សង្កាត់​ពេស្យា​ស្រប​ច្បាប់

អ្នក​ច្បាប់​កំពូល​វៀតណាម​ស្នើ​បង្កើត«សង្កាត់​ពេស្យា» តាម​តំបន់​សេដ្ឋកិច្ច​ពិសេស


នា​ដើម​សប្ដាហ៍​នេះ សារព័ត៌មាន​ក្នុង​ស្រុកវៀតណាម ផ្សាយ​ថា អនុប្រធាន​រដ្ឋ​សភា​នៃ​ប្រទេស​នេះ បាន​ស្នើ​ជា​យោបល់ថា គេ​គួរ​បង្កើត​«សង្កាត់​បន​ស្រី»​ស្រប​ច្បាប់ អម​ជាមួយ​នឹង​កាស៊ីណូ នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ជំរុញ​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ។
កោះ​ភូកុក ឬ​ខ្មែរ​ហៅ​ កោះត្រល់ ស្ថិត​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស ៣ ដែល​វៀតណាម​គ្រោង​ស្នើ​ឲ្យ​មាន​សង្កាត់​ពេស្យា​ស្រប​ច្បាប់។ រូបភាព៖ Pixabay
ដោយ

គួរ​បញ្ជាក់ថា របរ​ពេស្យា​ គឺ​ជា​របរ​ដែល​ច្បាប់​ហាមឃាត់​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក ភុង កុក ហៀន អនុប្រធាន​នៃ​រដ្ឋសភា​នីតិ​ប្បញ្ញត្តិ បាន​លើក​ជា​សំណើ​ដូច​ខាង​លើ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដោយ​និយាយ​ថា វៀតណាម​គួរ​ពិចារណា​បង្កើត​សង្កាត់​ភ្លើង​ក្រហម (ប្លុក​ផ្ទះ​បនស្រី) នៅ​តាម​តំបន់​សេដ្ឋកិច្ច​ជាក់លាក់​មួយ​ចំនួន ដែល​នៅ​ទីនោះ គេ​អនុញ្ញាត​ឲ្យ​បើក​កាស៊ីណូ​ដោយ​ស្រប​ច្បាប់​ជា​ការ​សាកល្បង។ នោះ​បើ​យោង​តាម​ការ​ផ្សាយ​របស់ VN Express។

អាជ្ញាធរ​វៀតណាម​នៅ​តាម​តំបន់​សេដ្ឋកិច្ច ធ្លាប់​បាន​ស្នើ​ឲ្យ​បង្កើត​តំបន់​ផ្ទះ​បនស្រី ដូច​នៅ សិង្ហ​បុរី ដែល​គេ​អាច​ប្រើ​ច្បាប់​គ្រប់គ្រង​ទៅលើ​របរ​ពេស្យា​បាន។ 

វៀតណាម​កំពុង​ត្រៀម​រៀបចំ​សេចក្ដី​សម្រេចចុង​ក្រោយ​ដើម្បី​ផ្ដល់​ការ​លើក​ទឹកចិត្ត​មួយ​ចំនួន ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣ គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស វ៉ាន់ ដន នៅខេត្ត​កាងនិញ ភាគខាងជើង តំបន់​សេដ្ឋកិច្ច​ពិសេស វ៉ាន់ ភុង នៅ​ខេត្ត​ខាញ់​ហួ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ​កោះ​ភូកុក (កោះត្រល់)។

រដ្ឋាភិបាល​វៀតណាម​គ្រោង​ប្រែ​ក្លាយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នេះ ឲ្យ​ក្លាយ​ជា​តំបន់​ទាក់ទាញ​វិនិយោគ ដូច​គ្នា​ទៅ​នឹង​សិង្ហ​បុរី និង​ហុងកុង ដែល​នៅ​តាម​តំបន់​ទាំង​នេះ កាស៊ីណូ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រួច​ស្រេច​ទៅ​ហើយ។

ល្បែង​ស៊ីសង និង​អំពើ​ពេស្យា ត្រូវ​បាន​ចាត់ទុក​ជា​អំពើ​បាប​ដែល​គេ​ហាម​ឃាត់​នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​យូរ​លង់​មក​ហើយ ប៉ុន្តែ ទើប​តែ​ថ្មីៗ​នេះទេ ដែល​វៀតណាម​ហាក់​បន្ធូរ​ឥរិយាបថ​ចំពោះ​អំពើ​ពីរ​មុខ​នេះ។ 

នៅ​ទូទាំង​ពិភព​លោក មានប្រទេស​ប្រមាណ ៧០​ប្រទេស ដែល​ដាក់​អំពើ​ពេស្យា​ឲ្យ​ស្ថិត​ក្រោម​ច្បាប់ ក្នុង​នោះ​រួមទាំង អូស្ត្រាលី និង​អាល្លឺម៉ង់ ផង។

វិធានការ​ថ្មីៗ​របស់​វៀតណាម ក្នុង​ការ​អនុញ្ញាត​ឲ្យ​បើក​កាស៊ីណូ និង​សំណើ​ដាក់​ឲ្យ​ស្រប​ច្បាប់​សង្កាត់​ពេស្យា​នេះ ក៏​ត្រូវ​គេ​មើល​ឃើញថា អាច​នឹង​ជាប់​ទាក់ទង​នឹង​ការស្រាវជ្រាវ​មួយ ដែល​គេ​រក​ឃើញថា វៀតណាម​បាន​បង់​ចំណូល​ពន្ធ​ក្នុង​មួយឆ្នាំ ៨០០​លាន​ដុល្លារ ដោយសារ​តែ​ប្រជាជន​វៀតណាម​ឆ្លង​ដែន​មក​លេង​ល្បែង​នៅ​កាស៊ីណូ​ក្នុង​ប្រទេស​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា

ព័ត៌មាន
ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ​​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ថា ខ្លួន​​​នឹង​​ផ្អាក​​ការ​​ចេញ​​ទិដ្ឋាការ​​ដល់​​មន្ត្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ