Advertisement
ភូមិ​ផ្កា​ត្រកួន

លោក ឌិន សុមេធារិទ្ធ គ្រោង​បង្កើត«ភូមិផ្កាត្រកួន»​នៅជុំវិញជាយក្រុងភ្នំពេញ


លោក ឌិន សុមេធារិទ្ធ ម្ចាស់​គម្រោង​ភូមិ​ផ្កា​ត្រកួន នៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល ចម្ងាយ​ប្រហែល​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ ដែល​កំពុង​កន្ត្រាក់​អារម្មណ៍​មហាជន​ភ្លូក​ទឹក​ភ្លូក​ដី បាន​ផ្តល់​បទ​សម្ភាស​ជូន​សារព័ត៌មាន ខេមបូណូមីស ថា គម្រោង​ភូមិ​ផ្កា​ត្រកួន បាន​ទទួល​ការ​គាំទ្រ​ពី​អតិថិជន ដោយសារ​វា​ជា​គំរូ​នៃ​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​បែប​ធម្មជាតិ ដែល​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​គ្រប់​គ្រាន់ និង​មាន​សេវា​ជាច្រើន ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ការ​រស់នៅ។
រូបភាព​គំរូ​នៃ​គម្រោង​«ភូមិ​ផ្កា​ត្រកួន» ដែល​គ្រោង​កសាង​នៅ​ស្រុក​ស្អាត ខេត្តកណ្ដាល។
ដោយ
Advertisement

លោក​ ឌិន សុមេធារិទ្ធ បញ្ជាក់​​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ដាក់​ឈ្មោះ​ថា ភូមិ​ផ្កា​ត្រកួន ដោយសារ នៅទី​នេះ សម្បូរ​បន្លែ​ត្រកួន​ដែល​ផ្កា​វា​រីក​ព្រោង​ព្រាត។ គម្រោង​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ដំបូង​គេ​នៅ​កម្ពុជា ហើយ​ខ្ញុំ​ចង់​ពង្រីក​គម្រោង​បែប​នេះ​នៅ​ថ្ងៃ​អនាគត ឲ្យ​បាន​ច្រើន​នៅ​ជុំវិញ​ជាយ​ក្រុង​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ភ្នំពេញ»។  

លក្ខណៈ​​ពិសេស​​របស់​ភូមិ​ផ្កា​ត្រកួន ត្រូវ​បាន​ស្ថាបនិក​គម្រោង​ខាង​លើ អះអាង​ថា បាន​រៀបចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​បាន​ជួល​អ្នក​រចនា​ជំនាញ (Designer) អស់​ទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ភូមិ​ផ្កា​ត្រកួន​នេះ ឲ្យ​មាន​ស្តង់ដារ​ក្នុង​ការ​រស់នៅ​បែប​ធម្មជាតិ ដោយ​ក្នុង​នោះ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា ផ្លូវ ទឹក និង​ភ្លើង​គ្រប់គ្រាន់ មាន​ផ្ទះ​លក្ខណៈ​បែប​ខ្មែរ សួន​ច្បារ​ដ៏​ធំ​នៅ​ជុំវិញ​បឹង​ធម្មជាតិ រមណីយដ្ឋាន ភោជនីយដ្ឋាន មន្ទីរពេទ្យ សាលារៀន ផ្សារ​លក់​បន្លែ​ធម្មជាតិ ផ្សារ​ចុង​សប្តាហ៍ អាង​ហែល​ទឹក កន្លែង​សម្ដែង​សៀក កន្លែង​បោះតង់ កន្លែង​ប្រជុំ កន្លែង​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍ កន្លែង​ប្រតិបត្តិ​សាសនា កន្លែង​ជិះកង់ កន្លែង​ជិះ​ខ្សែ​កាប និង​កន្លែង​ទស្សនា​សត្វ​កុក ព្រមទាំង​មាន​ទីធ្លា​សម​ល្មម​អាច​ដាំ​បន្លែ​នៅ​តាម​ផ្ទះ​នីមួយៗ​បាន​ទៀត។

លោក ឌិន សុមេធារិទ្ធ ជា​ម្ចាស់​គម្រោង​វិនិយោគ​បង្កើត​ «ភូមិ​ផ្កា​ត្រកួន»។

លោក ឌិន សុមេធារិទ្ធ បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​បង្កើត​គម្រោង​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បង្កើត​គម្រោង​នេះ គឺ​ចង់​ធ្វើ​ជា​គម្រោង​មួយ​ដែល​ជា​គំរូ ថា អ្វី​ទៅ​ជា Park?។ គេ​ច្រើន​ច្រឡំ​ថា Park ជា Garden តែ Park ជា​សួន​ធំ​ណាស់។ យើង​ឃើញ​សួន​ច្បារ​នៅ​វិមាន​ឯករាជ្យ យើង​នាំ​គ្នា​ហៅ​ថា Park តាម​ពិត ជា Garden ទេ ព្រោះ វា​នៅ​តូច​ណាស់។ ខ្ញុំ​ដើរ​ទៅ​​ស្រុក​គេ​ច្រើន គម្រោង​ធម្មជាតិ​បែប​នេះ ខ្ញុំ​មើល​ឃើញ​នៅ​ប្រទេស​ថៃ​មាន​ច្រើន។ ចំណែក នៅ​ចក្រភព​អង់គ្លេស ជា​ប្រទេស​ដែល​សម្បូរ​សួន​ច្បារ​ធំៗ ដែល​គេ​បន្សល់​ទុក​មក​រាប់​រយ​ឆ្នាំ​មក​ហើយ…»។

លោក​បន្តថា៖ «មូលហេតុ​មួយ​ទៀត គឺ​ម្តាយ​ខ្ញុំ និង​កូន​ខ្ញុំ ពួកគេ​ចូលចិត្ត​សួន​ច្បារ​ខ្លាំង​ណាស់។ កូន​ខ្ញុំ ពេល​ចុង​សប្តាហ៍ វា​តែង​បបួល​ខ្ញុំ​ទៅ​ពិកនិច​ក្បែរ​ពេជ្រនិល ប៉ុន្តែ វា​ឆ្ងាយ​ពី​ក្រុង​ណាស់។ ដូច្នេះ​ទើប​ខ្ញុំ​បង្កើត​គម្រោង​នេះ​ឡើង​នៅ​ជាយ​ក្រុង​ភ្នំពេញ ព្រោះ បើ​កូន​ខ្ញុំ និង​ម្តាយ​ខ្ញុំ​ចូលចិត្ត​រស់នៅ​បែប​ហ្នឹង អ្នក​ផ្សេង​ទៀត ក៏​ចូលចិត្ត​បែប​ហ្នឹង​ដែរ»។

រូបភាព​គំរូ​នៃ​គម្រោង​ ភូមិ​ផ្កាត្រកួន

លោក ឌិន សុមេធារិទ្ធ ដែល​ជា​ស្ថាបត្យករ និង​ជា​អ្នក​ជំនួញ​ដ៏​លេច​ធ្លោ​ម្នាក់​ក្នុង​វិស័យ​សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច បាន​លម្អិត​ថា គម្រោង​ដែល​មាន​ផ្ទៃដី​ជាង ១៤​ហិកតា​នេះ លោក​កំពុង​ពុះ​ដីឡូតិ៍​ទំហំ​ជាង ៤០០​ម៉ែត្រ​ក្នុង​មួយ​ឡូតិ៍​លក់​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​ក្នុង​តម្លៃ​ជាង ៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​គ្រោង​សាងសង់​គម្រោង​នេះ នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ព្រមទាំង​សាងសង់​សំណង់​សំខាន់ៗ​ក្នុង​គម្រោង​នេះ​ឲ្យ​ហើយ​នៅ​ចុង​ឆ្នាំ​២០១៨។

លោក​បន្ថែម​ថា បច្ចុប្បន្ន ដី​ជាង​១៤​ហិកតា​នៅ​ឃុំ​ប្រទាល ស្រុក​ស្អាង គឺ​ជា​ដី​ចម្ការ​ស្វាយ និង​បឹង​ធម្មជាតិ ដែល​ជា​កម្មសិទ្ធិ​របស់​លោក ប៉ុន្តែ ការដ្ឋាន​សាងសង់​នឹង​ចាប់​ផ្តើម​នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ។ 

គម្រោង​របស់​លោក ត្រូវ​បាន​អតិថិជន​ទូទៅ និង​អ្នក​មាន​មុខ​មាន​មាត់​មួយ​ចំនួន​ក្នុង​សង្គម គាំទ្រ​និង​បង់​ប្រាក់​ទិញ​ដីឡូតិ៍ ព្រោះ គេ​ទុក​ចិត្ត​លើ​លោក បើ​ទោះ​បី​ការដ្ឋាន​សាងសង់​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ក៏​ដោយ៕  

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​វៀតណាម​និង​កូរ៉េ​ខាង​ត្បូង នឹង​កើន​ដល់​១០០​ពាន់​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
គិត​ត្រឹម​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចូល​ជំនួស​តំណែង​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ប្រទេស...

គិត​ត្រឹម​ដាច់​ឆ្នាំ​២០១៧ តើ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ប៉ុន្មាន​ហើយ?

ព័ត៌មាន
ក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​របាយការណ៍​បំណុល​សាធារណៈ​​របស់​​ប្រទេស​កម្ពុជា កាល​ពី​ពេល​​ថ្មីៗ​នេះ​ថា បើ​គិត​ត្រឹម​ឆ្ន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ