Advertisement
វិស័យ​ស្រូវ​អង្ករ-​ថៃ-​កម្ពុជា

ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នៅ​ឆ្នាំ​២០១៧ បង្កើត​​កំណត់​ត្រា​ថ្មី ខណៈ​កម្ពុជា​រអាក់​រអួល


ស្រប​ពេល​ដែល​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ហាក់​មាន​ភាព​រអាក់​រអួល​មួយ​ចំនួន ការ​នាំ​អង្ករ​ចេញ​អង្ករ​របស់​ថៃ​ដែល​ជា​អ្នក​ជិត​ខាង​កម្ពុជា​​បាន​សម្រេច​នូវ​កំណត់​ត្រា​ថ្មី​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៧ ដែល​ទើប​នឹង​កន្លង​ទៅ​ថ្មីៗ​នេះ។
ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា សរុប​មួយឆ្នាំ​២០១៧​ពេញ បាន​ចំនួន ៦៣៥.៦៧៩​តោន ទៅ​កាន់​ជាង ៦០​ប្រទេស គិត​ជា​កំណើន​កើន​ជាង១៧% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។
ដោយ
Advertisement

តាម​ការចុះផ្សាយពីគេហទំព័រ​បាងកក​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា អង្ករ​របស់​ថៃ​ប្រមាណ​ជាង​១១​លាន​តោន ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០១៧ ដោយ​បាន​កើន​ឡើង​ប្រមាណ​ជិត​១៥% ដែល​វា​ជា​ការ​បំបែក​កំណត់ត្រា​ចាស់ និង​បង្កើត​នូវ​កំណត់​ត្រា​ថ្មី​មួយ​​របស់​​វិស័យ​​ស្រូវ​​អង្ករ​​របស់​​ថៃ ខណៈ​ដែល​កម្ពុជា​ទើប​តែ​ខកខាន​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​បង់ក្លាដេស ក្នុង​ដំណាក់កាល​ដំបូង​២៥​ម៉ឺន​តោន។ ដ្បិត​​ថា ការ​នាំចេញ​​មាន​ភាព​រដាក់​រដុប​បន្តិច​ក្ដី តែ​យ៉ាង​ណា របាយការណ៍​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ នៅ​តែ​មាន​ភាព​វិជ្ជមាន។ 

និយាយ​ពី​តម្លៃ​អង្ករ​របស់​ថៃ​នៅ​ឆ្នាំ​នេះ​វិញ គឺ​មាន​តម្លៃ​កើន​ឡើង​ខ្ពស់​ជាង​មុន ពោល​គឺ​មាន​ប្រមាណ​១​ពាន់​ដុល្លារ​ក្នុង​មួយ​តោន សម្រាប់​អង្ករ​ក្រអូប​ប្រណីត ហូមម៉ាលី។ ចំណូល​នៃ​ការ​លក់​អង្ករ​របស់​ថៃ​នៅ​ឆ្នាំ​២០១៧ ក៏​មាន​កំណើន​យ៉ាង​គាប់​ប្រសើរ​ផង​ដែរ ពោល​គឺ​មាន​ក្នុង​រង្វង់​១៥% ឬ​ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក។ 

នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៧ បរិមាណ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ជាប់​របង​កម្ពុជា​មួយ​នេះ នៅ​តែ​មាន​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​តាំង​ពី​ប្រទេស​មួយ​នេះ បាន​បើក​សករាជ​នៃ​វិស័យ​ជំនួញ​ស្រូវ​អង្ករ​មក។ 

តម្លៃ​អង្ករ​ក្រអូប​ប្រណីត​នៅ​លើ​ទីផ្សារ​សកល គិត​មក​ទល់​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៧​​នេះ នៅតែ​ឈរ​ក្នុង​តម្លៃ​ខ្ពស់​ប្រមាណ ១,០៤០​ដុល្លារ​ក្នុង​១​តោន ដោយ​តម្លៃ​នេះ​ខ្ពស់​ជាង​តម្លៃ​អង្ករ​កាល​ពី​៥​ឆ្នាំ​មុន។ 

នៅ​ឆ្នាំ​នេះដែរ ប្រទេស​ថៃ​ក៏​មាន​គម្រោង​ពិភាក្សា​បន្ថែម​លើ​ប្រព័ន្ធ​នៃ​ខ្សែ​សង្វាក់​ស្រូវ​អង្ករ និង​ស្វែងរក​វិធី​សាស្ត្រ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​ប្រមូល​ផល​ស្រូវ ការ​ផលិត និង​ការ​ធ្វើ​ទីផ្សារ​ជាដើម។ គម្រោង​នៅ​ឆ្នាំ​ថ្មី​នេះ នឹង​ផ្ដល់​សារប្រយោជន៍​យ៉ាង​ច្រើន​ដល់​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​របស់​ថៃ និង​ឈាន​ទៅ​សម្រេច​កូតា​នាំ​អង្ករ​ចេញ​ទៅ​ចិន​៦០​ម៉ឺន​តោន​តាម​កិច្ច​សន្យា​ផង​ដែរ។ 

មិន​តែ​ប៉ុណ្ណោះ ក្រសួង​ពាណិជ្ជកម្ម​ថៃ ក៏​មាន​គម្រោង​ចរចា​ពង្រីក​កូតា​នាំ​អង្ករ​ចេញ​ទៅ​ចិន​បន្ថែម​ឲ្យ​បាន​១​លាន​តោន​នៅ​ឆ្នាំ​ក្រោយ ហើយ​កន្លង​មក​នេះ ថៃ​ក៏​បាន​ចរចា​រួច​រាល់​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ហ្វ៊ីលីពីន និង​ស្រីលង្កា ក្នុង​ការ​នាំ​អង្ករ​ចេញ​ផង​ដែរ។ 

ងាក​មក​ចាប់​អារម្មណ៍​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៧ ឱកាស​ទីផ្សារ​របស់​អង្ករ​កម្ពុជា​សម្រាប់​ធ្វើការ​នាំ​ចេញ​ហាក់​មាន​ភាព​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់ ដូចជា​ការ​បន្ថែម​កូតា​នាំ​ទៅ​ចិន​ឲ្យ​បាន​៣០​ម៉ឺន​តោន និង​ទទួល​បាន​ការ​ព្រមព្រៀង​នាំ​អង្ករ​ចេញ​ទៅ​​បង់ក្លាដេស ១​លាន​តោន​ក្នុង​រយៈពេល​៥​ឆ្នាំ​ជា​ដើម។ 

ប៉ុន្ដែ ការ​ក្ដោបក្ដាប់​ឱកាស​នេះ កម្ពុជា​ហាក់​ដូចជា​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ តួយ៉ាង ការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​តែ​ផ្សារ​បង់ក្លាដេស ២៥​ម៉ឺន​តោន ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​របូត​បាត់ ដូច​ទន្សាយ​រួច​ពី​ទ្រុង ដោយសារ​តែ​បញ្ហា​គ្មាន​អង្ករ​នាំ​ទៅ​ឲ្យ​គេ។ 

ដោយ​ឡែក ការ​ប្រកួត​ប្រជែង​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក កម្ពុជា​នៅ​តែ​របូត​តំណែង​លេខ​​១​​របស់​ខ្លួន ពោល​គឺ​នៅ​ត្រឹម​ឈរ​លេខ​២​បី​ឆ្នាំ​ជាប់​គ្នា ខណៈ​ដែល​កាល​ពី​មុន អង្ករ​កម្ពុជា​ធ្លាប់​ឈរ​នៅ​លេខ​១។ រីឯ គោលដៅ​នាំ​អង្ករ​ចេញ​១​ឆ្នាំ​ឲ្យ​បាន​១​លាន​តោន គឺ​នៅ​តែ​ជា​គោលដៅ ដៅ​ហើយ​ដៅ​ទៀត​ប៉ុន្មាន​ឆ្នាំ​ផុត​មក​ហើយ នៅ​តែ​បន្ត​ដៅ​ដដែល។

យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ពី​ក្រសួង​កសិកម្ម បាន​បង្ហាញ​ថា កំណើន​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​តួលេខ​វិជ្ជមាន​ដដែល។ តួយ៉ាង សរុប​មួយ​ឆ្នាំ​ពេញ ឆ្នាំ​២០១៧ កម្ពុជា​នាំ​​អង្ករ​ចេញ​បាន ៦៣៥.៦៧៩​តោន ទៅ​កាន់​ជាង ៦០​ប្រទេស គិត​ជា​កំណើន​កើន​ជាង១៧% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ បើពិនិត្យ​ទៅ​មើល​ទិន្នន័យ​ពេញ​១​ឆ្នាំ​២០១៦ ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​មាន​តែ​ជាង​៥៤​ម៉ឺន​តោន​ប៉ុណ្ណោះ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រកាស​ថ្កោលទោស​ក្រុមហ៊ុន​មួយទាក់ទង​នឹងការ​បង្កើត​រូបិយវត្ថុ​ Crypto

ព័ត៌មាន
ធនាគារ​ជាតិ​នៃកម្ពុជា កាលពី​ពេលថ្មីៗ​នេះ បានចេញ​មុខប្រកាស​ថ្កោលទោស​ក្រុមហ៊ុន​បរទេស​មួយ តាមរយៈ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ដ...

អាជីវកម្ម​ដែល​ជោគជ័យ ត្រូវ​មាន​មូលដ្ឋាន​ធំៗ​ចំនួន​៥! តើ​អ្វីខ្លះ?

ព័ត៌មាន
ការ​បង្កើត​អាជីវកម្ម​គឺ​ងាយ​ស្រួល​ទេ ប៉ុន្តែ ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​ដំណើរ​ការ​និង​ទទួល​បាន​ជោគជ័យ នោះ​ទើប​ជា​រឿង​លំបាក។ ថ្មីៗ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ