Advertisement
គន្លឹះជោគជ័យ

ឧកញ៉ា សៀ ឫទ្ធី ពី​បុគ្គលិក​ធម្មតា​ដឹក​ជញ្ជូន​ទំនិញ ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ជាង​៣០


រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​បាន​សម្លឹង​និង​ចាប់​អាម្មរណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​ដំណើរការ​ពាណិជ្ជកម្ម ក៏​ដូចជា​ការ​វិនិយោគ​ដ៏​លេច​ធ្លោ​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន WorldBridge Group និង​ជា​ពាណិជ្ជករ​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​ក្នុង​ចំណោម​មហាសេដ្ឋី​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group។ រូបថត៖ ហេង ភារម្យ
ដោយ

នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​និង​ដឹកនាំ​ក្រុមហ៊ុន​ល្បីៗ ប្រមាណ​ជាង​៣០​ក្រុមហ៊ុន ដែល​ភាគច្រើន​សុទ្ធតែ​ក្រុមហ៊ុន​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់។ 

ប៉ុន្តែ ​មុន​នឹង​ទទួល​បាន​ភាព​ជោគជ័យ មាន​ក្រុមហ៊ុន​រហូត​ដល់​ទៅ​ជាង​៣០​ក្រុមហ៊ុន លោក​ធ្លាប់​ជា​បុគ្គលិក​​បម្រើ​ការងារ​ផ្នែក​ដឹក​ជញ្ជូន​ទំនិញ ឲ្យកងកម្លាំង​អង្គការ​សហប្រជាជាតិ​ UNTAC ប្រចាំ​ប្រទេស​កម្ពុជា។ មិន​រៀបរាប់​ច្រើន​អំពី​ប្រវត្តិ​ការងារ​និង​ជីវិត​ផ្ទាល់​ខ្លួន​លោក​នោះ​ទេ គេហទំព័រ ខេមបូណូមិស សុំ​លើក​យក​តែ​ចំណុច​ពិសេសៗ​នៅ​ពី​ក្រោយ​នៃ​ការ​រកស៊ី​ជោគ​ជ័យ​របស់​លោក​តែ​ប៉ុណ្ណោះ។

Advertisement

តើ​មាន​មូលហេតុ​សំខាន់ៗ​អ្វី​ខ្លះ នៅ​ពី​ក្រោយ​នៃ​ភាព​ជោគជ័យ​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី?

ឆ្លើយតប​ទៅ​នឹង​សំណួរ​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​មួយ​ដល់​អ្នក​សារព័ត៌មាន​គេហទំព័រ ខេមបូណូមិស ទាក់ទាក់​ទៅ​នឹង​រូបមន្ត​គ្រប់គ្រង​ក្រុមហ៊ុន និង​យុទ្ធសាស្ត្រ​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​រហូត​មក​ដល់​បច្ចប្បន្ន​នេះ។

លោក​ថា ពិត​ណាស់ រហូត​មក​ដល់​ពេល​នេះ វា​មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ទេ ហើយ​ក៏​មិនមែន​កើត​ឡើង​ដោយ​រង់ចំា​ព្រេង​វាសនា​នោះ​ទេ អ្វីៗ​កើត​ឡើង​ពី​កម្លាំង​ប្រាជ្ញា ញើស​ឈាម​របស់​លោក​ផ្ទាល់​តែ​ម្តង ជាមួយ​នឹង​ការ​តស៊ូ​គ្រប់​វិនាទី​ទាំង​អស់ មិន​ឲ្យ​ចន្លោះ​ប្រហោង​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​ការ​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ពី​ដៃគូ​វិនិយោគ​និង​បុគ្គលិក​ជាតិ និង​អន្តរជាតិ​ទាំង​អស់​ផង​ដែរ។ ហើយ​លោក​តែង​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​បុគ្គលិក​របស់​ខ្លួន​ថា ជា​ដៃគូ​វិនិយោគ​សំខាន់​សម្រាប់​ធ្វើ​ឲ្យ​រាល់​មុខ​ជំនួញ​របស់​លោក​ជោគជ័យ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជាង ៣០​ក្រុមហ៊ុន។ (រូបភាព៖ ហេង ភារម្យ)
អ្នក​រកស៊ី​ប្រៀប​បាន​ដូចជា​យើង​កំពុង​រត់​ម៉ារ៉ាតុង​អ៊ីចឹង អ្នក​ណា​លឿន អ្នក​ណា​យឺត មិន​សំខាន់​ទេ សំខាន់​អ្នក​ទៅ​ដល់​គោលដៅ​មុន​គេ
— ឧកញ៉ា សៀ ឫទ្ធី

គន្លឹះ​សំខាន់ៗ​បី​យ៉ាង​ដែល​ធ្វើ​ឲ្យ​ឧកញ៉ា សៀ ឫទ្ធី ជោគជ័យ​ក្នុង​មុខ​ជំនួញ

លោក​​ឧកញ៉ា សៀ ឫទ្ធី តែងតែ​មាន​ផែនការ​ច្បាស់​លាស់​មួយ​ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន។ ផែនការ​របស់​យើង​គឺ​ជា​ផែនការ​វិនិយោគ​បែប​សហប្រតិបត្តិការ​គ្នា​រវាង​ដៃគូ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដើម្បី​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ។ 

Advertisement

លោក​អះអាង​ថា ដើម្បី​ឲ្យ​ក្រុមហ៊ុន ឬ​អាជីវកម្ម​មួយ​ទទួល​បាន​ជោគជ័យ​គឺ​មាន​កត្តា​បី​យ៉ាង ទី​១ កត្តា​ធនធាន​មនុស្ស ទី២ ធនធាន​ហិរញ្ញ​វត្ថុ គឺ​យើង​ត្រូវ​ថ្លឹង​ថ្លែង​ហិរញ្ញវត្ថុ​របស់​យើង​ដែល​មាន។ តើ​យើង​ត្រូវ​ចាប់​យក​មុខ​ជំនួញ​បែប​ណា​ដែល​ធ្វើ​ទៅ​ស័ក្ដិ​សម មិន​តូច​ពេក មិន​ធំ​ពេក ទៅ​តាម​លទ្ធភាព​ដែល​យើង​មាន។ និង​ទី​៣ ការ​គ្រប់គ្រង​ចាត់ចែង​ឲ្យ​មាន​ស្តង់ដារ​ច្បាស់​លាស់។ 

នៅ​ពេល​ដែល​យើង​មាន​ទាំង​​អស់​​នេះ​ហើយ យើង​ត្រូវ​សិក្សា​ស្រាវជ្រាវ​ទីផ្សារ​ឲ្យ​បាន​ច្បាស់ ថា​តើ​ទីផ្សារ​គេ​ចង់​បាន​អី យើង​ត្រូវ​បំពេញ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ហើយ​យើង​នឹង​អាច​ចាប់​ដៃគូ​ក្រៅ​ប្រទេស​វិនិយោគ​ជោគជ័យ។ 

ដូច្នេះ លោក​ឧកញ៉ា​ថា បើ​សិន​ជា​យើង​ចង់​ទាក់ទាញ​វិនិយោគ​ក្រៅ​ប្រទេស​មក​សហការ​ជាមួយ​យើង យើង​ត្រូវតែ​កសាង​មូលដ្ឋាន​គ្រឹះ​ក្រុមហ៊ុន​ឲ្យ​រឹង​មាំ​ មាន​ហិរញ្ញវត្ថុ​ច្បាស់​លាស់ និង​ បញ្ជី​ស្នាម​ត្រឹម​ត្រូវ។ 

ចំពោះ​ទ្រឹស្តី​ក្នុង​ការ​រកស៊ី លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ពោល​ពាក្យ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ព្យាយាម​ផឹក​ទឹក​អណ្តូង​ខ្លួន​ឯង​ទេ បើ​សិន​ជា​យើង​នាំ​គ្នា​ផឹក​ទឹក​អណ្តូង​របស់​យើង​គ្រប់​គ្នា នៅ​ថ្ងៃ​ណា​មួយ អណ្តូង​របស់​យើង​នឹង​រីង។ ដូច្នេះ ខ្ញុំ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ទន្លេ​និង​សមុទ្រ​ពី​ខាង​ក្រៅ នោះ​យើង​មិន​រីង​ស្ងួត​ទេ»។

នេះ​គឺ​ជា​ទ្រឹស្តី​ពាណិជ្ជ​កម្ម​ដែល​និយាយ​បែប​មាន​ន័យ​ធៀប។ 

តាម​ពិត​ន័យ​ត្រង់ លោក​ចង់​បញ្ជាក់​ថា លោក​មិន​ព្យាយាម​ធ្វើការ​វិនិយោគ​តែ​នៅ​ក្នុង​ស្រុក​ទេ ប៉ុន្តែ លោក​ត្រូវ​ស្វែងរក​ប្រភព​ជំនួញ​ពាណិជ្ជ​កម្ម​ធំៗ​នៅ​ក្រៅ​ប្រទេស​ដើម្បី​សហការ​វិនិយោគ​រួម​គ្នា នោះ​ទើប​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​លោក​កាន់​តែ​រីក​ចម្រើន​មិន​ចេះ​រីង​ស្ងួត។

ឧកញ៉ា សៀ ឫទ្ធី ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិនិយោគិន​បរទេស។ (រូបភាព​៖ ហេង ភារម្យ)
Advertisement

ការ​រកស៊ី​សំខាន់​គឺ​ធ្វើ​យ៉ាង​ណា​រក្សា​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ល្អ

ឧកញ៉ា សៀ ឫទ្ធី ថា ការ​រកស៊ី នរណា​ក៏​ចង់​បាន​ចំណេញ​ដែរ ប៉ុន្តែ យើង​ត្រូវ​ចំណេញ​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​សង្គម មាន​តម្លាភាព បាន​ន័យ​ថា យើង​មាន​ភាព​ស្មោះត្រង់​ជាមួយ​ដៃគូ​អាជីវកម្ម​របស់​យើង។ យើង​ត្រូវ​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​យើង​សម្រាប់​កូន​ចៅ​យើង​ជំនាន់​ក្រោយ។ អ្នក​រកស៊ី​ប្រៀប​បាន​ដូចជា​យើង​កំពុង​រត់​ម៉ារ៉ាតុង​អ៊ីចឹង អ្នក​ណា​លឿន អ្នក​ណា​យឺត មិន​សំខាន់​ទេ សំខាន់​អ្នក​ទៅ​ដល់​គោលដៅ​មុន​គេ។

នៅ​ក្នុង​ផ្នត់​គំនិត​អាជីវកម្ម​របស់​លោក​ ឧកញ៉ា សៀ ឫទ្ធី ចង់​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លោក​មាន​ការ​រីក​ចម្រើន​ខ្លាំង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ លោក​មិន​ចង់​ឮ​ថា ក្រុមហ៊ុន​លោក​មាន​មិន​បាន​បី​ជំនាន់​នោះ​ទេ។ ដូច្នេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន​មាន​កេរ្តិ៍​ឈ្មោះ និង​រីក​ចម្រើន​គ្រប់​ជំនាន់ យើង​ត្រូវ​ធ្វើ​អ្វីៗ​ឲ្យ​មាន​តម្លាភាព សច្ចភាព​ ដើម្បី​ចូល​ទៅ​ក្នុង​ផ្សារ​ភាគហ៊ុន នោះ​យើង​នឹង​រក្សា​ក្រុមហ៊ុន​យើង​បាន​គ្រប់​ជំនាន់​ហើយ។ 

ពិសេស​ជាង​នេះ​ទៅ​​ទៀត ដើម្បី​រត់​ឲ្យ​ទាន់​យុគ​សម័យ​ទំនើប គឺ​យើង​ត្រូវ​រៀបចំ​ផែនការ​ទុក​ជាមុន​ជានិច្ច ដូចជា​ផែនការ ៥​ឆ្នាំ ផែនការ​១០ឆ្នាំ ២០​ឆ្នាំ និង​រហូត​ទៅ​ដល់​ការ​រៀបចំ​ផែនការ ៣០​ឆ្នាំ។ នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យើង​ជោគជ័យ​គ្រប់​ជំនាន់​ពិតប្រាកដ៕




អត្ថបទបន្ទាប់


វៀតណាម​នាំ​បន្លែ​ផ្លែ​ឈើ​ខ្លួន​ចេញ​ ប៉ុន្តែ​​​ប្រជាជន​វៀតណាម​ចូលចិត្ត​ប្រើ​​បន្លែ​ផ្លែ​ឈើ​នាំចូល​ពី​ថៃ​និងចិន​

ព័ត៌មាន
ប្រទេស​វៀតណាម​ផលិត​និង​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​យ៉ាង​ច្រើន ទៅ​កាន់​បណ្ដា​ប្រទេស​នានា រួមទាំង​កម្ពុជា។ ប៉ុន្តែ ប្រជាជន​វៀតណាម​ខ្លួន​ឯង​ហ...

វេជ្ជ. គួច ម៉េងលី ចង់​បើក​សកលវិទ្យាល័យ​និង​សាលាពេទ្យ​ ប៉ុន្តែ ក្រសួង​មិន​អនុញ្ញាត

ព័ត៌មាន
លោក​វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ ជាមួយ ខេមបូណូមិស ថា លោក​មាន​បំណង​ចង់​បើក​សាលាពេទ្យ និង​សាកលវិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ