ការនាំចេញរបស់ប្រទេសនៅអាស៊ី

សង្គ្រាមអ៊ុយក្រែនធ្វើឲ្យការនាំចេញរបស់ប្រទេសនៅអាស៊ីទៅកាន់រុស្ស៊ីដាំក្បាលធ្លាក់ចុះខ្លាំង


ការនាំចេញផលិតផលពីបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមីនាកន្លងទៅនេះ ដែលបង្ហាញពីផលប៉ះពាល់ដែលបណ្ដាលមកពីសង្គ្រាមឈ្លានពានរុស្សីទៅលើអ៊ុយក្រែន ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈរហូតមកទល់ពេលនេះ និងទណ្ឌកម្មសេដ្ឋកិច្ចធ្លាក់មកជាបន្តបន្ទាប់ដែលដាក់ដោយលោកខាងលិច និង រដ្ឋាភិបាលក្នុងតំបន់អាស៊ីមួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Nikkei Asia។
រូបតំណាង៖ ការនាំចេញទំនិញ

ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ក្នុង​ខែមីនា​បាន​ធ្លាក់​ចុះ​ជាង ៣១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​វា​ជា​ការ​កត់សម្គាល់​ពី​ការ​ធ្លាក់​ចុះ​ប្រចាំខែ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​។ នេះ​បើ​យោង​តាម​ទិន្នន័យបឋម​ដែល​បាន​ចេញផ្សាយ  ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​។ ប៉ុន្ដែ ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ជប៉ុន​នៅ​ខែមីនា​វិញ បាន​កើនឡើង​ជិត ១៥% គិត​ជា​ទឹកប្រាក់​មាន ៦៥ ពាន់​លាន​ដុល្លារ​។ 

បើ​ទោះបីជា មានការ​ផ្អាក​ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​ទៅ​កាន់​រុ​ស្ស៊ី​ចំពោះ​ផលិតផល​មួយ​ចំនួន​ក៏​ដោយ​ចុះ ប៉ុន្ដែ​វា​មិនមែន​ជា​បញ្ហា​សម្រាប់​សេដ្ឋកិច្ច​ជប៉ុន​ឡើយ ខណៈ​ទីផ្សារ​រុ​ស្ស៊ី​មាន​ចំណែក​ប្រហែល​ត្រឹមតែ ១% ប៉ុណ្ណោះ​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០២១ ជាមួយនឹង​ទំនិញ​សំខាន់​ៗ​មួយ​ចំនួន​សម្រាប់​ការ​ជួញដូរ​មាន​ដូច​ជា រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម​។ ទន្ទឹម​នឹង​នេះ ប្រទេស​ជប៉ុន​កាលពី​ចុងខែ​កុម្ភៈ​បាន​ប្រកាស​ថា ខ្លួន​នឹង​ហាមឃាត់​ការ​នាំ​ចេញ​ផលិតផល បន្ទះ​ឈី​ប និង​ផលិតផល​បច្ចេកវិទ្យា​សំខាន់​ៗ​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។

ក្រៅពី​ជប៉ុន ការ​នាំ​ចេញ​របស់​សិង្ហ​បុរី​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ក៏​បាន​ធ្លាក់​ចុះ​ជាង ៨៦% ផង​ដែរ នៅ​ក្នុង​ខែមីនា​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ប្រទេស​សិង្ហ​បុរី​កាលពីដើម​ខែមីនា​បាន​ប្រកាស​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​រុ​ស្ស៊ី រួម​ទាំង​ការ​ហាមប្រាម​ការ​នាំ​ចេញ​ទំនិញ​យោធា គ្រឿង​អេ​ឡិច​ត្រូ​និក កុំព្យូទ័រ និង​ឧបករណ៍​ទូរគមនាគមន៍​ទៅ​កាន់​ព្រំដែន​រុ​ស្ស៊ី និង​តម្រូវ​ឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​នានា បង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគារ​រុ​ស្ស៊ី​ចំនួន ៤ ផង​ដែរ​។ 

ការ​នាំ​ចេញ​របស់​កោះ​តៃវ៉ាន់​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​វិញ ក៏​បាន​ធ្លាក់​ចុះ​ក្នុង​ខែមីនា​ផង​ដែរ ពោល​គឺ​ធ្លាក់​ចុះ​រហូត​ដល់​ជាង ៥៥%  ស្រប​ពេល ដែល​ការ​នាំ​ចេញ​កូរ៉េ​ខាងត្បូង ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​វិញ ក្នុង​ខែមីនា​ក៏​បាន​ធ្លាក់​ចុះ​ជាង ៥៥%​ដែរ នេះ​បើ​យោង​តាម​មូលដ្ឋាន​ទិន្នន័យ​របស់​ស្ថាប័ន CEIC ។

គួរ​កត់​សម្គាល់ថា ប្រទេស​ជប៉ុន និង​សិង្ហ​បុរី កោះ​តៃវ៉ាន់ និង​កូរ៉េ​ខាងត្បូង​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​រុ​ស្ស៊ី រួម​ទាំង​ការ​គៀបសង្កត់​លើ​ការ​ផ្គត់ផ្គង់​បន្ទះ​ឈី​ប ទំនិញ​យោធា និង គ្រឿង​អេ​ឡិច​ត្រូ​ច​ផ្សេង​ៗ ដែល​ទណ្ឌកម្ម​ទាំង​អស់នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដាក់បន្ទុក​លើ​សេដ្ឋកិច្ច​រុ​ស្ស៊ី​មិន​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តទៅ​ទៀត​។

គួរ​បញ្ចា​ក់ថា មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​នៅ​ក្នុង​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ចុង​ក្រោយ​របស់​ខ្លួន ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​មេ​សាបាន​បន្ទាប​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​រុ​ស្ស៊ី​នៅ​ឆ្នាំ​នេះ​ពី កំណើន​២,៨% មក​នៅ​ដល់​កម្រិត​អ​វិ​ជ្ច​មាន ដក ៨,៥%​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ សេដ្ឋកិច្ច​អាស៊ី​ជា​ច្រើន​បាន​រាយការណ៍​ថា ការ​នាំ​ចូល​ពី​រុ​ស្ស៊ី​នៅ​តែ​កើនឡើង ដោយសារ​មានការ​កើនឡើង​តម្លៃ​ថាមពល ហើយ​សម្រាប់​ប្រទេស​មួយ​ចំនួន​នៅ​តែ​បន្ត​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​រុ​ស្ស៊ី​ដដែល ខណៈ​ចិន​ក៏​បន្ត​ទិញ​ថាមពល​រុ​ស្ស៊ី​ផង​ដែរ​។ ប្រទេស​រុ​ស្ស៊ី​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន តាម​រយៈ​ការ​លក់​ប្រេង​ទៅ​ឱ្យ​អ្នកទិញ​នៅ​អាស៊ី ក្នុង​តម្លៃ​ទាប​ជា​ការ​ឆ្លើយ​តប​ដើម្បី​ទប់ទល់​នឹង​ការ​ដកថយ​ពី​ការ​ផ្អាក​ការ​ទិញ​ប្រេង​ពី​លោក​ខាងលិច​។

សូម​ជម្រាប​ថា មិនមែន​គ្រប់​ប្រទេស​ទាំងអស់​បាន​ឃ្លាតឆ្ងាយ​ពី​ប្រទេស​រុ​ស្ស៊ី​ទេ ខណៈ​មាន​ឥណ្ឌា និង​ចិន​ជា​គំរូ​ស្រាប់​ដែល​នៅ​តែ​បន្ត​រក្សា​ទំនាកទំនង​សេដ្ឋកិច្ច​ជាមួយ​រុ​ស្ស៊ី​ដូច​ធម្មតា ហើយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ក៏​កំពុង​ពិចារណា​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទ៖ វ៉ាន់ ស្រិរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមអ៊ុយក្រែន បង្កឲ្យបញ្ហាអសន្តិសុខស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗហើយ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានចេញមុខមកស្តីបន្ទោសចំៗ ចំពោះបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានធ្វើឱ្…

អាមេរិកត្រៀមជះទឹកលុយ៨០០លានដុល្លារបន្ថែមទៀត សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមួយទៀតជួយដល់ប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ