នាយករដ្ឋមន្ត្រីសិង្ហបុរី

មេដឹកនាំសិង្ហបុរីព្រមាន អំពីការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនៅអាស៊ី


នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ស៊ាន ឡុង (Lee Hsien Loong) នៅថ្ងៃទី ២៦ឧសភានេះបានព្រមានចំៗឱ្យមានការប្រុងប្រយ័ត្នអំពី «ការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ» នៅតំបន់អាស៊ីប្រសិនបើប្រទេសនានាផ្ដោតតែលើសន្តិសុខជាតិរៀងៗខ្លួន ជាជាងស្ថិរភាពក្នុងតំបន់ព្រោះរដ្ឋាភិបាលនានាសម្លឹងឃើញតែការពង្រឹងសមត្ថភាពការពាររបស់ពួកគេប៉ុណ្ណោះ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានជប៉ុន Nikkei។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ស៊ាន ឡុង បានព្រមានចំៗឱ្យមានការប្រុងប្រយ័ត្នអំពី «ការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ» នៅតំបន់អាស៊ី

លោក Lee បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​សំខាន់​មួយ​នៅ​សន្និសីទ​ស្ដី​ពី​«​អនាគត​អាស៊ី (Future of Asia)»​របស់​កាសែត Nikkei នៅ​ទីក្រុង​តូ​ក្យូ​ថា នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង បញ្ហា​ដ៏​រសើប​មួយ​ចំនួន​កំពុង​ត្រូវ​បាន​គេ​លើក​ឡើងជា​សាធារណៈ​រួម​ទាំង​បញ្ហា​ថា​តើ ត្រូវ​អនុញ្ញាត​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ដាក់​ពង្រាយ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ទាំង​២​នេះ ឬ​ក៏​ថា​តើ​គួរតែ​បោះ​មួយ​ជំហាន​បន្ថែម​ទៀត​ឆ្ពោះទៅ​រក​ការ​កសាង​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​អាវុធ​បែប​នេះ​ឬ​យ៉ាងណា​។

លោក លី បាន​បន្ត​ថា ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​សំឡឹង​ឃើញ​តែ​សន្តិសុខ​ក្នុង​តំបន់ ងាក​ចេញពី​ទស្សនៈ​របស់​ប្រទេស​នីមួយ​ៗ​នោះ នៅ​ទីបំផុត​ពួក​គេ​ក៏​នឹង​អាច​មានការ​ប្រណាំង​សព្វាវុធ​គ្នា​ជា​មិន​ខាន ហើយ​លទ្ធផល​គឺ​មិន​អាច​ទាយ​បាន​នោះ​ទេ​»​។ ដូច្នេះ​ហើយ​ប្រទេស​មួយ​ចំនួន​ត្រូវ​តែ​ធ្វើការ​រួម​គ្នា​ដើម្បី​ពង្រឹង​សន្តិសុខ​សមូហភាព​របស់​ពួក​គេ​ផង​ដែរ​។

លោក Lee ក៏​បាន​លើក​ឡើង​ពី "​ទំនាក់ទំនង​ដ៏​លំបាក​" រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ផង​ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងនេះ​នៅ​តែ​បន្ត​ស្ថិត​នៅ​លើ​ផ្លូវ​ខ្វែងគំនិត​គ្នា​បែប​នេះ វា​នឹង​នាំ​ទៅ​រក​ការ​បែកបាក់​គ្នា​ថែម​ទៀត​នៃ​បច្ចេកវិទ្យា និង​ការ​បែកបាក់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ឬ​ក៏​អាច​បង្ក​ផលវិបាក ដែល​គេ​មិន​ចង់បាន​កាន់តែ​ខ្លាំង​ឡើង​ៗ​។

ដើម្បី​ជៀសវាង​ជម្លោះ លោក លី សៀន​ឡុ​ង បាន​កត់​សម្គាល់ថា សូ​ម្បី​តែ​ក្នុងអំឡុងពេល​សង្គ្រាមត្រជាក់ ក៏​មាន​បណ្តាញ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក និង​សហភាព​សូ​វៀត​ផង​ដែរ ហើយ​បណ្តាញ​បែប​នេះ​ចាំបាច់​ត្រូវ​ធ្វើការ​ដោះស្រាយ និង​បង្កើត​ឡើង​រវាង​សហរដ្ឋអាមេរិក និង​ចិន និង​រវាង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​ជម្លោះ​ជាមួយ​គ្នា​។

លោក Lee បាន​គូសបញ្ជាក់​ពី​ចំណុច​ប៉ះទង្គិច​គ្នា​មួយ​ចំនួន ដែល​បាន​កើតឡើង​នៅ​ក្នុង​តំបន់​អាស៊ី​ផ្ទាល់​។ លោក Lee បាន​និយាយ​ដោយ​សំដៅ​ទៅ​លើ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង​ថា ប្រទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនេះ​ត្រូវ​តែ​មាន​ស្មារតី ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ក្ដៅ​ដែល​ងាយ​នឹង​កើត​មាន​ជម្លោះ​ជាយថាហេតុ​។

ប្រសិនបើ​ចំណុចក្ដៅ​ទាំងនេះ​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ លោក លី បាន​ព្រមាន​ថា ការ​គណនា​មិន​ត្រឹមត្រូវ ឬ​ក៏​គ្រោះថ្នាក់​ណាមួយ​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ឡើង​ដែរ​។

លោក លី បាន​សង្កត់ធ្ងន់​ចុង​ក្រោយ​ថា ទោះជា​សហរដ្ឋអាមេរិក​និង​ចិន​មិន​ត្រូវ​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក៏​ដោយ ប្រទេស​ភាគច្រើន​មិន​ចង់​បង្ខំចិត្ត​ងាក​ទៅ​គាំទ្រ​ភាគី​ណាមួយ​ឡើយ​ព្រោះ​វា​នឹង​មិន​មាន​លទ្ធផល​ល្អ​នោះ​ទេ​ប្រសិនបើ​បណ្តា​ប្រទេស​នៅ​អាស៊ី​បែកបាក់​គ្នា​ជា​ពី ២ ក្រុម​ដោយ​មួយ​ក្រុម​ឈរ​នៅ​ខាង​អា​មេ​រិ​ក ហើយ​មួយ​ក្រុម​ទៀត​នៅ​ខាង​ចិន​មែន​នោះ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បានប្រមាណ ៧៤%ហើយ

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គិតមកទល់ពេនេះគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានការសាងសង់ប្រមាណ ៧៤% ខណៈដែលគម្រោងនេះ គ្រោ…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ៖ប្រទេសថៃនឹងគ្មានការគំរាមកំហែងពីបញ្ហាកង្វះខាតស្បៀងអាហារនោះទេ

ព័ត៌មាន
ទោះបីជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបណ្តាលឲ្យប្រទេសជាច្រើនព្រួយបារម្ភអំពីសន្តិសុខស្បៀងអាហារ ហើយព្រមទាំងហាមឃាត់ការនាំចេញនានា ដើម្បីធានាការផ្គត់ផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ