វិស័យ SME កម្ពុជា

អ្នកជំនាញ៖ វិស័យ​ SME នៅតែ​ខ្វះការ​លើក​ទឹកចិត្តពី​រដ្ឋ


វិស័យ​សហគ្រាស​ធុនតូច និងមធ្យម (SME) ត្រូវ​បានទទួល​ស្គាល់ថា ជាកម្លាំង​ស្នូល​ដ៏សំខាន់មួយ​ក្នុងការ​ជួយទ្រទ្រង់​ដល់ការ​លូតលាស់​ម៉ាក្រូសេដ្ឋកិច្ច​របស់ប្រទេស។ ប៉ុន្ដែ បច្ចុប្បន្ន ការលើក​ទឹកចិត្ត​ដល់​វិស័យ​នេះ ពីសំណាក់​រាជរដ្ឋា​ភិបាល ហាក់មិន​សូវជា​មានភាព​ពេញលេញ​នៅឡើយទេ​។ បើតាម​អ្នក​ជំនាញ បាន​លើក​ឡើង​ថា បើធៀប​ការលើក​ទឹកចិត្ត​រវាង​សហគ្រាស​ធុនតូច និងមធ្យមទូទៅ ជាមួយ​នឹងរោងចក្រ សហគ្រាស​ ​ដែលស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺមាន​​លក្ខណៈ​ខុសគ្នា​​ឆ្ងាយ​ណាស់។​
លោកឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភាពាណិជ្ជ​កម្មកម្ពុជា​ និង​ជា​តំណាង​ឲ្យវិស័យ​ឯកជន​នៅ​កម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភាពាណិជ្ជ​កម្មកម្ពុជា​ ដែលតំណាង​ឲ្យវិស័យ​ឯកជន បាន​លើក​ឡើងថា ​វិស័យ​សហគ្រាស​ធុនតូច និង​មធ្យម នៅ​ខ្វះការ​លើកទឹកចិត្ត​ពីរាជ​រដ្ឋាភិបាល ពោលគឺ​មិន​សូវមាន​ការផ្ដល់​ការអនុគ្រោះ​ពន្ធ​នោះទេ តែបែរ​ជាតម្រូវ​ឲ្យមាន​ការបង់​ពន្ធអាករ​ VAT ថែមទៀត។ ​

បើធៀប​នឹងការ​លើកទឹកចិត្ត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺមាន​ភាពខុស​គ្នា​ឆ្ងាយណាស់​។ ជាក់ស្ដែង​ រោងចក្រ​នៅតំបន់​សេដ្ឋកិច្ច​ពិសេសបាន​ទទួល​ការលើក​លែងពន្ធ​លើប្រាក់​ចំណេញ​រហូតដល់​៩ឆ្នាំ រួមជា​មួយនឹង​ការអនុ​គ្រោះ​ផ្សេងៗ​ទៀត ដូចជា​ការប្រើប្រាស់​សេវាច្រក​ចេញចូល​តែមួយ​ជាដើម ខណៈដែល​សហគ្រាស​ធុនតូច និងមធ្យម ដែលនៅ​ក្រៅតំបន់​សេដ្ឋកិច្ច​ពិសេស មិនមាន​ការអនុ​គ្រោះបែប​នេះនោះ​ទេ។ 

លោក​ឧកញ៉ា បានបន្ថែម​ទៀតថា​ ម្ចាស់​រោងចក្រ​នៅតំបន់​សេដ្ឋកិច្ច​ពិសេស​នេះទៀត​សោត ភាគច្រើន គឺជា​វិនិយោ​គិនបរទេស។ ដូច្នេះ ការលើកទឹកចិត្តផ្សេងៗ ផលចំណេញ​ភាគច្រើន ត្រូវបាន​ទៅអ្នក​វិនិយោគ​ទុនបរទេស។ ហេតុនេះ រដ្ឋាភិបាល​គួរតែ គិតគូរ​លើកទឹកចិត្ត​ដល់ម្ចាស់​សហគ្រាស​ក្នុងស្រុក ដើម្បីជំរុញ​ឲ្យមានការ​វិនិយោគ​ក្នុងស្រុក​កាន់តែ​មានច្រើន​ឡើង​ថែមទៀត។​

យ៉ាងណា​ក៏ដោយ លោកឧកញ៉ា លឹម ហេង សាទរចំពោះ​ការប្រកាស​របស់​ប្រមុខរាជ​រដ្ឋាភិបាល​កាលពីពេល​ថ្មីៗ​នេះ ក្នុងការ​បង្កើត​នូវធនាគារ​រដ្ឋ​ថ្មីមួយ​ ដើម្បី​ផ្ដល់ប្រាក់​កម្ចីដល់​វិស័យ SME ហើយលោក​ក៏បាន​គូសបញ្ជាក់​ដែរថា ធនាគារថ្មី​ដែល​នឹង​ត្រូវ​ចំណាយទុន​ប្រមាណ​១០០លាន​ដុល្លារនេះ គឺជាអ្វី​​ដែល SME បាននិង​កំពុងរង់​ចាំ​ជាយូរ​មកហើយ ខណៈដែល​កន្លង​មកវិស័យ​មួយនេះ តែងតែ​ជួបប្រទះ​នូវបញ្ហា​កង្វះដើមទុន។​ ទោះយ៉ាងណា សមត្ថភាព​ក្នុងការ​ឈានទៅ​ទទួល​បានកម្ចី​នោះ SME អាច​នឹងនៅ​តែមាន​កត្ដារាំងស្ទះ​នៅឡើយ។ ​

ដើម្បី​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ទទួល​បាន​កម្ចីពីធនាគារ SME នេះ លោកឧកញ៉ា លឹម ហេង ​បានស្នើ​ដល់​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យសគ្រាស​ធុនតូច និងមធ្យម​​បង្កើត​ជាតំបន់​សិប្បកម្ម និងឧស្សាហកម្មពិសេស នៅតាមបណ្ដា​ខេត្តនានា ដើម្បី​ចងក្រង​ជាក្រុម ដែលវា​នឹងងាយស្រួល​ក្នុងការទទួល​បានកម្ចី​ពីធនាគារ​ SME ដែលរដ្ឋ​គ្រោងនឹង​បង្កើតនោះ។​

លោកឧកញ៉ា បានលើកជា​ឧទាហរណ៍​ជាក់ស្ដែង​ថា វាដូចទៅ​នឹងការ​ទិញលំនៅ​ដ្ឋានបុរី​បង់​រំលស់​ដែរ ពោលគឺ បើអ្នកទិញ​ទៅទិញ​ផ្ទះនៅក្នុងតំបន់​សាង​សង់​របស់​បុរី ដែលមាន​ការទទួល​ស្គាល់​ពីអាជ្ញាធរ នោះពួកគេ​នឹងងាយ​ក្នុងការ​ទទួលបាន​កម្ចី​ពីធនាគារ​ដើម្បី​ទិញផ្ទះនោះ។​ 

ការបង្កើតជា​តំបន់​សិប្បកម្ម ​និងឧស្សាហកម្ម​ពិសេស​នេះ ក៏ដូចគ្នាដែរ នៅពេល​ដែលម្ចាស់​សហគ្រាស​ទាំងអស់​​ចងក្រង​ជាក្រុម និងមាន​ការទទួល​ស្គាល់​ពីអាជ្ញាធរ​ច្បាស់លាស់ ​នោះពួកគាត់​នឹងងាយ​ក្នុងការ​ទទួលបាន​កម្ចីពីធនាគារ​របស់រដ្ឋ ឬអាចជា​ធនាគារឯកជន​ផ្សេង​ទៀតផងដែរ​។

មិន​តែប៉ុណ្ណោះ​ ការចូល​រួមចងក្រង​ជាតំបន់សិប្បកម្ម ​និងឧស្សាហកម្ម​ពិសេសនេះ ម្ចាស់​សហគ្រាស​ក៏អាចនឹង​ទទួលបាន​ការផ្គត់​ផ្គង់តម្លៃទឹក​ភ្លើង​ថោក​សមរម្យ​ពីរដ្ឋ​ផងដែរ។

ឯកឧត្តម​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាន​និងកំពុង​ខិតខំជំរុញ​ឲ្យមាន​ការបង្កើត​រោងចក្រ​កែច្នៃផលិត​ផល​កសិកម្ម បានសាទរ​ចំពោះការ​លើកឡើង​របស់ឧកញ៉ា ​លឹម ហេង នេះ ដោយបានអះអាង​ថា វាគឺជា​ការដើរ​ស្របគ្នា​ជាមួយ​នឹងអ្វី​ដែលរាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​កសិកម្ម​បាន​ខិតខំ​ជំរុញ​នាពេលកន្លងមក​ ដើម្បី​ឈានទៅ​ពង្រីក​សមត្ថភាព​ផលិត និងកែច្នៃ​ផលិតផល​កសិកម្មសម្រាប់​ការនាំចេញ។ ទោះយ៉ាងណា  ឯកឧត្តម​បាន​គូសបញ្ជាក់ កិច្ចការ​នេះទាមទារ​ឲ្យមាន​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀតៗ​ ក៏ត្រូវ​ដុតដៃដុត​ជើង​ថែម​ទៀត ហើយបើ​តាមការ​មើលឃើញ​របស់ឯកឧត្តម​ផ្ទាល់ ក្រសួងឧស្សាហកម្ម និងសប្បិកម្ម ហាក់នៅ​ស្ងៀមស្ងាត់​នឹងការងារ​នេះនៅឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន CP ត្អូញ​ត្អែរ​ពី​តម្លៃ​អគ្គិសនី​កម្ពុជា​​ខ្ពស់និង​ស្នើ​ឲ្យ​រដ្ឋ​បន្ធូរ​ពន្ធ​ខ្លះ

ព័ត៌មាន
ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្រុមហ៊ុន CP កម្ពុជា បាន​លើក​ឡើង​ថា តម្លៃ​ថ…

សហគ្រិនស្រ្តីខ្មែរម្នាក់នេះ ទទួលបានជោគជ័យក្នុងមុខជំនួញថែទាំសុខភាពចល័ត

ព័ត៌មាន
បច្ចុប្បន្ន សេវាថែទាំមនុស្សចាស់ អ្នកជំងឺ និង កុមារ កំពុងមានតម្រូវការ និង មានភាពវិជ្ជមានខ្លាំង នៅក្នុងទីផ្សារកម្ពុជា ដ្បិត និន្នាការរបស់យុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ