​ទីផ្សារ​អចលនទ្រព្យ​ក្រុងព្រះសីហនុ-អត្ថបទនេះ បានធ្វើបច្ចុប្បន្នភាពនៅម៉ោង​ ២៖៣០នាទី ថ្ងៃទី២២តុលា

ម្ចាស់អគារជួលក្នុងក្រុងព្រះសីហនុ «ជួបទុក្ខធំ» ព្រោះខ្សត់ភ្ញៀវ និងតម្លៃជួលដាំក្បាលចុះ


បន្ទាប់ពីមាន​សន្ទុះ​កំណើន​យ៉ាងគំហុក ដោយសារតែមានលំហូរនៃវិនិយោគិន ចូលមករកស៊ី និងស្នាក់នៅខេត្តព្រះសីហនុ ឥឡូវនេះ ទីផ្សារ​អចលនទ្រព្យ​ក្នុងខេត្ត​ជាប់សមុទ្រ​មួយនេះ បាននិងកំពុង​បង្ហាញ​ពីការធ្លាក់ចុះ​ខ្លាំង។ ពិសេសគឺអ្នកមានផ្ទះជួល ឬអគារជួលបាននិងកំពុងចាប់ផ្ដើមរងទុក្ខ ជាបណ្ដើរៗ ដោយសារតែតម្លៃជួលធ្លាក់ចុះ និងលែងមានភ្ញៀវចិនជួលច្រើនដូចមុនទៀត។ ម្ចាស់អគារជួលខ្លះ អះអាងថា ផ្ទះពួកគេគាត់ដែលធ្លាប់ជួលបានជាង ១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ ក្នុងមួយខែ ឥឡូវនៅជួលបានត្រឹមតែប្រមាណ ៥.០០០ ដុល្លារប៉ុណ្ណោះ។
រង្វង់មូលតោពីរ ក្នុងក្រុង​ព្រះសីហនុ (រូបភាព៖ ហេង ភារម្យ)

ការ​សម្រុកចាកចេញ​របស់​ភ្ញៀវ​ជនជាតិចិន និងបាន​ធ្វើ​ឲ្យ​សភាពការណ៍​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ហាក់ស្ងប់ស្ងាត់​ខុសធម្មតានេះ ត្រូវបាន​គេមើលឃើញថា គឺធ្វើឡើង​បន្ទាប់ពីរាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឈប់ផ្ដល់អាជ្ញាបណ្ណ​ដល់​អាជីវកម្ម​ល្បែងភ្នាល់តាម​អនឡាញ​តទៅទៀត។

ម្ចាស់អគារជួល​ម្នាក់បាន​អះអាង​ប្រាប់ ដោយស្នើសុំ​មិនបញ្ចេញឈ្មោះថា កាលពីពេល​ដែលអគារ​របស់គាត់​កំពុង​ស្ថិតក្នុងការសាងសង់​មាន​​ភ្ញៀវចិន មកចរចា​ចង់ជួល​ម្ដងជាពីរដង ដោយឲ្យតម្លៃ ដល់រាប់ម៉ឺនដុល្លារអាមេរិក​ក្នុង​មួយខែ តែឥឡូវ ដាក់ជួលតែ៥.០០០ ដុល្លារ មិនមាន​អ្នកជួលផង។

ម្ចាស់ផ្ទះជួល បានលើកឡើងយ៉ាងដូច្នេះ «កាលពី អគារយើង​មិនទាន់សង់ហើយ មានចិន​មកចរចាជួល ដោយឲ្យមួយខែ ២៥.០០០ ទៅ២៦.០០០ ដុល្លារដែរ តែ​​ពេលនោះ ខ្ញុំ​មិនបាន​ជួលឲ្យទេ ដោយសារតែ​អគារមិនទាន់​ធ្វើហើយត្រឹមត្រូវ។ តែមកដល់ឥឡូវនេះ អគារយើង​ធ្វើហើយរួចរាល់​បែរជាត្រូវ​ចំពេល​ដែល​ជនជាតិចិន នាំគ្នា​សម្រុក​ចាកចេញ​ពីខេត្តព្រះសីហនុ​ ធ្វើឲ្យអគារយើង​ដែលសង់​អស់លុយ​រាប់​សិបម៉ឺនដុល្លារ ដាក់តម្លៃជួល​តែ៥.០០០ ដុល្លារ មិនមានអ្នកណាជួលផង។ បើអត់អ្នកជួល អញ្ចឹងអគារហ្នឹង​មិនខុសពីដុំថ្មទេ»។  

ម្ចាស់​អគារ​ជួលរូបនេះ បានបញ្ជាក់ទៀតថា មកទល់នឹងពេលនេះ ខេត្តព្រះសីហនុ​ហាក់ស្ងប់ស្ងាត់​ខ្លាំងណាស់​​ បន្ទាប់ពីមាន​ជនជាតិចិន​នាំគ្នា​ចាកចេញ​ជាបន្តបន្ទាប់។

អ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យ អះអាងថា ក្នុងកាលៈទេសៈនេះ អ្នកដែលប្រើប្រាស់​កម្ចី​ពីធនាគារ​ដើម្បីយកមក​សង់អគារ​ជួល នឹងសង្ឃឹម​កម្រៃពីការជួល​ដើម្បី​សងត្រឡប់​ការប្រាក់ទៅកាន់​ធនាគារវិញ ដោយមិនមាន​ដើមទុន​ផ្ទាល់ខ្លួន គឺអាចនឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ។

ម្ចាស់ផ្ទះជួល​ម្នាក់ទៀត ដែលបាន​រៀបរាប់​ដោយស្នើសុំ​មិនបញ្ចេញឈ្មោះដែរនោះ បាន​ឲ្យដឹងថា លោកមានផ្ទះជួល​ចំនួន ២កន្លែង ដោយមួយនៅផ្លូវក្នុង និងមួយទៀត នៅជាប់ផ្លូវធំ សម្រាប់បច្ចុប្បន្ននេះ ការជួល​ផ្ទះ​នៅផ្លូវក្នុង គឺមានសភាពស្ងាត់ ដោយសារតែ​ជនជាតិចិន រើចេញ​អស់ហើយ តែសម្រាប់​ផ្ទះ​នៅជាប់ផ្លូវធំវិញ នៅមានភ្ញៀវជួលខ្លះៗ ដោយសារតែ​កាលនោះ មានកុងត្រាជួល​ក្នុងតម្លៃ​ទាប។

លោកបន្ថែមថា ក្រោយពេល​ចិន​ចាកចេញ មិនមែន​តែ​របរផ្ទះជួល​ត្រូវរងការប៉ះពាល់ទេ សម្រាប់​អ្នករកស៊ី​របស់ជួលឡាន ឲ្យចិន ក៏ជួបបញ្ហាដែរ។ 

លោក សៀង ភក្ដី នាយកក្រុមហ៊ុនភ្នាក់ងារ​​អចលនទ្រព្យ​ នៅខេត្តព្រះសីហនុឈ្មោះ Research Real Estate បាន​ប្រាប់ឲ្យដឹងថា វាជារឿងពិត ដែល​ទីផ្សារ​អចលនទ្រព្យ​នៅក្នុងខេត្តព្រះសីហនុ កំពុង​មានការធ្លាក់ថ្លៃ យ៉ាងខ្លាំង។

លោកភក្ដី និយាយថា «និយាយរឿងទីផ្សារជួល គឺធ្លាក់ខ្លាំង ដូចផ្ទះមួយកន្លែងនោះ ដែលមាន​១៣បន្ទប់ ធ្លាប់ជួលបាន ៧.៥០០ ដុល្លារក្នុងមួយខែ ឥឡូវ​នៅអាចជួលបាន​តែ​៣.០០០ ដុល្លារអាមេរិក ប៉ុណ្ណោះ​ក្នុងមួយខែ»។

លោក សៀង ភក្ដី បាន​គូសបញ្ជាក់ថា បើតាមការពិនិត្យ​របស់លោក ជាទូទៅ តម្លៃទីផ្សារ​ជួល​អចលនទ្រព្យ​នៅខេត្តព្រះសីហនុ មានការធ្លាក់ចុះ​ប្រមាណ ជាង ៥០%។ លោកបន្តថា ស្របពេល​ដែលតម្លៃជួល​ធ្លាក់ចុះ ម្ចាស់ផ្ទះជួល ក៏កាន់តែ​លំបាក​ក្នុងការរក​ភ្ញៀវជួលផងដែរ ព្រោះតែភ្ញៀវចិន ដែលធ្លាប់តែមក​ជួលបន្ទប់ៗ​ស្នាក់នៅ​យ៉ាងគគ្រឹកគគ្រេង​នោះ បាន​ចាកចេញ​ទៅវិញ​ជាបន្តបន្ទាប់។ 

អ្នកជំនាញ​អចលនទ្រព្យ​រូបនេះ បន្តទៀតថា សម្រាប់​ចរន្ដ​ទិញលក់វិញ គឺហាក់មានសភាព​ស្ងាត់ឈឹង​តែម្ដង ដោយសារតែ​ម្ចាស់​អចលនទ្រព្យ មិនបាន​បញ្ចេញលក់​អចលនទ្រព្យរបស់​ខ្លួននោះទេ ខណៈដែលអ្នកទិញ ក៏មិនមាន​តម្រូវការដែរ ដោយម្នាក់ៗ​រង់ចាំមើល​សភាពការណ៍​សិន។  

លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ រៀល អេស្ទេត ធ្លាប់បាន​បញ្ជាក់នាពេល​ថ្មីៗនេះ​ដែរថា ទីផ្សារអចលនទ្រព្យ នៅខេត្តព្រះសីហនុ​បច្ចុប្បន្ន​ ចាប់ផ្តើមធ្លាក់ចុះជា​​បណ្តើរៗហើយ ចាប់តាំង​ពី​អំឡុងពាក់កណ្តាល​ឆ្នាំ២០១៩ នេះ បន្ទាប់ពី​មានការចាកចេញ​របស់​ជនជាតិចិន។ ការចាកចេញ​របស់ចិន ក្រោយពីមាន​ការបញ្ឈប់​ផ្ដល់អាជ្ញាបណ្ណ​ល្បែងភ្នាល់តាមអនឡាញ ពីសំណាក់​រាជរដ្ឋាភិបាល​នេះ ត្រូវបាន​លោក គីម ហ៊ាង អះអាងថា មិនមែន​ត្រឹមតែប៉ះពាល់​ដល់ខេត្តព្រះសីហនុតែ​មួយនោះទេ តែនៅតាមបណ្ដាខេត្ត​ជាប់ព្រំដែនផ្សេងទៀត ដូចជាព្រំដែនបាវិត ប៉ោយប៉ែត និងរួមទាំងរាជធានីភ្នំពេញ​ផង ក៏មានតម្លៃអចលនទ្រព្យ​ធ្លាក់ថ្លៃ ទៅតាម​គ្នាដែរ។ 

ខេមបូណូមីស​មិនអាច​ទាក់ទង​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម គួច ចំរើន បានទេថ្ងៃនេះ ប៉ុន្តែកាលពី​ខែសីហា កន្លងទៅថ្មីៗនេះ ក្នុងជំនួប​ជាមួយមន្ត្រីស្ថានទូត​ចិន ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានអះអាងថា បើទោះបីជាមាន​ការបិទ​អាជីវកម្ម​ល្បែង​តាមអនឡាញ​ដែលបាន​ធ្វើឲ្យប៉ះពាល់​រយៈពេលខ្លី​ដល់សេដ្ឋកិច្ច​ក្នុងខេត្ត​ទាំងមូល ទាំងផ្នែក​អចលនទ្រព្យ ទាំងការងារ អាជីវកម្មនេះ​អាចនិយាយថា ជាសេដ្ឋកិច្ច​ពពុះសាប៊ូ និងគ្មានសុចរិតភាព ព្រមទាំងបង្ក​ឲ្យមានបញ្ហា​ជាច្រើន។ឯកឧត្តមបាន​លើកឡើងថា លោក និង ភាគីចិន​នឹងរៀបចំទាក់ទាញ​វិនិយោគិន​ថ្មីៗមកពីប្រទេស​ចិនមកកាន់​ខេត្ត​ព្រះសីហនុ ដើម្បីជួយគាំទ្រ​នូវការវិនិយោគ​ក្នុងវិស័យផ្សេងៗ​ទៀត ដើម្បីធ្វើឲ្យមាន​និរន្តរភាព​ការងារ​មានឡើងវិញ។

ឯកឧត្តម គួច ចំរើន បន្តថា គម្រោងសំណង់​ភាគច្រើន​ក្នុងខេត្ត​ព្រះសីហនុ​ពេលនេះ ត្រូវបានផ្អាក ដែលនេះ​អាចនិយាយថា ជាវិបត្តិមួយ​ក្នុងខេត្ត។

សូមជម្រាប​ផងដែរថា វិស័យសំណង់ វិស័យការងារ និង អាជីវកម្មផ្សេងៗ នៅខេត្តព្រះសីហនុ​បានចាប់ផ្តើម​រងផលប៉ះពាល់​បន្ទាប់ពីរាជ​រដ្ឋាភិបាលដាក់ចេញ​វិធានការ​ត្រួតពិនិត្យ​គុណភាព និងស្តង់ដារ​សំណង់ក្រោយពី​មានការបាក់​រលំអគារ​កម្ពស់ ៧ ជាន់ដែលបណ្តាល​ឲ្យកម្មករស្លាប់ និងរបួសជាច្រើននាក់ ខណៈថ្មីៗនេះ​ទៀតសោត​អាជ្ញាធរ ក៏បានបិទអាជីវកម្ម​ល្បែង​អនឡាញ​​ ដែលវាបាន​ជះឥទ្ធិពល​ដល់វិស័យ​​អចលនទ្រព្យ​ក្នុងខេត្តនេះ។

យ៉ាងណាក៏ដោយចុះ ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក គា បូរាណ បានអះអាងថា​ ជុំវិញ​នឹង​ការលើកឡើង​ពីបញ្ហា​នៅខេត្តព្រះសីហនុនេះ សម្រាប់​វិស័យមីក្រូហិរញ្ញវត្ថុ រហូតមកដល់ពេលនេះ លោកពុំទាន់ទទួល​បានព័ត៌មាន ឬជាការបារម្ភ​ណាមួយ​ពីសមាជិកសមាគម​​នៅឡើយទេ។

របាយការណ៍​ពីក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យដឹងថា បើគិត​ចាប់ពីឆ្នាំ២០១៦ មកទល់នឹង​ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុ ទទួលបាន​ទុនវិនិយោគ​ពីប្រទេសចិន​ប្រមាណ ២ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង​៨,៩% នៃទុនវិនិយោគសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ត្រូវ​ទិញ​ឡាន ៤៥៥​គ្រឿង សម្រាប់​ការ​ប្រជុំ​អាស៊ី-អឺរ៉ុប​ ឆ្នាំក្រោយ

ព័ត៌មាន
នាយក​រដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា​នេះ ថា កម្ពុជា​ត្រូវ​ទិញ​ឡាន​ចំនួន ៤៥៥​គ្រឿង ដើម្បី​បម្រើ​…

ពលរដ្ឋសាទរ នឹងការដកហូតសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៊ិនទ្រី និងសង្ឃឹមថា ក្រុមហ៊ុនថ្មីមានសមត្ថភាព និងទំនួលខុសត្រូវជាងមុន

ព័ត៌មាន
ប្រជាពលរដ្ឋ បានបង្ហាញពី ការគាំទ្រ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចដកហូតសិទ្ធិប្រតិបត្តិការប្រមូលសំរាមពីក្រុមហ៊ុន ស៊ិនទ្រី និងផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ