Advertisement
អចលនទ្រព្យ-ខុនដូ

អគារខុនដូលំដាប់អន្តរជាតិកម្ពស់៤៣ជាន់ ដែលខ្ពស់ជាងគេនៅក្រុងព្រះសីហនុ បើកលក់ជាផ្លូវការ


អគារខុនដូ និងពាណិជ្ជកម្មលំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានកម្ពស់រហូត៤៣ជាន់ ស្មើ ១៤៦ម៉ែត្រ ខ្ពស់ជាងគេបង្អស់នៅក្នុងក្រុងព្រះសីហនុ ត្រូវបានសម្ភោធដាក់លក់ជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
នេះជាប្លង់អគារខុនដូ THE SEAGATE SUITE នៅក្រុងព្រះសីហនុ (រូបថត៖ រ៉ឹម ភារី)
ដោយ
Advertisement

លោកឧកញ៉ា អ៊ុក សុចិត្រ តំណាងម្ចាស់គម្រោងខុនដូ SEAGATE SUITE នៃក្រុមហ៊ុន KHCN Investment & Development Co.,Ltd និង ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ហឺហ្វី បានថ្លែងក្នុងពិធីសម្ភោធថា អគារខុនដូ និង ពាណិជ្ជកម្មដ៏ទំនើបនេះ មានផ្ទៃសំណង់ទំហំ ១០១,៧៩៧ ម៉ែត្រក្រឡា ស្ថិតនៅភូមិ៣ សង្កាត់៣ ឆ្នេរជ័យជម្នះ ខេត្តព្រះសីហនុ។

បើតាម លោក ឧកញ៉ា អ៊ុក សុចិត្រ អគារនេះ ត្រូវបានរចនាឡើងដ៏ល្អឥតខ្ចោះ ដោយរួមមាន៖ ភោជនីយដ្ឋាន សណ្ឋាគារលំដាប់ផ្កាយប្រាំ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបហាត់ប្រាណ អាងហែលទឹក ផ្សារទំនើប និងអាចចតឧទ្ធម្ភាគចក្រលើដំបូងអគារបានទៀតផង។

នេះជាប្លង់អគារខុនដូទំនើបរបស់គម្រោង THE SEAGATE SUITE (រូបថត៖ រ៉ឹម ភារី)

លោកឧកញ៉ាថ្លែងយ៉ាងដូច្នេះថា៖ «ការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពរវាង សមាគមមិត្តភាពកម្ពុជា-ចិន ហឺហ្វី ជាមួយអ្នកវិនិយោគចិន បាននឹងកំពុងបង្កើតនូវអគារខុនដូរ The SEAGATE SUITE កម្ពស់៤៣ ជាន់ ដែលអាចនិយាយបានថា ជាទីសម្គាល់ថ្មីនៃខេត្តព្រះសីហនុ»។

លោកបន្តថា៖ «យើងកត់សម្គាល់ឃើញថា ខេត្តព្រះសីហនុ គឺជាតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឲ្យមកកម្សាន្តជាហូរហែ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា មានគម្រោងសង់ផ្លូវហ៉ាយវេ ផ្លូវទឹក កំពង់ផែ ផ្លូវគោក ផ្លូវដែក និង ផ្លូវអាកាសជាដើម។ ទន្ទឹមគ្នានេះ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានគេស្គាល់ថា ជាសមាជិកពេញសិទ្ធិនៃក្លិបឆ្នេរស្អាតបំផុតនៅលើពិភពលោក នឹងត្រូវបានគេប្រសិទ្ធនាមឲ្យថា តារារះនៃទិសនិរតី»។

ទាក់ទងនឹងលក្ខណៈពិសេសនៃអគារនេះ លោក ធិន ប្រធានគ្រប់គ្រងគម្រោង The SEAGATE SUITE បានថ្លែងថា អគារទំនើបនេះ បានរចនាប្លង់យ៉ាងផ្ចិតផ្ចង់ ដែលបំពាក់ដោយប្រព័ន្ធវៃឆ្លាតរបស់បច្ចេកវិទ្យាចុងក្រោយ(Smart Home) បញ្ជាដោយទូរស័ព្ទដៃ លើម៉ាស៊ីនត្រជាក់ វាំងនន ទូរទស្សន៍ ឧបករណ៍តន្រ្តី ប្រព័ន្ធកុងតាក់អំពូលភ្លើង កាមេរ៉ា ម៉ាស៊ីនទឹកក្តៅ/ទឹកត្រជាក់ សោទ្វារ និងសម្ភារៈប្រណិតៗជាច្រើនទៀត ដែលរចនាឡើងមានភាពទាន់សម័យកម្រិតស្តង់ដាអន្តរជាតិ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការសិក្សាពីទីផ្សារអចលនទ្រព្យ និងស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅខេត្តព្រះសីហនុ បានឲ្យដឹងថា សម្រាប់អ្នកទិញទុកលក់វិញ អាចនឹងចំណេញរហូតដល់៣៥ភាគរយ បន្ទាប់ពីគម្រោងនេះបានចប់សព្វគ្រប់១០០ភាគរយ។ ចំណែក អ្នកទិញទុកជួល អាច​ទទួលបានភាគលាភរហូតដល់១១ភាគរយក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនក៏មានកម្មវិធីជួលត្រឡប់វិញដោយអ្នកវិនិយោគទទួលបាន១៦ភាគរយរយៈពេល២ឆ្នាំ»។

ដូចគ្នាដែរ លោក សៅ ភក្តី នាយកប្រតិបត្តិនៃក្រុមហ៊ុន ខេអេចស៊ីអិន អ៊ិនវេសមេន អេន ឌីវេឡុបមេន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង THE SEAGATE SUITE បានលើកឡើងថា គម្រោងនេះ បានចាប់ដៃគូជាមួយក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុនតំណាងលក់ HUTTONS CPL គឺជាក្រុមហ៊ុនដៃគូសហការរវាង HUTTONS Group ដែលមានភ្នាក់ងារលក់ ៣,២០០នាក់ និង ក្រុមហ៊ុន ស៊ីភីអិល កម្ពុជា ដែលមានភ្នាក់ងារលក់៨០នាក់ ហើយក្រុមហ៊ុនទាំងពីរនេះ មានប្រវត្តិជោគជ័យលើការលក់គម្រោងទាំងក្នុងស្រុក និងក្រៅស្រុក ដែលមានបណ្តាញលក់ ចំនួន​៦​ប្រទេស រួមមាន៖ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម។

លោកបន្តថា៖ «ក្រៅពីសហការជាមួយក្រុមហ៊ុនខាងលើ គម្រោងនេះ ក៏បានចាប់ដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ ដូចជា ក្រុមហ៊ុនសាង់សង់ CSCEC ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសចិន ដោយបច្ចុប្បន្ន បានបញ្ចប់គម្រោងចំនួន ៥,៦០០ នៅក្នុងប្រទេសចំនួន ១១៦ ទូទាំងពិភពលោក។ ក្រុមហ៊ុន Wyndham Hotel Group ដែលជាក្រុមហ៊ុនសណ្ឋាគារធំបំផុតនៅលើពិភពលោក របស់សហរដ្ឋអាមេរិក ដែលមានសណ្ឋាគារចំនួន៨,១០០ ស្ថិតនៅក្នុង៧៩ប្រទេស និងសហការជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនទៀត»៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិ​ពី​ក្រៅ​ប្រទេស​មួយ កំពុង​សិក្សា​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់ SME

ព័ត៌មាន
មូលនិធិ​របស់​ប្រទេស​ហូឡង់ បាន​និង​កំពុង​សិក្សា​ក្នុង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SME) នៅ​កម្ពុជា...

ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ផ្សារ​ម៉ាក្រូ​មាន​អតិថិជន​ជិត​១​ម៉ឺន​នាក់​សម្រុក​ចូល​ទៅ​ទិញ​ទំនិញ

ព័ត៌មាន
ថ្ងៃ​បើក​ទ្វារ​ដំបូង​​របស់​ផ្សារ​ម៉ាក្រូ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​​បាន​​សម្រុក​ចូល​ទិញ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ