អាមេរិកកំពុងអូសទាញឥណ្ឌាបន្តិចម្ដងៗ

អាមេរិកកំពុងអូសទាញឥណ្ឌាបន្តិចម្ដងៗឱ្យងាកចេញពីការពឹងផ្អែកទៅលើសព្វាវុធរបស់ប្រទេសរុស្ស៊ី


សហរដ្ឋអាមេរិកកំពុងអូសទាញប្រទេសឥណ្ឌាបន្តិចម្ដងៗឱ្យងាកចេញពីការពឹងផ្អែកទៅលើសព្វាវុធរបស់ប្រទេសរុស្ស៊ី! កាលពីសប្ដាហ៍មុន ទីក្រុងវ៉ាស៊ីងតោនបានធ្វើពិធីស្វាគមន៍យ៉ាងអធឹកអធមចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងបំណងអូសទាញទីក្រុងញូវដែលីឱ្យងាកចេញពីការពឹងផ្អែកលើសព្វាវុធរបស់រុស្ស៊ី។ ប៉ុន្តែដល់ពេលនេះសហរដ្ឋអាមេរិកនៅមិនទាន់សម្រេចបំណងរបស់ខ្លួនទាំងស្រុងក្នុងការអូសទាញឥណ្ឌា មកធ្វើជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រថ្មីមួយរបស់ខ្លួននៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
អាមេរិកកំពុងអូសទាញឥណ្ឌាបន្តិចម្ដងៗឱ្យងាកចេញពីការពឹងផ្អែកទៅលើសព្វាវុធរបស់ប្រទេសរុស្ស៊ី

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីសប្ដាហ៍មុន បានបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ជាទីដែលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត រួមទាំងការរៀបចំម្ហូបបួសដ៏ប្រណិតសម្រាប់លោក ម៉ូឌី នៅឯសេតវិមានទៀតផង។

ការរៀបចំពិធីស្វាគមន៍ដ៏អធឹមអធមនេះត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកមានបំណងចង់អូសទាញឥណ្ឌាឱ្យងាកចេញពីការពឹងផ្អែកទៅលើការទិញសព្វាវុធពីប្រទេសរុស្ស៊ីជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែមានឧបស័គ្គខ្លះដែលរារាំងអាមេរិកមិនឱ្យសម្រេចបំណងរបស់ខ្លួនក្នុងការទាញយកឥណ្ឌាមកធ្វើជាសម្ពន្ធមិត្តយុទ្ធសាស្ត្រថ្មីមួយទៀតបាននៅឡើយ។

ឧបសគ្គធំៗបំផុតដែលរារាំងការអូសទាញពីក្រុងវ៉ាស៊ីនតោននេះគឺថា ឥណ្ឌាធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រជាមួយក្រុងម៉ូស្គូជាយូរមកហើយ។ អ្វីដែលសំខាន់ទៀតនោះគឺចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧មក ឥណ្ឌាបានពឹងផ្អែកយ៉ាងខ្លាំងលើសហភាពសូវៀត ហើយបន្ទាប់មកពឹងលើរុស្ស៊ី ចំពោះផ្នែកភាគច្រើននៃការនាំចូលអាវុធរបស់ខ្លួន។

ទោះយ៉ាងណា ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយចំនួនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី នេះអាចបង្ហាញយ៉ាងច្បាស់ពីការប្តូររបត់នៃការពឹងផ្អែកនេះ ហើយក៏ជាការបង្កើនល្បឿននៃការតំរង់ទិសឡើងវិញដែលបានចាប់ផ្តើមកាលពី ១៥ ឆ្នាំមុន សម្រាប់ឥណ្ឌាដែលជាអ្នកនាំចូលអាវុធដ៏ធំបំផុតនៅក្នុងពិភពលោកផងដែរ។

ទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិក្រុងស្តូកខុំ (Stockholm) នៅប្រទេសស៊ុយអែត បានបង្ហាញថា ចំណែកទីផ្សារនាំចូលអាវុធរបស់ឥណ្ឌាមកពីរុស្ស៊ីសម្រាប់រយៈពេលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ គឺមាន ៤៥%។ វាជាការធ្លាក់ចុះដ៏ធំមួយពីអត្រា ៦៤% ដែលគេបានសង្កេតឃើញក្នុងរយៈពេល ៥ ឆ្នាំមុននោះ។

សូមរំលឹកថា ទំនាក់ទំនងវិស័យការពារជាតិទ្វេភាគីបានចាប់ផ្តើមជាលើកដំបូងជាមួយការចុះហត្ថលេខាលើក្របខណ្ឌថ្មីសម្រាប់ទំនាក់ទំនងការពារជាតិឥណ្ឌា-អាមេរិកនៅក្នុងឆ្នាំ២០០៥។ រយៈពេល៣ឆ្នាំក្រោយមក ភាគីទាំង២បានឈានដល់កិច្ចព្រមព្រៀងស្ដីពីសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិល។ ហើយនៅក្នុងឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានកំណត់យកប្រទេសឥណ្ឌាជា«ដៃគូការពារជាតិដ៏សំខាន់»មួយ ដែលផ្តល់ឱកាសឱ្យក្រុងញូវដែលីមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាយោធាដ៏រសើបនិងដ៏ទំនើបរបស់អាមេរិកដែរ៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះនាំឲ្យការនាំចេញរបស់ថៃទៅកាន់ទីផ្សារអន្តជាតិបានធ្លាក់ចុះរយៈពេល៨ខែជាប់ៗគ្នា?

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ៍ថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះ ក្នុងរយៈពេលប្រាំបីខែជាប់ៗគ្នា ដោយគ្រាន់តែខែឧសភាមួយ គឺធ្លាក…

សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង«វិបត្តិនៃការបែងចែក» បណ្ដាលមកពីសង្រ្គាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន

ព័ត៌មាន
តាមរយៈឯកសារស្រាវជ្រាវមួយ រដ្ឋាភិបាលជប៉ុនបានព្រមានកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង«វិបត្តិនៃការបែងចែក» បណ្ដាលមកពីសង្រ្គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ