ការនាំចេញថៃ-សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន កំពុងធ្វើឲ្យ​ក្រុមហ៊ុន​នាំចេញថៃ ភ័យបុកពោះ


តាមការព្យាករមួយ ដែលបានចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ការនាំចេញរបស់ថៃ នឹងមានការខាតបង់ ច្រើនជាងការចំណេញ អំពីជម្លោះពាណិជ្ជកម្ម ដែលបាននិងកំពុងកើតឡើង រវាងមហាអំណាចទី១ និងទី២ របស់ពិភពលោក គឺអាមេរិក និងចិន។ ជាមួយនឹងឥទ្ធិពលអវិជ្ជមាននេះ នឹងធ្វើឲ្យប៉ះពាល់ ដល់ការនាំចេញរបស់ថៃ ដែលមានទំហំជាទឹកប្រាក់ប្រមាណ ២៨០ ទៅ ៤២០ លានដុល្លារអាមេរិក និងអាចឈានដល់ ៤.៥០០ លានដុល្លារអាមេរិក ប្រសិនបើការសងសឹកគ្នានៅក្នុងជម្លោះនេះ នៅតែបន្តកើតមាន។
កំពង់ផែដឹកទំនិញថៃ (www.indianexpress.com)
ដោយ

មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ កសិកន របស់ថៃ បានរក​ឃើញថា សង្គ្រាម​ពាណិជ្ជកម្ម​នេះ អាច​នឹងបន្ត​អូសបន្លាយ​​រហូត​ដល់ ២​ ទៅ៤ឆ្នាំទៀត ដែលនឹង​វាឲ្យ​កំណើន​លូតលាស់​សេដ្ឋកិច្ច​របស់​ចិន អាច​ធ្លាក់​ចុះ ប្រមាណ ០,៣% ទៅ០,៥% នៅក្នុង​ឆ្នាំ២០១៨​នេះ ប្រសិន​បើការសង​សឹក​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ នៅតែបន្ត។ ជាមួយគ្នានេះ ផលប៉ះ​ពាល់មក​លើការនាំ​ចេញរបស់​ប្រទេស​ថៃ ក៏នឹង​មានកាន់តែ​ធំឡើងៗ ផងដែរ ព្រោះអ្វី? ព្រោះថា ទីផ្សារ​ទិសដៅ​ការនាំ​ចេញដ៏​ធំរបស់​ថៃ គឺជា​ប្រទេស​ចិន។ 

ថ្លែងនៅក្នុង​កាសែត​បាង​កកប៉ុស្ដិ៍ លោក ស៊ីវ៉ាត់ លូង​សំប៊ូន (Siwat Luangsomboon) ជំនួយ​ការ​អគ្គនាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ស្រាវជ្រាវ កសិកន បានឲ្យ​ដឹងថា ប្រសិន​បើសង្គ្រាម​ពាណិជ្ជកម្ម​នេះ នៅតែអូស​បន្លាយ​ទៀត ការប៉ះ​ទង្គិច​ដោយផ្ទាល់​មកលើការ​ទំហំនៃ​ការ​នាំចេញ​របស់ថៃ អាចនឹង​មាន​ដល់ ជាង ១.៧០០ លាន​ដុល្លារ​អាមេរិក ហើយ​ការប៉ះទង្គិច​មិនផ្ទាល់​វិញ តាមរយៈ​ខ្សែសង្វាក់​ផ្គត់ផ្គង់​នេះ អាច​មានក្នុង​ទំហំ​ដល់ទៅ ២.៨០០លានដុល្លារ​អាមេរិក នៅឆ្នាំ​ក្រោយ​នេះ។

យ៉ាងណា​ក៏ដោយចុះ គេសង្កេត​ឃើញថា សកម្មភាព​ការដឹក​នាំ​ទំនិញ​ចេញ​ទៅក្រៅ​ប្រទេស​របស់​ថៃនៅតែ​រក្សា​កំណើន ពោលគឺ គិតត្រឹម​៥ខែដំបូង​ឆ្នាំនេះ បានកើន​ឡើងជាង​១៦% ដែលមាន​អត្រា​មួយខ្ពស់​ក្នុងរយៈ​ពេល​៧ឆ្នាំ ជាមួយ​នឹងចំនួ​ន​ទឹកប្រាក់​ប្រមាណ ជាង​១០០ពាន់​ដុល្លារ​អាមេរិក។

ដ្បិតតែ​យ៉ាង​នេះក្ដី ការស្រាវជ្រាវ​ដដែល​បាន​ប៉ាន់​ស្មានថា រោងចក្រ​ផលិត​របស់​ថៃ អាច​នឹងក្លាយ​ជាអ្នក​ឈ្នះ ហើយក៏អាច​នឹងក្លាយ​ជាអ្នក​ចាញ់ដែរ ក្នុង​កាលៈ​ទេសៈ​ដែលជម្លោះ​ពាណិជ្ជកម្ម​នេះ នៅតែបន្ត​កើតមាន​ឡើង។

សូម​ជម្រាបថា ចិន នឹងអាមេរិក មួយរយៈ​ចុង​ក្រោយ បាន​និងកំពុង​ដំឡើង​ឫទ្ធិ​ដាក់​គ្នា ក្នុង​ជម្លោះពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរនេះ ហើយប្រទេស​​នីមួយៗ បានធ្វើ​ការ​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក លើការ​​ដកហូត​​ពន្ធលើ​​ការនាំ​​ចូល​មុខ​​ទំនិញ​​សំខាន់ៗ​​នៃប្រទេស​​ទាំងពីរ។ ថ្មីៗនេះ​ទៀត​សោត សង្គ្រាមពាណិជ្ជកម្ម​នេះ ក៏បាន​រាល​ដាល​ដល់​សហគមន៍​អឺរ៉ុប​ផងដែរ ខណៈ​ដែល​អាមេរិក បាន​ប្រកាស​ដកហូត​ពន្ធលើទំនិញ​នាំចូល​មួយ​ចំនួន​របស់​អឺរ៉ុប។ រីឯ​ អឺរ៉ុប​ក៏មិននៅ​ស្ងៀម​ដែរ ដោយ​បានកំណត់​ដកហូត​ពន្ធ​លើទំនិញ​របស់​អាមេរិក​ដូចគ្នា​។ ជម្លោះ​នេះ ក៏បាន​និងកំពុង​ធ្វើឲ្យ​ពិភព​លោក ដាក់​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ ប្រកាសពីផលវិបាកនៃកម្ចីខុសច្បាប់ តែអ្នកជំនាញស្នើឲ្យបង្ហាញឈ្មោះក្រុមហ៊ុនខុសច្បាប់ទាំងនោះ

ព័ត៌មាន
បន្ទាប់ពីកត់សម្គាល់ឃើញថា ថ្មីៗនេះ មានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយតាមបណ្តាញសង្គម ការចែកចាយនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម ដើម្ប…

តំបន់​ពាណិជ្ជកម្ម​ថ្មី​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ នា​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
នា​ពេល​បច្ចុប្បន្ន ការអភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​បាន​និង​កំពុង​កើន​ឡើង ស្របទៅ​នឹង​តម្រូវការ​លំនៅដ្ឋាន ដែល​មាន​កំណើន​ច្រើន​ផង​ដែរ។ ប្រជាពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ