សេដ្ឋកិច្ច

ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពិភពលោក​ពីរ​ដែល​ជំរុញ​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន


ក្រុម​អ្នក​វិនិយោគ​បាន​មើល​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​បាន​រៀបចំ​ព្រឹត្តការណ៍​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ជា​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន តួយ៉ាង កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​ នា​ខែ​កុម្ភៈ ឆ្នាំ​២០១៧ បាន​ទាក់ទាញ​ការ​ចូលរួម​ពី​អ្នក​វិនិយោគ​បរទេស​រាប់​រយ​នាក់។
ឆ្នាំ​២០១៧ កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពិភព​លោក​ចំនួន​ពីរ​ធំៗ ដែល​គេ​សង្ឃឹមថា នឹង​ទាក់ទាញ​ការចាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ​បរទេស។ រូបថត៖ ហេង ភារម្យ
ដោយ

ដោយ​ឡែក នៅ​ខែ​ឧសភា ឆ្នាំ​២០១៧ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្ដីពី​អាស៊ាន ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្ត​លើក​ដំបូង​សម្រាប់​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​ពិភព​លោក​សម្លឹង​មក​កម្ពុជា​ដើម្បី​ការ​វិនិយោគ។

ក្រុម​វិនិយោគិន​ជាតិ​និង​អន្តរជាតិ សុទ្ធ​តែ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា តាមរយៈ​ព្រឹត្តការណ៍​សំខាន់ៗ​នៅ​ក្នុង​ឆ្នាំ​នេះ រួម​ទាំង​គោល​នយោបាយ​បើក​ចំហរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នោះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ក្លា។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន វើល ប្រ៊ីជ គ្រុប (World Bridge Group) បាន​មើល​ឃើញ​ថា ដោយសារ​តែ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​កម្ពុជា រួមជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ជាច្រើន​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឲ្យ​មាន​ការ​ទាក់ទាញ​វិនិយោគ​ទុន​មក​កម្ពុជា​ជា​ច្រើន។

លោក ឧកញ៉ា សៀ ឫទ្ធី  ដែល​ជា​សមាជិក​គណៈកម្មាធិការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ដីពី​អាស៊ាន បាន​ឲ្យ​ដឹង​ថា បើ​ផ្អែក​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល១០​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​ភាព​រឹងមាំ​គួបផ្សំ​ទៅ​នឹង​បរិយាកាស​វិនិយោគ​អំណោយ​ផល​ល្អ ជា​ប្រទេស​នៅ​ចំ​​បេះដូង​នៃ​​អាស៊ាន មាន​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ជា​ច្រើន (ប្រមាណ ៥០ ទៅ ៦០​ភាគរយ) ពិសេស​ស្ថិរភាព​នយោបាយ​ល្អ គួបផ្សំ​ទៅនឹង​ព្រឹត្តការណ៍​សេដ្ឋកិច្ច​ពិភពលោក​សំខាន់ៗ​នៅ​ឆ្នាំនេះ នឹង​ប្រែ​ក្លាយ​កម្ពុជា​ពោរ​ពេញ​ទៅ​ដោយ​ឱកាស​មាស​សម្រាប់​ការ​ទាក់​ទាញ​វិនិយោគ។

ឧកញ់ា សៀ ឫទ្ធី វិនិយោគិន​ក្នុង​ស្រុក និងជា​អនុប្រធាន​គណៈកម្មាធិការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោកស្ដីពី​អាស៊ាន នា​ខែ​ឧសភា ឆ្នាំ​២០១៧។ (រូបភាព៖ ហេង ភារម្យ)

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កម្ពុជា​យើង​បច្ចុប្បន្ន ប្រៀប​បាន​ដូច​ជា​ផ្កាយ​ដែល​កំពុង​តែ​រះ​ចែងចាំង​នៅ​ក្នុង​តំបន់​អាស៊ាន និង​ពិភព​លោក។ បាន​ន័យ​ថា គឺ​ជា​ប្រទេស​កំពុង​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ខ្លា​មួយ វិនិយោគិន​ធំៗ ល្បីៗ បាន​និង​កំពុង​តែ​សម្លឹង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ន័យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​ទី​នេះ»

និយាយ​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​វិញ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​មើល​ឃើញ​ថា កម្ពុជា​បាន​ឆ្លង​ផុត​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប មក​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ និង​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​រឹង​មាំ ពោល​គឺ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់ ៧,៧​ភាគ​រយ​​មួយ​ឆ្នាំៗ ក្នុងរយៈ​ពេល​ជាង​ពីរ​ទសវត្ស​កន្លង​មក។ 

នៅ​ក្នុង​ឆ្នាំ​នេះ សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​តែ​មាន​កំណើន​ជុំវិញ​រង្វង់ ៧​ភាគ​រយ ហើយ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០១៨។ ហើយ​ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​មាន​ភាព​រឹង​មាំ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ជំរុញ​នូវ​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម វិស័យ​អប់រំ វិស័យ​បច្ចេក​វិទ្យា និង​វិស័យ​បដិសណ្ឋារកិច្ច ព្រមទាំង​រៀបចំ​ក្រុង​ព្រះសីហនុ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ពហុ​វិស័យ​សេដ្ឋកិច្ច​គំរូ​ដើម្បីទា​​ក់ទាញ និង​សម្រួល​ដល់​ការ​វិនិយោគ​គ្រប់​កម្រិត។

កិច្ច​ប្រជុំកំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា នា​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

តាម​រយៈ​ផែនការ​វិនិយោគ​ទាំង​អស់​នេះ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​លូត​លាស់​ទៅ​មុខ​ជានិច្ច ហើយ​រំពឹង​ថា នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​ក៏​បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ផ្នែក​រឹង​និង​ផ្នែក​ទន់ ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​និង​ពាណិជ្ជ​កម្ម ដែល​កំពុង​តែ​មាន​ការ​រីក​លូត​លាស់។ វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធ​ដឹក​ជញ្ជូន វិស័យ​អគ្គិសនី កម្លាំង​ជំនាញ​វិជ្ជាជីវៈ និង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍន៍​ជា​អទិភាព។

ការ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ខ្លាំង​ក្លា​នេះ​ដែរ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​យន្តការ​ភាព​ជាដៃ​គូ​រវាង​រដ្ឋ​និង​ឯកជន សម្រាប់​គ្រប់គ្រង​វិនិយោគ​សាធារណៈ និង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥៕ 




អត្ថបទបន្ទាប់


ធនាគារ​ជាតិ​​​ដាក់​កំហិត​អត្រាការ​ប្រាក់​កម្ចី ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ អត្រា​នេះ​នៅ​តែ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង

ព័ត៌មាន
ថ្មីៗនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ហាក់​បី​ដូចជា​មមាញឹក​សស្រាក់​សស្រាំ​​ជាមួយ​នឹង​ការ​កែ​ទម្រង់​នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ណាស…

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឈាន​ទៅ​រក​ការ​ក្ស័យធន?

ព័ត៌មាន
ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ​និង​ប្រតិបត្តិករ​ហិរញ្ញ​វត្ថុ បាន​​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ការ​ធ្វើ​អន្តរាគមន៍​ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ