វិស័យបច្ចេកវិទ្យា

វៀតណាម បង្កើតប្រវត្តិសាស្ត្រថ្មីដោយផលិតបន្ទះឈីបសុវត្ថិភាពផ្ទាល់ខ្លួនបានជាលើកដំបូង ដោយ: តែម សុខុម


វៀតណាម បានបោះជំហានថ្មីគួរឱ្យភ្ញាក់​ផ្អើលក្នុងវិស័យបច្ចេកវិទ្យា ដោយ​បញ្ចេញបន្ទះឈីបសុវត្ថិភាព ឬ Security Chip ដែលត្រូវ​បានរចនា និងអភិវឌ្ឍដោយអ្នកជំនាញក្នុងស្រុកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ សមិទ្ធផលដ៏ធំ​នេះមិនត្រឹមតែជួយពង្រឹងសន្តិសុខតាមប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងជំរុញឯករាជភាពផ្នែកបច្ចេកវិទ្យារបស់ប្រទេសក្បែរខាងកម្ពុជាមួយ​នេះ​ទៀត​ផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News កាលពីថ្ងៃទី៣ ខែវិច្ឆិកា។
វិស័យបច្ចេកវិទ្យា
ដោយ

ពេលនេះ វៀតណាម ផលិតបានបន្ទះឈីបសុវត្ថិភាពដំបូងជាប្រវត្តិសាស្ត្រហើយ ដោយបន្ទះឈីបនេះមានឈ្មោះថា VGC v1.0 ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយគណៈកម្មាធិការកូដនីយកម្មរដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុន Viettel Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងឧស្សាហកម្មយោធា។ បន្ទះឈីបនេះត្រូវបានដាក់បង្ហាញជាផ្លូវការនៅទីស្ដីការក្រសួងការពារជាតិ ក្នុងទីក្រុងហាណូយ។ គណៈកម្មាធិការកូដនីយកម្មរដ្ឋាភិបាលវៀតណាម គឺជាស្ថាប័នទទួលខុសត្រូវលើបច្ចេកវិទ្យាបំប្លែងព័ត៌មានទៅជាកូដសម្ងាត់ ដើម្បីការពារព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល និងយោធា។
គម្រោងនេះមានការចូលរួមពីវិស្វករ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមជាង៤០នាក់។ លទ្ធផលធ្វើតេស្តបានបង្ហាញថា បន្ទះឈីបនេះអាចបំប្លែងព័ត៌មានទៅជាកូដសម្ងាត់ និងបកស្រាយកូដឱ្យត្រឡប់ទៅជាព័ត៌មានដើមវិញបានលឿនជាងប្រព័ន្ធ ដែលប្រើកម្មវិធីកុំព្យូទ័រតែមួយមុខរហូតដល់ប្រមាណ១៥ដង។ មន្ត្រីវៀតណាម បានចាត់ទុកសមិទ្ធផលនេះថា ជាជំហានដ៏សំខាន់ក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល និងការពារអធិបតេយ្យភាពឌីជីថលរបស់ប្រទេស។

បច្ចុប្បន្នបន្ទះឈីបនេះត្រូវបានយកទៅប្រើប្រាស់ក្នុងឧបករណ៍ផ្ទុកទិន្នន័យ USB ដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់សម្រាប់ស្ថាប័នគណបក្ស រដ្ឋាភិបាល និងវិស័យការពារជាតិ។ វាក៏ត្រូវបានរំពឹងថា នឹងអាចគាំទ្រប្រព័ន្ធផ្ទៀងផ្ទាត់ហត្ថលេខាឌីជីថលរបស់វៀតណាម ដែលបច្ចុប្បន្នមានវិញ្ញាបនបត្រឌីជីថលជាង២លានច្បាប់។ នៅពេលអនាគត បច្ចេកវិទ្យានេះអាចត្រូវបានប្រើដើម្បីការពារប្រតិបត្តិការធនាគារ ទិន្នន័យអតិថិជន កាមេរ៉ាសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាប្រព័ន្ធអគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍។
ទោះជាយ៉ាងណា មន្ត្រីវៀតណាមបានបញ្ជាក់ថា បន្ទះឈីបនេះនៅត្រូវការការអភិវឌ្ឍ សាកល្បង និងទទួលវិញ្ញាបនបត្របច្ចេកទេសបន្ថែមទៀត មុននឹងអាចប្រើប្រាស់ទូលំទូលាយ ជាពិសេសក្នុងប្រព័ន្ធដែលពាក់ព័ន្ធការសម្ងាត់របស់រដ្ឋ។ ការបង្ហាញផលិតផលបន្ទះឈីបនេះ គឺជាជំហានដំបូងដ៏សំខាន់របស់វៀតណាម ដែលផ្នែកមួយនៃមហិច្ឆតាកសាងឧស្សាហកម្មបន្ទះឈីបសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការពារសន្តិសុខជាតិក្នុងយុគសម័យឌីជីថល៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពលរដ្ឋអាម៉េរិក លើនាវាទេសចរណ៍ Odyssey ដែលជាប់គាំងនៅកម្ពុជា ចេញមុខបកអាក្រាតថៃ ដែលប្រើរូបថតខ្លួនឃោសនាទុច្ចរិតសម្អុយឈ្មោះកម្ពុជា

មាសសុទ្ធមិនខ្លាចភ្លើង ដោយបុរសជនជាតិអាម៉េរិកម្នាក់នៅលើនាវាទេសចរណ៍ Odyssey របស់អាម៉េរិកដែលជាប់គាំងនៅកម្ពុជា បានចេញមុខបកអាក្រាតថៃថា ប…

អង់គ្លេស និងអឺរ៉ុប ត្រៀមចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យយុវជនអាចស្នាក់នៅបាន៣ឆ្នាំទៅវិញទៅមក ខណៈបញ្ហាថ្លៃសិក្សានៅបន្តចរចា

ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) កំពុងឈានទៅរកការសម្រេចបាននូវរបត់ថ្មីនៃទំនាក់ទំនង តាមរយៈការត្រៀមអនុម័តគម្រោងផ្លាស់ប្តូរយុវជន ដែលអនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ