Advertisement
អាជីវកម្ម Franchise

ក្រុមហ៊ុន​ណា​ខ្លះ​​ដែល​នាំ​ចូល Franchise មក​កម្ពុជា​ច្រើន​ជាង​គេ?


ទោះ​បី​ជា​ការ​យល់​ដឹង​ស៊ី​ជម្រៅ​អំពី Franchise របស់​សហគ្រិន​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ក៏​ដោយ ប៉ុន្ដែ អាជីវកម្ម​ប្រភេទ​នេះ បាន​និង​កំពុង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​ជា​បន្ដ​បន្ទាប់ ដោយ​ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា ការ​នាំ​ចូល​យី​ហោ Franchise ពី​បរទេស​មក​លក់​នៅ​កម្ពុជា ហាក់​ដូច​ជា​មាន​​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ។
ហាង​កាហ្វេ K.E Cafe ជា​ហាង​កាហ្វេ​យីហោ​ក្នុងស្រុក ដែល​ស្ថិត​នៅ​ម្ដុំ​បឹងកេងកង រាជ​ធានី​ភ្នំពេញ។ បច្ចុប្បន្ន ការ​នាំ​យក​យីហោ​បរទេស​មក​បើក​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ស្រុក​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង។
ដោយ
Advertisement

ដ្បិត​ថា ចំនួន​នៃ​អាជីវកម្ម​ប្រភេទ​នេះ នៅ​មិន​ទាន់​បាន​កត់​ត្រា​ច្បាស់​ថា​មាន​ចំនួនប៉ុន្មាន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ក៏​ដោយ ប៉ុន្ដែ ខេមបូណូមីស បាន​កត់​សម្គាល់​ឃើញ​ថា មាន​ក្រុមហ៊ុន​ធំៗ​ចំនួន​២ ដែល​មាន​ការ​នាំចូល​យីហោ​អាជីវកម្ម Franchise មក​ទីផ្សារ​កម្ពុជា​ច្រើន​ជាង​គេ ក្នុង​នោះ​រួមមាន៖

១, ក្រុមហ៊ុន Express Food Group (EFG) 

EFG ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ គឺ RMA Cambodia។ ក្រៅពី​មាន​ក្រុមហ៊ុន EFG ដែល​ជា​ក្រុមហ៊ុន​ប្រតិបត្តិ​លើ​វិស័យ​ភោជនីយដ្ឋាន ក្រុមហ៊ុន RMA Cambodia ក៏​មាន​ប្រតិបត្តិការ​អាជីវកម្ម​ជា​ច្រើន​ផ្សេង​ទៀត តួយ៉ាង ការ​នាំចូល​ម៉ាក​រថយន្ដ​ទំនើបៗ ដូចជា Ford, Jaguar និង Land Rover រថយន្ដ​ដឹក​ទំនិញ FUSO នាំ​ចូល​គ្រឿង​ចក្រ​សម្រាប់​វិស័យ​កសិកម្ម ក្រុមហ៊ុន​ផ្ដល់​សេវា​ជួល​រថយន្ដ AVIS និង​នាំចូល​ផលិត​ផល​ប្រើប្រាស់​ជា​ច្រើន​មុខ​ទៀត។

យីហោ​អាហារ​មួយ​ចំនួន​ ដែល​នាំ​ចូល​ពី​បរទេស​មក​លក់​នៅ​កម្ពុជា ដោយក្រុុុមហ៊ុន EFG។

ទាក់ទង​នឹង​វិស័យ​ចំណី​អាហារ ក្រុមហ៊ុន EFG បាន​នាំ​ចូល​ម៉ាក Franchise ពី​បរទេស​រហូត​ដល់​៦​ម៉ាកយីហោ​​ផ្សេង​គ្នា ដូចជា ភោជនីយដ្ឋាន The Pizza Company ហាងការ៉េម Swensens, ហាង BBQ Chicken ហាង Dairy Queen ហាងកាហ្វេ Costa និង​ហាង​នំ​ដូណាត់ Krispy Kreme ជាដើម។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន EFG ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​នាំចូល Franchise មក​កម្ពុជា​ដំបូង​គេ ដោយ​ក្នុង​នោះ យីហោ The Pizza Company ត្រូវ​បាន​គេ​ស្គាល់​ថា ជា​យីហោ Franchise មួយ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​កម្ពុជា ខណៈ​ដែល​ត្រូវ​បាន​នាំចូល​មក​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ និង​ពង្រីក​ខ្លួន​យ៉ាង​ច្រើន​សាខា​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផងដែរ។

២, ក្រុមហ៊ុន CBM Corporation

ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន​វ័យ​ក្មេង​ពីរ​រូប គឺ​លោក គួច សុខលី និង លោក ជី សិលា គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ​បាន​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង ជាមួយ​នឹង​ការ​នាំ​ចូល​នូវ​យីហោ​ភោជនីយដ្ឋាន Franchise ពី​បរទេស ៥ យីហោ​ផ្សេងៗ​គ្នា។ 

ហាង​នំ Tous les Jours ដែល​ជា​យីហោ​បរទេស​នាំ​ចូល​មក​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន CBM។

លោក​អ្នក​នាង​ភាគ​ច្រើន ប្រហែល​ជា​មិនសូវ​ស្គាល់​ពី​ឈ្មោះ​ក្រុមហ៊ុន​នេះ​ទេ ប៉ុន្ដែ បើ​និយាយ​ពី​យីហោ​ភោជនីដ្ឋាន BB World និង Pizza World ប្រហែល​ជា​មាន​អ្នក​នៅ​ចាំ​បាន​ខ្លះ ព្រោះ​ភោជនីយ​ដ្ឋាន​ទាំង​ពីរ​នេះ គឺ​ជា​ភោជនីយដ្ឋាន​បម្រើ​អាហារ Fast Food ធំ​ដំបូង​គេ​មួយ​នៅ​កម្ពុជា ប៉ុន្ដែ រហូត​មក​ទល់​ពេល​នេះ ក៏​ត្រូវ​បាន​បាត់​ខ្លួន​ពី​​ទីផ្សារ​ផង​ដែរ។ ទោះ​បី​ជា​យីហោ​ក្នុង​ស្រុក​ទាំង​ពីរ​នេះ បាន​បាត់​វត្ដមាន​លើ​ទីផ្សារ​ក៏​ដោយ ប៉ុន្ដែ ក្រុមហ៊ុន CBM ក៏​បាន​ជំរុញ​ការ​នាំ​យីហោ Franchise ពី​ក្រៅ​ប្រទេស​មក​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​វិញ ខណៈ​ដែល​និន្នាការ​អតិថិជន ជា​ពិសេស យុវជន ចាប់​ផ្ដើម​ឈ្លក់​វង្វេង​នឹង​ម៉ាក​បរទេស​ល្បីៗ​កាន់​តែ​ខ្លាំង​ឡើង។

គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ CBM បាន​នាំចូល​យីហោ​ភោជនីយ​ដ្ឋាន Franchise មក​កម្ពុជា រួមមាន ដូចជា ហាងនំប៉័ង Tous Les Jours  ហាង​ប៊ឺហ្គើ Lotteria ភោជនីយដ្ឋាន Asian Kitchen ហាង Domino’s Pizza និង​ហាង​លក់​មាន់​បំពង Kyochon ជាដើម។ 

ក្រៅពី​ក្រុមហ៊ុន​ធំៗ​ទាំង​ពីរ​ខាង​លើ​នេះ ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បាន​និង​​កំពុង​នាំចូល​យីហោ Franchise មក​ទីផ្សារ​កម្ពុជា​ជា​បន្ត​បន្ទាប់​ផង​ដែរ។ បើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា គិត​មក​ទល់​ពេល​នេះ យីហោ Franchise បរទេស​ដែល​បាន​នាំចូល​មក​ទីផ្សារ​កម្ពុជា​មាន​ប្រមាណ​១០០​ម៉ាក​យីហោ​ផ្សេង​គ្នា។ 

ទោះបីជា​អាជីវកម្ម​នេះ​កំពុង​មាន​ការ​ពេញ​និយម​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់ និង​សហគ្រិន​កម្ពុជា​ក៏​ដោយ ប៉ុន្ដែ អាជីវកម្មនេះ​ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា ក៏​ជា​កាំបិត​មុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា​ផង​ដែរ។ ជា​កាំបិត​មុខ​ពីរ ព្រោះ​ដើម្បី​អាច​នាំចូល​ម៉ាក​ទាំង​នោះ​បាន​មក​មួយៗ​នោះ ចាំបាច់​ត្រូវ​ចំណាយ​ទុន​រាប់​សិប​ម៉ឺន​ដុល្លារ ឬ​លាន​ដុល្លារ​ក៏​មាន។ ដូច្នេះ ប្រសិន​បើ​អ្នក​ប្រតិបត្តិការ​ខ្វះ​ការ​ស្វែងយល់​ស៊ី​ជម្រៅ​ពី​គំរូ​អាជីវកម្ម​ប្រភេទ​នេះ និង​ទីផ្សារ​របស់​ឲ្យ​ខ្លួន​ច្បាស់​លា​ស់ ឬ​ឃើញ​គេ​ទិញ​ចេះ​តែ​ទិញ​តាម​គេ នោះ​វា​នឹង​ធ្វើ​ឲ្យការ​ប្រតិបត្តិ​អាជីវកម្ម​ងាយ​នឹង​ជួប​ហានិភ័យ​បំផុត៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនួញ​វ័យ​ក្មេង​ប្រាប់គន្លឹះ១0​ចំណុច​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​បើក​ទ្វារ​បាន​យូរ

ព័ត៌មាន
ការបើក​អាជីវកម្ម​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​បន្ត​បើក​ទ្វារ​បាន​យូរ​អង្វែង មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន...

អាមេរិក​មិន​មាន​ផែនការ​ដក​ភីសខ័រ​(Peace Corps) ចេញ​ពី​កម្ពុជា​ទេ

ព័ត៌មាន
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​មិន​មាន​ផែនការ​ដក​ភីសខ័រ (peace corps) ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។​
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ