Advertisement
ឈ្មួញ​នាំ​ចេញ​អង្ករ

កំពូល​ឈ្មួញ​នាំ​ចេញ​អង្ករ​ទាំង​១០​នៅ​កម្ពុជា ជា​នរណា​ខ្លះ?


កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ផ្នែក​កសិកម្ម ប្រជាជន​ប្រមាណ ៥០​ភាគរយ​ប្រកប​មុខ​របរ​កសិកម្ម។ ជាពិសេស ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ផលិត​ស្រូវ​បាន​រាប់​សិប​លាន​តោន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក និង​មួយ​ចំនួន​ធំ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​ផង​ដែរ។
កំពូល​ឈ្មួញ​នាំ​ចេញ​អង្ករ​ទាំង​១០​រូប​នៅ​កម្ពុជា។
ដោយ
Advertisement

ជាក់​ស្តែង កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដែល​ភាគ​ច្រើន​គឺ​ទីផ្សារ​អឺរ៉ុប អាមេរិក និង​ចិន មាន​ចំនួន​ប្រមាណ​ជាង​កន្លះ​លាន​តោន មិន​ទាន់​គ្រប់​ទៅ​នឹង​ផែនការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ចេញ​ឲ្យ​មាន​ការ​នាំ​ចេញ​អង្ករ​រហូត ១​លាន​តោន​នោះ​នៅ​ឡើយ​ទេ។ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​លេខ​៧ ជា​ប្រទេស​ដែល​បាន​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។

ជុំវិញ​ទៅ​នឹង​ការ​នាំ​ចេញ​អង្ករ​នេះ​ដែរ មាន​ឈ្មួញ​នាំ​ចេញ​អង្ករ​ជា​ច្រើន​កំពុង​តែ​ប្រណាំង​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ដើម្បី​ដណ្តើម​កេរ្តិ៍​ឈ្មោះ កិត្តិយស និង​ទីផ្សារ​នៅ​លើ​ឆាក​អន្តរជាតិ។ គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ចំនួន ៧២​ក្រុមហ៊ុន ដែល​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​នាំ​ចេញ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស សូម​លើក​យក​តែ​ក្រុមហ៊ុន​ធំៗ​កំពូលៗ​ទាំង​១០​តែ​ប៉ុណ្ណោះ មក​ជម្រាប​ជូន​មិត្ត​អ្នក​អាន។ មុខ​ជំនួញ​អង្ករ​នៅ​កម្ពុជា ភាគច្រើន​គ្រប់គ្រង​ដោយ​អ្នក​មាន​អំណាច​និង​សេដ្ឋី​ឧកញ៉ា។ ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ឈ្មួញ​ធំៗ​និង​ជា​ឧកញ៉ា​ស្រូវ​អង្ករ ទាំង​១០ ដែល​បាន​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧នេះ៖

ទី១  លោក​ជំទាវ ឧកញ៉ា កែវ ម៉ាលី 

លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ​សមាជិក​ព្រឹទ្ធ​សភា​និង​ជា​អគ្គនាយិកា ក្រុមហ៊ុន CRYSTAL RICE (Kampuchea) CO., LTD
Advertisement

ជា​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ព្រឹទ្ធ​សភា​ផង និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង។ បច្ចុប្បន្ន លោក​ជំទាវ ឧកញ៉ា កែវ ម៉ាលី គឺ​ជា​សមាជិក​ព្រឹទ្ធ​សភា​និង​ជា​អគ្គនាយិកា ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ដ៏​លេច​ធ្លោ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។ 

លោក​ជំទាវ មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​លំដាប់​ស្តង់ដារ​អន្តរ​ជាតិ និង​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ថា CRYSTAL RICE (Kampuchea) CO., LTD។ ក្រុមហ៊ុន​នេះ​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ចំនួន ៣​ម៉ឺន ៩៦១​តោន នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ។ បន្ទាប់​ពី​ប្រកប​មុខ​ជំនួញ​ស្រូវ​អង្ករ​លោក​ជំទាវ ឧកញ៉ា កែវ ម៉ាលី ក៏​មាន​មុខ​ជំនួញ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។

ទី២ លោក​ឧកញ៉ា ភូ ពុយ

ឧកញ៉ា ភូ ពុយ អគ្គនាយក​ក្រុមហ៊ុន BAITANG (KAMPUCHEA) PLC។

ឧកញ៉ា ភូ ពុយ ជា​ឈ្មួញ​អង្ករ​ដ៏​ល្បី​ល្បាញ​ចាស់​វស្សា​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គាត់​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន BAITANG (KAMPUCHEA) PLC។ 

ក្រុមហ៊ុន ​របស់​ឧកញ៉ា ភូ ពុយ បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ២​ម៉ឺន ៧៤១៥​តោន នៅ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ។ ក្រៅពី​រក​ស៊ី​ស្រូវ​អង្ករ ឧកញ៉ា​ដែល​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​រូប​នេះ ក៏​មាន​មុខ​ជំនួញ​ជា​ច្រើន​ផង​ដែរ។

ទី​៣  ឯកឧត្តម សុខ ពុទ្ធិវុធ

ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន APSARA RICE (CAMBODIA) CO., LTD
Advertisement

ឯកឧត្តម សុខ ពុទ្ធិវុធ ជា​ពាណិជ្ជករ​វ័យ​ក្មេង​ដ៏​លេច​ធ្លោ​ជាង​គេ​ក្នុង​ចំណោម​ឈ្មួញ​អង្ករ​ធំៗ​ទាំង​អស់​នៅ​កម្ពុជា។ លោក​គឺ​ជា​កូន​ប្រុស​បង្កើត​របស់​សម្តេច​​វិបុល​បញ្ញា សុខ អាន និង​ជា​កូន​ប្រសារ​របស់​​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ។ 

បច្ចុប្បន្ន​លោក​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន APSARA RICE (CAMBODIA) CO., LTD និង​​ក្រុមហ៊ុន​សោម៉ា គ្រុប។ ក្រុមហ៊ុន APSARA RICE (CAMBODIA) CO., LTD បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ប្រមាណ ២ម៉ឺន ៣៧៣៤ តោន។ ក្រៅ​ពី​រក​ស៊ី ខាង​ស្រូវ​អង្ករ លោក​ក៏​មាន​មុខ​ជំនួញ​ជា​ច្រើន​ផ្សេង​​ទៀត​ដែរ។

ទី៤ លោក​ឧកញ៉ា  គឹម សាវុធ 

ឧកញ៉ា គឹម សាវុធ ​អគ្គនាយក​ក្រុមហ៊ុន KHMER FOOD GROUP CO., LTD។ (រូបភាព៖ PNN TV)

លោក​ក៏​ជា​មេ​ឈ្មួញ​អង្ករ​ជើង​ខ្លាំង​ចាស់​វស្សា​ក្រែល​ដែរ ក្នុង​ចំណោម​មេ​ឈ្មួញ​អង្ករ​ធំៗ​ទាំង​អស់​នៅ​កម្ពុជា។  ឧកញ៉ា គឹម សាវុធ បច្ចុប្បន្ន​ជា​អគ្គនាយក​ក្រុមហ៊ុន KHMER FOOD GROUP CO., LTD។ 

លោក​បាន​ធ្វើការ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ប្រមាណ ២ម៉ឺន ១៨៣១តោន។ ក្រៅ​ពី​រក​ស៊ី​ខាង​ស្រូវ​អង្ករ​ លោក​ក៏​មាន​មុខ​ជំនួញ​ជា​ច្រើន​ផ្សេង​ទៀត​ដែរ។

ទី៥ លោក ឧកញ៉ា សុង សារ៉ន 

ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice
Advertisement

ថ្មីៗ​នេះ លោក​ឧកញ៉ា សុង សារ៉ន ហាក់​បី​ដូច​ជា​មាន​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព​ជំនួញ​វិស័យ​កសិកម្ម ពិសេស​មុខ​ជំនួញ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ឧកញ៉ា សុង សារ៉ន រាប់​ចាត់​ទុក​ថា ជា​ពាណិជ្ជករ​ដ៏​មាន​សក្តានុពល​វ័យ​ក្មេង​មួយ​រូប​ផង​ដែរ នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

ឧកញ៉ា សុង សារ៉ន គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន AMRU RICE (CAMBODIA) CO., LTD។ លោក​បាន​ធ្វើការ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ប្រមាណ ១ម៉ឺន ៩៦៦៣​តោន។ 

ក្រៅ​ពី​របរ​​ស្រូវ​អង្ករ លោក​ក៏​មាន​មុខ​ជំនួញ​ជា​ច្រើន​ផ្សេង​ទៀត​ដែរ។ បច្ចុប្បន្ន លោក​ឧកញ៉ា សុង សារ៉ន មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចំនួន ៦ កំពុង​តែ​​ប្រតិបត្តិការ​នៅ​កម្ពុជា។

ទី៦ លោក​បណ្ឌិត សុក ហាច 

បណ្ឌិត សុក ហាច ​អគ្គនាយក​ក្រុមហ៊ុន GOLDEN RICE (CAMBODIA) CO., LTD

អតីត​ជា​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ដ៏​ល្បី​ល្បាញ​មួយ​រូប ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ឈ្មោះ​ថា វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា។ លោក​បណ្ឌិត សុក ហាច បាន​បោះ​បង់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ដែល​បង្កើត​ឡើង​ដោយ​រូប​លោក​ផ្ទាល់ ទៅ​ចូល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​វិញ​ម្តង។ លោក​បាន​ចាប់​យក​មុខ​ជំនួញ​ស្រូវ​អង្ករ​ជាមួយ​នឹង​ដៃគូ​បារំាង។ 

តែ​ប៉ុន្មាន​ឆ្នាំ​សោះ មុខ​ជំនួញ​ស្រូវ​អង្ករ​និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​របស់​លោក សុក ហាច ហាក់​បី​ដូចជា​បោះពួយ​ទៅ​មុខ​យ៉ាង​លឿន ដែល​ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​នាំ​ចេញ​ស្រូវ​អង្ករ​នៅ​ប្រទេស​កម្ពុជា។ 

បច្ចុប្បន្ន លោក​បណ្ឌិត សុក ហាច ជា​អគ្គនាយក​ក្រុមហ៊ុន GOLDEN RICE (CAMBODIA) CO., LTD។ លោក​បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ប្រមាណ ១ម៉ឺន ៦៧៧៤​តោន។ 

ទី​៧ លោក ឡាយ ឈុន​ហួរ 

លោក ឡាយ ឈុន​ហួរ អគ្គនាយក​ក្រុមហ៊ុន CITY RICE IMPORT-EXPORT CO., LTD
Advertisement

លោក ឡាយ ឈុន ហួរ ជា​ពាណិជ្ជករ​នាំ​ចេញ​អង្ករ​ជើង​ខ្លាំង​មួយ​រូប​ដែរ ដែល​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ 

លោក ឡាយ ឈុន​ហួរ ជា​អគ្គនាយក​ក្រុមហ៊ុន CITY RICE IMPORT-EXPORT CO., LTD។ លោក​បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ មា​នចំនួន​ប្រមាណ ១​ម៉ឺន ៥០៤៦​តោន។ 

ទី​៨ លោក ហុង នីកូលីន

Advertisement

លោក ហុង នីកូលីន ជា​ឈ្មួញ​នាំ​ចេញ​អង្ករ​ដ៏​ល្បី​មួយ​រូប​ដែរ​ដែល​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ 

លោក ហុង នីកូលីន ជា​អគ្គនាយក​ក្រុមហ៊ុន NIKOLINE INVESTMENT CO.,LTD ។ លោក​បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ប្រមាណ ១ម៉ឺន ៤៣៧៥តោន។ 

ទី​៩ លោក នង វាសនា

លោក នង វាសនា ជា​អគ្គនាយក​ក្រុមហ៊ុន KOL Veasna Investment Co., LTD (រូបភាព៖ PNN TV)

លោក នង វាសនា ជា​ឈ្មួញ​នាំ​ចេញ​អង្ករ​ដ៏​ល្បី​​មួយ​រូប​ដែរ ដែល​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ បច្ចុប្បន្ន លោក នង វាសនា ជា​អគ្គនាយក​ក្រុមហ៊ុន KOL Veasna Investment Co., LTD ។ 

លោក​បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ប្រមាណ ១​ម៉ឺន ១៦៧៥តោន។ 

ទី​១០ ឧកញ៉ា ចាន់ សុខឃាង

លោក ចាន់ សុខឃាង (រូបខាងស្ដាំ) អគ្គនាយក​ក្រុមហ៊ុន SIGNATURES OF ASIA CO., LTD ទទួល​ពាន​រង្វាន់​ពី​សម្ដេច​តេជោ ហ៊ុន សែន។

ឧកញ៉ា ចាន់ សុខឃាង ជា​ពាណិជ្ជករ​នាំ​ចេញ​អង្ករ​ដ៏​ល្បី​ល្បាញ​មួយ​រូប​ដែរ ដែល​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ បច្ចុប្បន្ន លោក​ឧកញ៉ា ចាន់ សុខឃាង ជា​អគ្គនាយក​ក្រុមហ៊ុន SIGNATURES OF ASIA CO., LTD ។ 

លោក​ឧកញ៉ា​បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ប្រមាណ ៩៩៥៧​តោន។ 

Advertisement

ទោះ​បី​ជា​មាន​ឈ្មួញ​ធំៗ​ជា​ច្រើន​ទៀត បាន​ធ្វើការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បែប​នេះ​ក្តី ប៉ុន្តែ បើ​យើង​ពិនិត្យ​ទៅ​មើល​តួលេខ​ ឬ បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ហាក់​បី​ដូច​ជា​មាន​កម្រិត​តិច​តួច​នៅ​ឡើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​ដូច​ជា ប្រទេស​ថៃ វៀត​ណាម ដែល​ក្នុង​មួយ​ឆ្នាំៗ ប្រទេស​ទាំង​ពីរ​នេះ​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​រាប់​លាន​តោន​ឯណោះ។ 

ដូច្នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្វែង​រក​ទីផ្សារ និង​ពង្រីក​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន ជាមួយ​នឹង​តម្លៃ​សមរម្យ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រជាកសិករ​ខ្មែរ​ប្រមាណ ៥០​ភាគរយ ហើយ​ក៏​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រី​រិះគន់​កម្មករ​វៀតណាម​ដែល​ចូលចិត្ត​ផឹក​ស្រា​និង​ហូប​សាច់​ឆ្កែ​-ឆ្មា

ព័ត៌មាន
កម្មករ​វៀតណាម​ត្រូវ​គេ​ចាត់ទុក​ថា ឆ្លាត​និង​ឧស្សាហ៍​ការងារ ប៉ុន្តែ មារយាទ​ឥត​វិន័យ​មួយ​ចំនួន​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ទទួល​ប្រយោជន៍​...

តម្លៃ​ទុន​វិនិយោគ​សំណង់​ពាក់​កណ្តាល​ឆ្នាំ​២០១៧ មាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ?

ព័ត៌មាន
វិស័យ​សំណង់​នៅ​កម្ពុជា នៅតែ​បន្ត​មាន​សន្ទុះ​កើន​ឡើង ជាមួយ​នឹង​ចំនួន​គម្រោង​សាងសង់​ច្រើន​ថែមទៀត​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់​ព្រម។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ