ការចាក់វ៉ាក់សាំងដូសទី៣

ការសម្រេចចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋទូទៅរបស់អាមេរិក កំពុងរងការចោទសួរពីក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន


សហរដ្ឋអាមេរិកថ្មីៗនេះ បានសម្រេចអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋអាមេរិកទូទៅ ក្រោយកូវីដ១៩បំម្លែងថ្មីបន្តវាយប្រហារកាន់តែខ្លាំងឡើង។ ប៉ុន្ដែ ក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីសហភាពអឺរ៉ុបខ្លះ បានយល់ឃើញថា វាហាក់ដូចជាមិនទាន់មានភាពចាំបាច់ក្នុងការចាក់ដូសជំរុញនេះ ជូនដល់ប្រជាជនអាមេរិកទូទៅនៅឡើយទេ ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏បានចោទសំណួរឡើងជាច្រើនផងដែរ ជុំវិញនឹងការជំរុញការចាក់ដូសទី៣ នៅសហរដ្ឋអាមេរិក ដែលត្រៀមនឹងចាប់ផ្ដើមនៅក្នុងខែកញ្ញាខាងមុខនេះហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia។
ការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣នៅ សហរដ្ឋអាមេរិក (រូបភាពឯកសារ)

ផែនការ​របស់​រដ្ឋបាល លោក ចូ ប៊ៃ​ដិ​ន ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ដូ​ស​ទី​៣​ឬ​ដូ​ស​ជំរុញ គឺ​បន្ទាប់​ពី​មើលឃើញ​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​ថយ​ចុះ​សមត្ថភាព​របស់​វ៉ាក់សាំង​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ន័យ​ថា មនុស្ស​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ ងាយ​នឹង​ឆ្លង​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ទោះបី​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស​យ៉ាងណា​ក្ដី​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង​ថា ការ​សន្និដ្ឋាន​ទាំង​អស់នេះ នៅ​មិន​ទាន់​មាន​ទិន្នន័យ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ផ្លូវការ​នៅឡើយ​នោះ​ទេ​។

បើ​តាម​ផែនការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​របស់​អា​មេ​រិ​ក ដែល​ត្រៀម​ចាក់​ជូន​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ទូទៅ គឺ​នឹង​ធ្វើ​ឡើង​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ Pfizer និង Moderna ចំនួន​២​ដូ​សរួច ក្រោយ​រយៈពេល​៦​ខែ ទើប​អាច​ចាក់​ដូ​ស​ទី​៣​បាន ដោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ទ្រង់ទ្រាយ​ធំ​នៅ​អា​មេ​រិ​ក​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី ២០ ខែកញ្ញា​ខាង​មុខ​នេះ​។

អ្នកជំនាញ​សុខាភិបាល​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​ឡើង​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​របស់​អា​មេ​រិ​ក​នា​ពេល​នេះ ស្រប​ពេល​ដែល​មាន​៣០% នៃ​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​មាន​សិទ្ធិ​អាច​ចាក់​វ៉ាក់សាំង​នៅ​មិន​ទាន់​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​១​ដូ​ស​នៅឡើយ​ទេ បើ​ទោះបីជា កូ​វី​ដ​-១៩​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​ក៏​ដោយ​។ អ្នកជំនាញ លើក​ឡើង​ថា អ្វី​ដែល​សំខាន់​ជាង​ការ​ចាក់​ដូ​ស​ទី​៣ នៅ​អាម​រិ​ក គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​សូ​ម្បី​តែ​១​ដូ​ស​ទាំងនោះ ឲ្យ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ 

ប្រទេស​ជា​ច្រើន​បាន​សម្រេចចិត្ត​អនុញ្ញាត​ឱ្យ​មានការ​ចាក់​ដូ​ស​ទី​៣ ដល់​មនុស្ស​ចាស់ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដោយហេតុ​ថា ដូ​ស​ទី​៣​នឹង​អាច​បង្កើន​ភាពស៊ាំ​បន្ថែម​ក្នុង​រាង​កាយ​មនុស្ស​។ ប៉ុន្ដែ បើ​តាម​មន្ត្រី​ជំនាញ​សហភាព​អឺរ៉ុប​មួយ​ចំនួន និយាយ​ថា ពួក​គេ​នៅ​មិន​ទាន់​មើលឃើញ​ថា វា​មាន​ភាព​ចាំបាច់​ដើម្បី​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​សម្រាប់​ប្រជាជន​ទូទៅ​នោះ​ទេ​។

ទោះ​យ៉ាងណា វេជ្ជបណ្ឌិត​មួយ​រូប​របស់​អា​មេ​រិ​កបាន​និយាយ​ថា ទិន្នន័យ​ថ្មី​ៗ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រសិទ្ធភាព​វ៉ាក់សាំង​ការពារ​ប្រឆាំង​កូ​វី​ដ​-១៩​មានការ​ថយ​ចុះ​ទៅ​តាម​ពេលវេលា ដែល​នេះ​ទំនងជា ដោយសារ​តែ​ភាពស៊ាំ​ចុះ​ខ្សោយ និង​ភាព​ខ្លាំង​នៃ​ការ​រីក​រាលដាល​មេរោគ​បំ​ម្លែ​ង​ថ្មី​ឌែ​លតា​។ ខណៈ​ដែល​ស​ប្ដា​ហ៍​មុន ក្នុង​ចំណោម​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ៨​ពាន់​នាក់​មាន​អាយុ​លើស ៦៥​ឆ្នាំ មាន​ស្ទើរតែ ៧៤% ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ក្រោយ​ឆ្លង​កូ​វី​ដ​១៩ ដោយ​ក្នុង​នោះ មាន​ប្រមាណ​ជិត ២០%​បាន​ស្លាប់​។

ស្រប​ពេល​ដែល​យុទ្ធនាការ​ចាក់​ដូ​ស​ទី​៣​របស់​សហរដ្ឋអាមេរិក​មិន​ទាន់​ចេញ​ផង ថ្មី​ៗ​នេះ ម្ចាស់​ភោជនីយដ្ឋាន និង​អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន កំពុង​ដាក់​ពាក្យ​ប្តឹង​អភិបាលក្រុង​ញូ​វ​យ៉​ក​លោក ប៊ី​ល ឌឺ ប្លា​ស៊ីអូ (Bill de Blasio) ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង មុន​ពេល​ចូល​ភោជនីយដ្ឋាន និង កន្លែង​សាធារណៈ​ផ្សេង​ៗ​។ ផែនការ​ចាក​វ៉ាក់សាំង​នេះ ត្រូវ​បាន​ក្រុម​អ្នកជំនួញ​ទាំងនោះ លើក​ឡើង​ថា ច្បាប់​នេះ មិន​ត្រឹមតែ​រារាំង​អ្នក​មិន​ចង់​ចាក់​វ៉ាក់សាំង​ពី​ការ​បំពេញការងារ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​រំលោភ​លើ​សេរីភាព​របស់​ពួក​គេ​ផង​ដែរ​។

ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​នេះ​ដែរ បើ​យើង​មើលទៅ​លើ​អ៊ី​ស្រា​អែ​ល​ឯណោះ​វិញ កំពុង​បន្ត​ពង្រីក​យុទ្ធនាការ​ចាក់​ដូ​ស​ទី​៣​បន្ថែម​ដល់​ពលរដ្ឋ​របស់​ខ្លួន​កាន់តែ​ច្រើន ពិសេស​អ្នកមាន​អាយុ​លើស​៤០​ឆ្នាំ និង បុគ្គលិក​អប់រំ​ផង​ដែរ ដោយ​សង្ឃឹមថា​ការ​ពង្រីក​យុទ្ធនាការ​នេះ​នឹង​ទប់ស្កាត់​ពី​ការ​ឆ្លង​មេរោគ​បំ​ម្លែ​ង​ថ្មី​ឌែ​លតា​។

សូម​បញ្ជាក់​អ៊ី​ស្រា​អែ​ល​បាន​ចាប់ផ្តើម​ចាក់​ដូ​ស​ទី ៣ ដល់​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៦០​ឆ្នាំ​កាលពី​ខែកក្កដា​កន្លង​ទៅ​នេះ​។ យ៉ាងណាមិញ គិត​មក​ទល់​ពេល​នេះ ប្រជាជន​អ៊ី​ស្រា​អែ​លជិត ១លាន ៥សែននាក់ក្នុងចំណោមប្រជាជន ៩លាន ៣សែននាក់របស់ប្រទេសនេះបានទទួលការចាក់ដូសទី៣ហើយ។ អ៊ី​ស្រា​អែ​ល​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ចាក់​ដូ​ស​ទី​៣ មាន​ប្រសិទ្ធភាព ៨៦​ភាគរយ​ក្នុង​ការ​ការពារ​ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ចំណោម​មនុស្ស​មាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​។

បើ​ទោះបីជា ប្រទេស​ជា​ច្រើន​ពិសេស​ប្រទេស​អ្នកមាន​កំពុង​ជំរុញ​ការ​ចាក់​ដូ​ស​ទី​៣​កាន់តែ​ច្រើន​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ក្ដី ប៉ុន្ដែ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​នា​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​មុខ​អំពាវនាវ​ឲ្យ​ប្រទេស​អ្នកមាន​ទាំងនោះ កុំ​ទាន់​សម្រុក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​អី ដ្បិតថា នៅ​មាន​ប្រទេស​ក្រីក្រ​ជា​ច្រើន​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយ​អង្គការ​សុភាព​ពិភពលោក​ថា ការ​ចាក់​ដូ​ស​ទី​៣​នេះ​នៅ​មិន​ទាន់​មាន​ភាព​ចាំបាច់​នៅឡើយ​៕

អត្ថបទ៖ ស៊ើង ​និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីដែលមហាក្សត្រទើបតែងតាំង នឹងត្រូវចូលខ្លួនមកដោះស្រាយវិវបត្តិអ្វីខ្លះ?

ព័ត៌មាន
ទីបំផុតព្រះមហាក្សត្រម៉ាឡេស៊ីបានសម្រេចតែងតាំងលោក អ៊ីស្មីល សាប្រ៊ី យាកុប (Ismail Sabri Yaakob) ធ្វើជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជំនួស លោក ម៉…

សិង្ហបុរីថា ចំណាត់ការអាស៊ានក្នុងសំណុំរឿងភូមា គ្មានប្រសិទ្ធភាព

ព័ត៌មាន
មន្ត្រីការបរទេសសិង្ហបុរីនៅអំឡុងពេលផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយចំៗថា ចំណាត់ការនិងដំណោះស្រាយដែលអាស៊ាន បាននិង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ