ការនាំចេញអង្ករ

ថៃដាក់គោលដៅនាំចេញអង្ករ ៧,៥លានតោននៅឆ្នាំក្រោយនេះ


រដ្ឋាភិបាលថៃ បានកំណត់គោលដៅសម្រាប់ការនាំចេញអង្ករពី ៧លាន ទៅ ៧លាន៥សែន លានតោននៅឆ្នាំក្រោយ ពោល គឺកើនឡើងពីការប៉ាន់ប្រមាណចំនួន ៦ លានតោនដែលនឹងសម្រេចបាននៅក្នុងឆ្នាំនេះ។ ការកើនឡើងនេះ ដោយសារតែថៃរំពឹងទទួលបានទិន្នផលស្រូវខ្ពស់ ក្រោយមានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ហើយក៏ស្របពេលដែលប្រាក់បាតធ្លាក់ចុះ ធ្វើការនាំចេញផលិតផលរបស់ថៃកាន់តែមានភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃដាក់គោលដៅនាំចេញអង្ករ ៧,៥លានតោននៅឆ្នាំក្រោយនេះ
ដោយ

មន្ត្រីជាន់ខ្ពស់ក្រសួង​ពាណិជ្ជកម្មថៃ និងជាប្រធាន​សមាគម​អ្នកនាំចេញ​អង្ករថៃ បាននិយាយថា ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងប្រាក់បាត ដែលកំពុងធ្លាក់ចុះ​បច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថា នឹងជាកត្តាលីករជំរុញការនាំចេញអង្ករនៅឆ្នាំខាងមុខនេះ។ កម្សោយប្រាក់បាត បានធ្វើឱ្យតម្លៃនាំចេញអង្កររបស់ថៃកាន់តែមានភាពប្រកួតប្រជែងកាន់តែខ្លាំង​ជាមួយប្រទេសជិតខាង ជាក់ស្ដែង ការនាំចេញអង្ករ​ប្រភេទអង្ករបាក់​៥%​របស់​ប្រទេសថៃមានតម្លៃ ៣៩០ ដុល្លារក្នុងមួយតោន ខណៈអង្ករវៀតណាមមានតម្លៃ ៤០៥ ដុល្លារក្នុងមួយតោន។

ទោះយ៉ាងណា ការនាំចេញអង្ករថៃនៅតែប្រឈមនឹងបញ្ហា ដូចជាកង្វះកុងតឺន័រ និងកង្វះ​កប៉ាល់​សម្រាប់​ដឹកជញ្ជូនផងដែរ ដែលត្រូវបានគេរំពឹងថា នឹងនៅតែ​ជាកត្តា​​ហានិភ័យ​​​សំខាន់ៗ ហើយបញ្ហានេះ​ទំនង​ជានៅតែ​បន្ត​​រហូត​ដល់ឆមាសទីមួយនៃឆ្នាំ ២០២២។

នៅឆ្នាំ ២០២១ នេះ ប្រទេសថៃត្រូវបានប៉ាន់ស្មានថា​នឹងសម្រេចការនាំចេញអង្ករឱ្យបានពី ៦លាន ទៅ ៦លាន៣សែនតោន ធៀបនឹងឆ្នាំមុន​មានត្រឹមតែជាង ៥លាន៧សែនតោន ប៉ុណ្ណោះ។ សូមជម្រាបថា ប្រទេសថៃត្រូវបានគេព្យាករថា នឹងនៅតែជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម។ ជាក់ស្ដែង ផលិតកម្មស្រូវរបស់ប្រទេសថៃជាមធ្យម​ទទួលបាន ៤៥០ គីឡូក្រាមក្នុងមួយរ៉ៃ  (១រ៉ៃ ស្មើ​ទំហំ១ពាន់​៦រយម៉ែត្រ​ការ៉េ) ខណៈប្រទេសឥណ្ឌាវិញ​ផលិតបានស្រូវបាន​ ៨០០គីឡូក្រាមក្នុងមួយរ៉ៃ និងប្រទេសវៀតណាម៩០០ គីឡូក្រាមក្នុងមួយរ៉ៃ។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់​របស់ប្រទេសថៃនៅក្នុងទីផ្សារនាំចេញអង្ករ​ពិភពលោក រដ្ឋាភិបាលពិតជាត្រូវការពន្លឿន​ការអភិវឌ្ឍពូជស្រូវរបស់ថៃ។ ដោយប្រទេសថៃ ត្រូវអភិវឌ្ឍពូជស្រូវក្រអូបថ្មី និងផ្សព្វផ្សាយពូជស្រូវនេះឱ្យបានខ្លាំង ដើម្បីប្រកួតប្រជែងជាមួយអ្នកផលិតដទៃទៀត។

យ៉ាងណាមិញ នៅក្នុងរដូវប្រមូលផលឆ្នាំ ២០២១-២០២២ ផលិតកម្មស្រូវថៃត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២០ លានតោន កើនឡើងខ្ពស់ជាងកាលពីឆ្នាំ ២០២០-២០២១ ដែលមានតែ ១៧ លានតោនប៉ុណ្ណោះ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietnam Airlines ប្រកាសលក់យន្តហោះចំនួន ២៧គ្រឿង នៅត្រឹមឆ្នាំ២០២៣ តើមកពីហេតុអ្វី?

ព័ត៌មាន
ក្រុមហ៊ុន Vietnam Airlines បានប្រកាសថា ខ្លួនគ្រោងនឹងលក់យន្តហោះសរុបចំនួន ២៧ងចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២៣ខាងមុខ។ ក្នុងនោះដែរ យន្ដហោះ…

ចិននឹងដណ្ដើមបានតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១ពីអាមេរិក នៅឆ្នាំ២០៣៣

ព័ត៌មាន
របាយការណ៍ថ្មីចុងក្រោយមួយ របស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានប៉ាន់ស្មានថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងឈានទៅនាំមុខសេដ្ឋកិច្ចរបស់សហរដ្ឋអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ