យកចិត្តទុកដាក់លើការអនុវត្តយុទ្ធសាស្ត្រហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងធានារ៉ាប់រង។ ការសិក្សាមួយបានរកឃើញថា ជាមធ្យម តំបន់អាស៊ានតែងតែមានហានិភ័យគ្រោះមហន្តរាយផ្សេងៗ ដែលមានតម្លៃរហូតដល់ទៅជាង ៤ ពាន់លានដុល្លារ ។
ឥណ្ឌូនេស៊ី ជំរុញឲ្យអាស៊ានយកចិត្តទុកដាក់ចំពោះហិរញ្ញប្បទានទាក់ទងនឹងហានិភ័យគ្រោះមហន្តរាយ

អ្នកជំនាញការរបស់ក្រសួងហិរញ្ញវត្ថុ ក៏ដូចជាធនាគារកណ្តាលនៃបណ្តាប្រទេសរដ្ឋសមាជិកអាស៊ានបានបើកការពិភាក្សាកាលពីថ្ងៃច័ន្ទ នៅទីក្រុង ចូកយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងសេវាកម្មធានារ៉ាប់រងនៅក្នុងតំបន់ ស្របពេលដែលគេដឹងថា តំបន់នេះតែងតែមានហានិភ័យគ្រោះមហន្តរាយធម្មជាតិសឹងតែរាល់ឆ្នាំ ។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Antara បានឲ្យដឹងថា អ្នកជំនាញហិរញ្ញវត្ថុនិងធនាគាររបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានលើកទឹកចិត្តឲ្យពិភាក្សានិងចែករំលែកមេរៀនសំខាន់ៗស្តីពីបញ្ហានេះ ព្រោះអាស៊ានជាតំបន់ងាយរងគ្រោះបំផុតក្នុងពិភពលោក ។

លោកបណ្ឌិត ប៉ា ជីយូណូ (Parjiono) អ្នកជំនាញនៃក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានអះអាងថាឥណ្ឌូណេស៊ីកំពុងនាំមុខគេក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងកម្មវិធីឥណទានហានិភ័យគ្រោះមហន្តរាយ និងសេវាកម្មធានារ៉ាប់រង ។

លោកបានអះអាងថា ដើម្បីវិបុលភាពរបស់ប្រទេសនិងតំបន់ ឥណ្ឌូនេស៊ីបានផ្តួចផ្តើមឲ្យមាន យុទ្ធសាស្ត្រហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងសេវាកម្មធានារ៉ាប់រង តាំងពីឆ្នាំ២០១៨។

លោកបានបន្តថា ទោះបីជាយុទ្ធសាស្រ្តនេះបង្កើតនៅឆ្នាំ២០១៨ ក៏ដោយ ប៉ុន្តែឥណ្ឌូនេស៊ីធ្លាប់បានអនុវត្តកម្មវិធីឥណទាននេះតាំងពីឆ្នាំ២០០៦ នៅពេលដែលទីក្រុង ចូកយ៉ាកាតា បានរងគ្រោះរញ្ជួយដី ដែលនាំឲ្យឥណ្ឌូនេស៊ីខាតបង់អស់ដល់ទៅជិត ២ ពាន់លានដុល្លារ ។

លោកបានបន្តថា ផ្អែកលើទិដ្ឋភាពនេះហើយ ទើបឥណ្ឌូនេស៊ីដាក់ចេញនូវយុទ្ធសាស្រ្តហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងសេវាកម្មធានារ៉ាប់រង ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ តាមឯកសារមួយរបស់ធនាគារពិភពលោកបានបង្ហាញថា នៅក្នុងមួយឆ្នាំ តំបន់អាស៊ានអាចនឹងប្រឈមមុខនឹងគ្រោះមហន្តរាយតម្លៃសរុបលើសពី៤ពាន់៤រយលានដុល្លារ ។

ប្រភពដដែលបានអះអាងថា តាំងពីឆ្នាំ២០០០មក ប្រជាជននៅអាស៊ានប្រមាណជាជាង១រយ លាននាក់ បានរងគ្រោះដោយសារតែគ្រោះមហន្តរាយនានានៅក្នុងតំបន់។ ដូច្នេះ គេសន្និដ្ឋានថា យុទ្ធសាស្រ្តហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងសេវាកម្មធានារ៉ាប់រង នឹងអាចជួយប្រជាជាតិនៅក្នុងតំបន់ឱ្យបន្សាំ ក៏ដូចជាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិបានប្រសើរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មានហេតុផលអ្វីខ្លះធ្វើឲ្យ ក្រុមហ៊ុនសារជីវកម្មជប៉ុនបានក្ស័យធនច្រើនបំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ក្រុមហ៊ុនស្រាវជ្រាវឥណទានបានបង្ហាញកាលពីថ្ងៃចន្ទថា ចំនួនក្ស័យធនរបស់ក្រុមហ៊ុនសាជីវកម្មនៅប្រទេសជប៉ុនអំឡុង៦ខែដំបូងនៃឆ្នាំ២០២៣នេះ បានកើនឡើងជា…

ក្រុមអ្នកវិភាគថា របបរាជានិយមថៃអាចមានឥទ្ធិពលលើការប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ហើយអាចនាំឱ្យនយោបាយថៃជាប់គាំង

ព័ត៌មាន
តួនាទីរបបរាជានិយមក្នុងប្រទេសថៃជាចំណុចស្នូលដែលអាចនាំឱ្យមានភាពជាប់គាំងផ្នែកនយោបាយក្នុងប្រទេសថៃនាពេលខាងមុខ ហើយបណ្ដាលឱ្យប្រទេសនេះ ធ្លាក់ចូល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ