រដ្ឋាភិបាលថៃគាំទ្រគម្រោងអនុញ្ញាតឱ្យក្រុមវិនិយោគិនបរទេសអាចទិញដីបាន ខណៈដែលបក្សប្រឆាំងជំទាស់នឹងគម្រោងនេះ


រាជរដ្ឋាភិបាលថៃបានការពារសេចក្ដីព្រាងច្បាប់មួយក្នុងការអនុញ្ញាតឱ្យជនបរទេសជាក្រុម អាចដាក់ពាក្យសុំការអនុញ្ញាត ដើម្បីអាចមានសិទ្ធិ ទិញ និងកាន់កាប់ដីធ្លីក្នុងប្រទេសថៃបាន ប៉ុន្ដែ ទំហំដីដែលអាចទិញបាននោះ គឺមានទំហំច្រើនបំផុតត្រឹម ១ ៦០០ ម៉ែត្រការ៉េតែប៉ុណ្ណោះ ហើយជនបរទេសទាំងនោះ ត្រូវតែមានការវិនិយោគយ៉ាងហោចណាស់ ៤០ លានបាតប្រហែលជាង ១ លានដុល្លារក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំនៅក្នុងប្រទេសថៃ។
រូបតំណាង៖ ទីក្រុងបាងកក ប្រទេសថៃ​
ដោយ

ទោះយ៉ាងណា នេះគឺគ្រាន់តែជាការធ្វើវិសោធនកម្មច្បាប់ថ្នាក់ក្រសួង ដែលមានតាំងពីឆ្នាំ២០០២មកតែប៉ុណ្ណោះ ប៉ុន្តែគណបក្សភឿថៃបានជំទាស់នឹងគម្រោងនេះដោយអះអាងថា វាមិនប្រាកដជាផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ឬក៏ដល់ពលរដ្ឋថៃនោះឡើយ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក អានូឆា ប៊ូរ៉ាផាឆៃស្រី (Anucha Buraphachaisri) បាននិយាយថា ប្រសិនបើសេចក្ដីព្រាងច្បាប់នេះត្រូវបានសភាអនុម័តមែននោះ វិសោធនកម្មនេះនឹងអនុវត្តចំពោះជនបរទេសចំនួន ៤ ក្រុម ដែលកាន់ទិដ្ឋាការស្នាក់នៅប្រទេសថៃរយៈពេលវែង (LTR) នៅក្រោមគម្រោងដែលបានបង្កើតឡើងថ្មីៗនេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស។

លោក អានូឆា បានបន្ថែមថា ច្បាប់ថ្មីនេះនឹងផ្ដោតលើក្រុមជនបរទេសចំនួន ៤ ក្រុម គឺក្រុមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន អ្នកមានប្រាក់សោធននិវត្តន៍ច្រើន អ្នកមានវិជ្ជាជីវៈធ្វើការនៅប្រទេសថៃ និងអ្នកដែលមានជំនាញច្បាស់លាស់ ឬក៏អ្នកមានជំនាញឯកទេស។

មន្ត្រីនាំពាក្យរូបនេះបានបន្ថែមទៀតថា គណៈរដ្ឋមន្ត្រីបានយល់ព្រមនឹងសំណើនេះនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍កាលសប្ដាហ៍មុន ហើយឥឡូវច្បាប់នេះកំពុងត្រូវបានពិនិត្យមើលដោយក្រុមប្រឹក្សារដ្ឋដែលជាស្ថាប័នច្បាប់របស់រដ្ឋាភិបាល។

តាមជាក់ស្ដែង ក្រុមវិនិយោគិនបរទេសដែលមានសក្តានុពលទាំងនេះនឹងត្រូវបំពេញតម្រូវការវិនិយោគក្នុងប្រទេសថៃយ៉ាងតិចជាង ១ លានដុល្លារជាមុនសិន មុននឹងពួកគេអាចស្នើសុំការអនុញ្ញាតទិញដីក្នុងទំហំច្រើនបំផុត ១ ៦០០ ម៉ែត្រការ៉េសម្រាប់គោលបំណងសាងសង់លំនៅឋាននៅរាជធានីបាងកក និងទីក្រុងប៉ាតាយ៉ាក៏ ដូចជានៅតាមទីក្រុង និងតំបន់ផ្សេងៗទៀតដែលបញ្ជាក់ថាជាតំបន់លំនៅឋានស្ថិតនៅក្រោមច្បាប់ផែនការ។

ក្រុមជនបរទេសទាំងនេះអាចជ្រើសរើសធ្វើការវិនិយោគនៅក្នុងមូលបត្របំណុលដែលចេញដោយរដ្ឋាភិបាល មូលនិធិអចលនទ្រព្យ ឬហេដ្ឋារចនាសម្ព័ន្ធ ឬក៏ទំនុកចិត្តវិនិយោគលើអចលនទ្រព្យ។ គម្រោងនេះនឹងចូលជាធរមានសម្រាប់រយៈពេល ៥ ឆ្នាំបន្ទាប់ពីការបោះពុម្ពផ្សាយនៅក្នុងសៀវភៅរាជកិច្ចរបស់ព្រះមហាក្សត្រថៃ។

លោកបន្តថា កម្មសិទ្ធិដីធ្លីបែបនេះនៅតែអាចត្រូវបានដកហូតយកមកវិញបានក្នុងករណីដែលម្ចាស់ដីបំពានលក្ខខណ្ឌនៃបទប្បញ្ញត្តិរបស់ក្រសួងសាមី។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ ចាប់តាំងពីបទប្បញ្ញត្តិរបស់ក្រសួងនេះបានចូលជាធរមានក្នុងឆ្នាំ ២០០២មកគឺមានតែជនបរទេស ៨ នាក់តែប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យកាន់កាប់ដីនៅក្នុងប្រទេសថៃ។

ទន្ទឹមនឹងនេះ គណបក្សប្រឆាំងភឿថៃបាននិយាយថា ខ្លួនបានជំទាស់នឹងផែនការអនុញ្ញាតឱ្យជនបរទេសដែលមានសិទ្ធិកាន់កាប់ដីធ្លីនេះដោយនិយាយថា វានឹងមិនមានផលប្រយោជន៍ពិតប្រាកដដល់សេដ្ឋកិច្ច ឬក៏ដល់ប្រជាជនថៃនោះទេ។

គណបក្សប្រឆាំងនេះបាននិយាយកាលពីម្សិលមិញថា បទប្បញ្ញត្តិនេះនឹងជះឥទ្ធិពលអាក្រក់ដល់ប្រជាជនថៃជាច្រើនដែលនៅតែមិនទាន់មានផ្ទះសម្បែង ឬក៏ដីធ្លីនៅឡើយ ហើយមនុស្សជំនាន់ក្រោយប្រហែលជាមិនអាចមានលទ្ធភាពទិញដីនោះទេ ដោយសារតែតម្លៃកាន់តែខ្ពស់៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីនឹងផ្ដល់សិទ្ធិគ្រប់គ្រងដីធ្លីរហូតដល់ ១០០ ឆ្នាំសម្រាប់ការវិនិយោគនៅក្នុងរដ្ឋធានីថ្មី នូសានតារ៉ា

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីអាចផ្តល់ការលើកលែងពន្ធលើតម្លៃបន្ថែម និងផ្ដល់ការអនុញ្ញាតការប្រើដីកាន់យូរព្រមទាំងផ្តល់អាជ្ញាបណ្ណលឿនជាងមុនសម្រាប់ក្រុមអ្នកដែលវិន…

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា

ព័ត៌មាន
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កម្ពុជា បានត្រៀមខ្លួនជាស្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ