ថៃ និងវៀតណាមសហការគ្នាដំឡើងថ្លៃអង្ករ

ថៃ និងវៀតណាមសហការគ្នាជាលើកដំបូងដំឡើងថ្លៃទីផ្សារអង្ករពិភពលោក


មន្ត្រីក្រសួងកសិកម្មថៃបាននិយាយកាលពីថ្ងៃចន្ទ ទី ២៩ សីហា ថា ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងសហការគ្នា ក្នុងការបង្កើនតម្លៃអង្ករនៅក្នុងទីផ្សារពិភពលោក បន្ទាប់ពីបានធ្វើកិច្ចពិភាក្សាជាច្រើនខែកន្លងមកនេះ ក្នុងគោលបំណងលើកកម្ពស់ប្រាក់ចំណូលឲ្យប្រជាជននៅតាមទីជនបទស្រែចម្ការ ខណៈការដាំដុះស្រូវនាពេលបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាជាច្រើន ពិសេសការចំណាយថ្លៃដើមខ្ពស់តែម្ដង។
ថៃ និងវៀតណាមសហការគ្នាជាលើកដំបូងដំឡើងថ្លៃទីផ្សារអង្ករពិភពលោក
ដោយ

លោកអាឡុងកន ផុនឡាប៊ូត (Alongkorn Ponlaboot) ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាសហករណ៍របស់ប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយពីកិច្ចពិភាក្សាជាមួយមន្ត្រីវៀតណាមថា «នេះជាលើកទីមួយហើយ ដែលប្រទេសថៃ និងវៀតណាមបានយល់ព្រមសហការគ្នា ក្នុងការដំឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក»។

ប្រទេសថៃ និងវៀតណាមបានចាប់ផ្តើមកិច្ចចរចាពាក់ព័ន្ធនឹងការសហការគ្នាដំឡើងថ្លៃអង្ករលើទីផ្សារពិភពលោកនេះកាលពីខែឧសភាកន្លងទៅ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃមួយរូបបាននិយាយថា គោលបំណង នៃការដំឡើងថ្លៃអង្ករនេះ គឺដើម្បីជំរុញបង្កើនប្រាក់ចំណូលរបស់កសិករ ដែលកំពុងជួបការលំបាក ដ្បិតការចំណាយថ្លៃដើមខ្ពស់។

មែនទែនទៅ បើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក ប្រទេសវៀតណាម និងថៃ គឺតំណាងឲ្យប្រមាណ ១០% នៃផលិតកម្មអង្ករនៅលើពិភពលោក និងប្រហែល ២៦% នៃការនាំចេញសាកល។

ទោះជាយ៉ាងណា គេនៅមិននទាន់ដឹងច្បាស់ទេថា តើការដំឡើងតម្លៃអង្ករនោះ មានប្រសិទ្ធភាពយ៉ាងណានោះទេ។

ក៏ប៉ុន្ដែ លោកអាឡុងកន ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម ថៃបាននិយាយថា សេចក្តីសង្ខេបនៃជុំចុងក្រោយនៃកិច្ចពិភាក្សា និងការចេញអនុសាសន៍រួមគ្នា ដើម្បីដំឡើងថ្លៃអង្ករនោះ នឹងត្រូវបង្ហាញដល់រដ្ឋមន្ត្រីកសិកម្មនៃប្រទសទាំងពីរ ដើម្បីសម្រេច។

ជុំវិញនឹងការដំឡើងថ្លៃអង្ករនេះដែរ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃធ្លាប់បានរិះគន់ចំពោះវិធានការនេះ ដោយលោកបាននិយាយថា ការនាំចេញអង្ករគឺជាពាណិជ្ជកម្មសេរីដែលពាក់ព័ន្ធនឹងការប្រកួតប្រជែងជាសកល ហើយមិនគួរព្យាយាមដំឡើងតម្លៃនោះទេ ខណៈឥណ្ឌាក៏ជាប្រទេសនាំចេញអង្ករធំមួយទៅកាន់ទីផ្សារសកលជាង ២០លានតោនក្នុងមួយឆ្នាំៗ បើធៀបនឹងប្រទេស ថៃ និង វៀតណាម មានការនាំចេញបានត្រឹមតែជាង ៦ លោនតោនប៉ុណ្ណោះ។

លោក Chookiat បានព្រមានថា ប្រសិនបើថៃ និងវៀតណាម រួមគ្នាដំឡើងថ្លៃអង្ករ តើនឹងមានអ្វីកើតឡើង ប្រសិនបើប្រទេសផ្សេងទៀតជ្រើសរើសទិញអង្ករពីឥណ្ឌា និង អ្នកនាំចេញអង្ករផ្សេងទៀត ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងប៉ាគីស្ថាននោះ៕




អត្ថបទបន្ទាប់


ជប៉ុនសន្យាចាក់លុយ ៣០ ពាន់លានដុល្លារដល់តំបន់អាហ្វ្រិក ខណៈខ្លួនកំពុងព្យាយាមទប់ទល់ឥទ្ធិពលចិន

ព័ត៌មាន
ប្រទេសជប៉ុនគ្រោងនឹងចាក់បញ្ចូលជំនួយ និងការវិនិយោគចំនួន ៣០ ពាន់លានដុល្លារពីវិស័យសាធារណៈ និងឯកជនរបស់ខ្លួនចូលទៅក្នុងប្រទេសនៅទ្វីបអាហ្រ្វិក…

ក្រុមហ៊ុនបច្ចេកវិទ្យា Dell សម្រេចបិទប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅប្រទេសរុស្ស៊ី

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក Dell Technologies Inc បានអះអាងថាថា ក្រុមហ៊ុននេះបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅក្នុងប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ