វ៉ាក់សាំងកូវីដ-១៩ របស់ចិន

នាយករដ្ឋមន្ត្រីថៃជឿថា WHO នឹងទទួលស្គាល់វ៉ាក់សាំងចិន Sinovac ក្នុងសប្តាហ៍នេះ


នាយករដ្ឋមន្ត្រីថៃលោក ប្រាយុត ចាន់អូចា បានបញ្ជាក់នៅដើមសប្តាហ៍នេះថា អង្គការសុខភាពពិភពលោក អាចនឹងអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការវ៉ាក់សាំងកូវីដ-១៩របស់ប្រទេសចិន មួយប្រភេទទៀត គឺ ស៊ីណូវ៉ាក់ នៅក្នុងសប្តាហ៍នេះហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ បាងកកបុស្តិ៍។ លោកប្រាយុត លើកឡើងដូច្នេះនៅបន្ទាប់ពីលោក ទៅទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទីពីររបស់លោក កាលពីថ្ងៃទី២៤ឧសភានៅឯវិទ្យាស្ថានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយក្នុងក្រុងបាងកក។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាន់បង្ហាញវ៉ាក់សាំងកូវីដ១៩ដែលខ្លួនទទួលបាន
ដោយ

បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីថៃរូបនេះ វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ អាចនឹងត្រូវអង្គការសុខភាពពិភពលោកប្រកាសទទួលស្គាល់នៅថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែលោកបានបដិសេដក្នុងការឆ្លើយតប ពេលសួរពីព័ត៌មានលម្អិតជុំវិញការអះអាងនេះ ដោយលោកគ្រាន់តែបាននិយាយបែបលើកទឹកចិត្តថា សាធារណជនគួរតែមានជំនឿចិត្តលើវ៉ាក់សាំងកូវីដ-១៩ទាំងអស់ ដែលរដ្ឋាភិបាលថៃយកមកប្រើប្រាស់ មិនថាវាជាវ៉ាក់សាំង AstraZeneca ឬ ស៊ីណូវ៉ាក់ ក្តី។

ឆ្លើយតបទៅនឹងភាពយឺតយ៉ាវនៃកម្មវិធីចាក់វ៉ាក់សាំងក្នុងប្រទេសថៃ លោកប្រាយុតបានធានាអះអាងថា ពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសថៃ នឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់ៗគ្នា ដោយរដ្ឋាភិបាលរបស់លោក និងពិនិត្យកែសម្រួលឡើងវិញ ទាក់ទិននឹងផែនការចាក់វ៉ាក់សាំងនេះ ដើម្បីអាចឆ្លើយតបបានត្រឹមត្រូវទៅនឹងស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩។

យ៉ាងណាមិញលោក បានទទួលស្គាល់ថា វានៅតែមានបញ្ហាមួយចំនួនក្នុងកម្មវិធីចាក់វ៉ាក់សាំង ដែលតម្រូវឲ្យស្នើសុំលើកពេលដល់អ្នក ដែលមកចាក់វ៉ាក់សាំងជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន៤ប្រភេទហើយរួមមាន AstraZeneca របស់អង់គ្លេស វ៉ាក់សាំងចិន Sinovac, Johnson & Johnson និង Moderna របស់អាមេរិក ប៉ុន្តែ ថៃទើបមានវ៉ាក់សាំងពីរប្រភេទប៉ុណ្ណោះ កំពុងប្រើប្រាស់នៅក្នុងដៃ គឺ AstraZeneca និង Sinovac។ យ៉ាងណាមិញ បើតាមគណៈកម្មការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និង ឱសថរបស់ថៃបានបង្ហើបឲ្យដឹងដែរថា ថ្មីៗនេះមានក្រុមហ៊ុនក្នុងស្រុកចំនួនពីរ កំពុងតែបំពេញបែបបទស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ និង នាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន២ប្រភេទទៀត មកប្រទេសថៃ គឺ វ៉ាក់សាំងចិន Sinopharm និង វ៉ាក់សាំងរុស្សី SputnikV។

សូមបញ្ជាក់ថា កាលពីដើមខែឧសភាកន្លងទៅ វ៉ាក់សាំងចិន Sinopharm ក៏ទើបត្រូវបានអង្គការសុខភាពពិភពលោកប្រកាសទទួលស្គាល់សម្រាប់ការប្រើប្រាស់បន្ទាន់ផងដែរ។ រហូតមកទល់ពេលនេះ វ៉ាក់សាំងចំនួន៥ប្រភេទហើយ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងនោះ រួមមាន វ៉ាក់សាំង Pfizer/BioNTech, AstraZeneca, Johnson & Johnson, Moderna និង Sinopharm៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌាថយចុះ ប៉ុន្តែអ្នកស្លាប់នៅតែកើនខ្ពស់ដដែល!

ព័ត៌មាន
ចំនួនករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានបង្ហាញពីការថមថយចុះគួរឲ្យកត់សម្គាល់ ពោលគឺតួលេខនៅថ្ងៃអង្គារទី ២៦ ខែឧសភានេះ ឥណ្ឌាមានច…

ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ​វិស័យសុខាភិបាលកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុត ជូនដល់ក្រសួងសុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ