ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយមានការចុះហត្ថលេខាពី លោក Vivek Sharma ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ក្រុមហ៊ុន ធេលហ្វា អ៊ិន និងលោក Richard Lui នាយកនៃក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក Vallabhaneni Pundari Baba អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ធេលហ្វា អ៊ិន លោក Dickson Pang ប្រធាននាយកដ្ឋានពាណិជ្ជកម្ម នៃក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក ព្រមទាំងមានវត្តមានជាសាក្សីកិត្តិយសពីសំណាក់ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប និងលោក សែន សារ៉ាត់ ប្រធាននាយកដ្ឋានផ្នែកលក់ នៃក្រុមហ៊ុន ធេលហ្វា អ៊ិន ។
ក្រោមកិច្ចសហប្រតិបត្តិការរយៈពេលវែងនេះ ក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក នឹងផ្តល់ជូនក្រុមហ៊ុន ធេលហ្វា អ៊ិន នូវសេវាកម្មឃ្លាំងស្តុកឱសថឯកទេស ដែលបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងសីតុណ្ហភាពយ៉ាងត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃការរក្សាទុកផលិតផលឱសថ ជាពិសេសផលិតផលដែលតម្រូវឱ្យមានការរក្សាទុកក្នុងខ្សែសង្វាក់ត្រជាក់ ។ សេវាកម្មនេះរួមមានទីតាំងផ្ទុកទំនិញដែលមានសីតុណ្ហភាពក្រោម +30°C និងបន្ទប់ត្រជាក់ដែលរក្សាសីតុណ្ហភាពចន្លោះពី +2°C ដល់ +8°C។
លើសពីនេះ សេវាកម្មរួមមានការលើកដាក់ និងរៀបចំទំនិញ ការគ្រប់គ្រងស្តុក ការទទួលទំនិញចូល ការរៀបចំ និងបំពេញការបញ្ជាទិញ ព្រមទាំងការដឹកជញ្ជូនផលិតផលទៅកាន់ទីតាំងនានាតាមតម្រូវការរបស់អតិថិជន។ សេវាកម្មទាំងនេះមានគោលបំណងគាំទ្រដល់ប្រសិទ្ធភាពនៃប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ និងធានាឱ្យបាននូវការចែកចាយផលិតផលឱសថប្រកបដោយភាពជឿជាក់ និងទាន់ពេលវេលា។
ដើម្បីពង្រឹងគុណភាពសេវាកម្ម និងធានាឱ្យការរក្សាទុក និងចែកចាយឱសថស្របតាមស្តង់ដារអនុវត្តល្អ (Good Distribution Practice – GDP និង Good Storage Practice – GSP) ហើយក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក នឹងចាប់ផ្តើមដំណើរការស្នើសុំវិញ្ញាបនបត្រ GDP/GSP សម្រាប់ទីតាំងនេះ បន្ទាប់ពីប្រតិបត្តិការចាប់ផ្តើម។
ប្រតិបត្តិការនៅទីតាំងឃ្លាំងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៧ បន្ទាប់ពីបញ្ចប់នីតិវិធីចាំបាច់ពាក់ព័ន្ធនឹងការទទួលបានអាជ្ញាបណ្ណប្រតិបត្តិការឃ្លាំង និងការជូនដំណឹងជាផ្លូវការទៅកាន់ក្រសួងសុខាភិបាល ស្របតាមបទប្បញ្ញត្តិជាធរមាន។
លោក Vivek Sharma ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ធេលហ្វា អ៊ិន បានមានប្រសាសន៍ថា៖
អ្នកជំងឺ និងវេជ្ជបណ្ឌិតនៅកម្ពុជាតែងតែពឹងផ្អែកលើការរក្សាទុក និងការដឹកជញ្ជូនឱសថឱ្យស្ថិតក្នុងលក្ខខណ្ឌសមស្រប និងស្របតាមស្តង់ដារគុណភាពគ្រប់ពេលវេលា។ ភាពជាដៃគូនេះនឹងផ្តល់ជូនក្រុមហ៊ុន ធេលហ្វា អ៊ិន នូវលទ្ធភាពប្រើប្រាស់ឃ្លាំងផ្ទុកឱសថដែលមានអាជ្ញាបណ្ណ និងបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព រួមទាំងប្រព័ន្ធខ្សែសង្វាក់ត្រជាក់ (Cold Chain) ជាក់លាក់ ដែលគ្រប់គ្រងដោយដៃគូផ្នែកឡូជីស្ទីកដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់។
កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងគុណភាពសេវាកម្មដែលយើងផ្តល់ជូនដល់ដៃគូផលិតឱសថ និងអ្នកផ្តល់សេវាថែទាំសុខភាពនៅទូទាំងប្រទេស ព្រមទាំងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រីកអាជីវកម្ម និងការអភិវឌ្ឍឱកាសថ្មីៗនាពេលអនាគត។
លោក Vallabhaneni Pundari Baba អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ធេលហ្វា អ៊ិន បានមានប្រសាសន៍បន្ថែមថា៖
ការផ្ទេរប្រតិបត្តិការឃ្លាំងស្តុកឱសថរបស់យើងមកកាន់ក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក នឹងអនុញ្ញាតឱ្យក្រុមការងាររបស់យើងផ្តោតការយកចិត្តទុកដាក់លើសមត្ថភាពអាជីវកម្មស្នូលរបស់យើង គឺការចុះបញ្ជី និងនាំយកឱសថដែលមានគុណភាពខ្ពស់មកកាន់ទីផ្សារកម្ពុជា។ ទន្ទឹមនឹងនេះ យើងអាចធានាបានថា ស្តុកឱសថរបស់យើងនឹងត្រូវបានរក្សាទុក និងគ្រប់គ្រងស្របតាមស្តង់ដារអន្តរជាតិ ដោយមានប្រព័ន្ធត្រួតពិនិត្យ និងតាមដានច្បាស់លាស់ ដែលជួយពង្រឹងប្រសិទ្ធភាព និងភាពជឿជាក់ក្នុងប្រតិបត្តិការរបស់យើង។
លោក Richard Liu នាយកក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក បានមានប្រសាសន៍ថា៖
គោលដៅរបស់ ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក មិនត្រឹមតែជាការផ្តល់សេវាកម្មឡូជីស្ទីក ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តោតសំខាន់លើការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតម្រូវការអាជីវកម្មរបស់ដៃគូយើងផងដែរ។ តាមរយៈភាពជាដៃគូនេះ យើងមានបំណងគាំទ្រដល់កំណើនអាជីវកម្មរបស់ក្រុមហ៊ុន ធេលហ្វា អ៊ិន តាមរយៈការផ្តល់ដំណោះស្រាយឡូជីស្ទីក ដែលមានភាពជឿជាក់ ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន។
កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែពង្រឹងសមត្ថភាព និងពង្រីកវិសាលភាពសេវាកម្មរបស់ ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលកាន់តែរឹងមាំ មានប្រសិទ្ធភាព និងអាចទុកចិត្តបាន សម្រាប់គាំទ្រដល់ការរីកចម្រើននៃវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុន ធេលហ្វា អ៊ិន គឺជាក្រុមហ៊ុននាំចូល និងចែកចាយឱសថដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ ក្រុមហ៊ុនមានជំនាញក្នុងការចុះបញ្ជី នាំចូល និងចែកចាយឱសថមានវេជ្ជបញ្ជា ក្នុងនាមក្រុមហ៊ុនផលិតឱសថអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុនមានជំនាញក្នុងវិស័យព្យាបាលជំងឺជាច្រើន រួមមាន ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ការថែទាំសង្គ្រោះបន្ទាន់ និងការព្យាបាលជំងឺទូទៅ ព្រមទាំងមានបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកសុខាភិបាលជាង ១០,០០០ នាក់នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក គឺជាផ្នែកមួយនៃក្រុមហ៊ុន KLN Logistics Group Limited (លេខកូដភាគហ៊ុន៖ 0636.HK) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីក និងដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់រួមបញ្ចូលដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ផ្តល់ជូននូវសេវាកម្មឃ្លាំងគយ ការបំពេញបែបបទគយ ការដឹកជញ្ជូន ការចែកចាយ និងដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទូលំទូលាយ។
ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក គាំទ្រដល់វិស័យឧស្សាហកម្មជាច្រើនប្រភេទ ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើវិស័យវេជ្ជសាស្ត្រ និងសុខាភិបាល តាមរយៈការផ្តល់ដំណោះស្រាយឡូជីស្ទីក ឯកទេសសម្រាប់ផលិតផលឱសថ សម្ភារៈបរិក្ខារពេទ្យ និងសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ។
តាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនើប បណ្តាញចែកចាយដែលអាចទុកចិត្តបាន និងការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងទំនិញប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក មានគោលបំណងគាំទ្រដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យសុខាភិបាល និងធានាឱ្យផលិតផលវេជ្ជសាស្ត្រចាំបាច់ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅនានាប្រកបដោយភាពជឿជាក់ និងទាន់ពេលវេលា។
ដោយទទួលបានវិញ្ញាបនបត្រពាណិជ្ជករឆ្នើមកម្ពុជា ឆ្នាំ២០១៩ (Cambodia's Best Trader Certificate 2019) រួមបញ្ចូលនូវជំនាញ និងបទពិសោធន៍ដ៏រឹងមាំក្នុងស្រុក ជាមួយនឹងបណ្តាញប្រតិបត្តិការអន្តរជាតិរបស់ក្រុមហ៊ុន KLN ដែលមានវិសាលភាពគ្របដណ្តប់លើប្រទេសចំនួន ៥៩ នៅទូទាំងពិភពលោក ដើម្បីផ្តល់ជូនអតិថិជននូវដំណោះស្រាយភស្តុភារកម្មរួមបញ្ចូល ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់។