ប្រទេសវៀតណាម

វៀតណាមនឹងស៊ើបអង្កេតលើបណ្ដាញសង្គម TikTok ជុំវិញខ្លឹមសារបង្កគ្រោះថ្នាក់


រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ចាប់ពីខែឧសភានេះតទៅ ខ្លួននឹងស៊ើបអង្កេតប្រតិបត្តិការរបស់កម្មវិធីបណ្តាញសង្គម ទិកតុក (TikTok) ដែលប្រជាជនវៀតណាមជិត ៥០ លាននាក់ កំពុងប្រើប្រាស់។ ការធ្វើអធិការកិច្ចនេះមានគោលបំណងធានាថា មាតិកាវីដេអូនៅក្នុងកម្មវិធីមួយនេះពិតជាអនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងខ្លឹមសារ ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ឆាណែល ញូស៍ អេស៊ា និង រើយធើ។
ប្រទេសវៀតណាមគ្រោងត្រួតពិនិត្យជាទូទៅលើបណ្ដាញសង្គមចិន ទិកតុក (TikTok)

គម្រោងសកម្មភាពនេះក៏ត្រូវបានរៀបចំឡើង បន្ទាប់ពីអាជ្ញាធរវៀតណាមបានតម្រូវឱ្យក្រុមហ៊ុន ទិកតុក ដកវីដេអូចំនួន ១,៧ លានខ្សែ ចេញពីបណ្ដាញសង្គមនេះរួចហើយ។ ទោះជាយ៉ាងនេះក្ដី តំណាងក្រុមហ៊ុន ទិកតុក ក្នុងប្រទេសវៀតណាម បាននិយាយថា រដ្ឋាភិបាលវៀតណាមមិនមែនកំពុង«ធ្វើក» ក្រុមហ៊ុនរបស់ខ្លួនទេ។

រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ចាប់ពីខែឧសភានេះតទៅ ខ្លួននឹងស៊ើបអង្កេតប្រតិបត្តិការរបស់កម្មវិធីបណ្តាញសង្គម ទិកតុក (TikTok) ដែលកំពុងត្រូវបានប្រើប្រាស់ដ៏ពេញនិយមនៅក្នុងប្រទេសនេះ។ ការចុះធ្វើអធិការកិច្ចនេះមានគោលបំណងធានាថា មាតិកាវីដេអូនៅក្នុងកម្មវិធីមួយនេះពិតជាអនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងខ្លឹមសារ ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាម។

តាមរយៈសេចក្តីថ្លែងការណ៍មួយក្នុងសប្តាហ៍នេះ តំណាងក្រសួងពាណិជ្ជកម្មវៀតណាម លោក ឡេ ខ្វាង ទុយ ដូ (Le Quang Tu Do) បាននិយាយថា បណ្ដាញសង្គមដ៏ពេញនិយម ទិកតុក ដែលគ្រប់គ្រងដោយជនជាតិចិននេះ មានវីដេអូកម្សាន្តគ្រប់ទម្រង់ ហើយថ្មីៗនេះ អាជ្ញាធរវៀតណាមមើលឃើញថា វាបាននិងកំពុងផ្សព្វផ្សាយខ្លឹមសារ«បំពុល ប្រមាថ ក្លែងក្លាយ និងអបិយជំនឿ» សម្រាប់អ្នកប្រើប្រាស់វៀតណាម។

លោក ដូ បានបន្ថែមថា «ទិកតុក, ហ្វេសប៊ុក និងយូធូប សុទ្ធតែជាប្រព័ន្ធផ្សព្វផ្សាយសង្គមឆ្លងដែនដែលមានស្តង់ដារអន្តរជាតិ។ ប៉ុន្តែពេលធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម បណ្តាញសង្គមទាំងនេះត្រូវតែគោរពតាមបទប្បញ្ញត្តិក្នុងស្រុក ទាំងខ្លឹមសារ ទាំងកាតព្វកិច្ចពន្ធ»។

កាលពីខែកុម្ភៈ តំណាងក្រុមហ៊ុន ទិកតុក ក្នុងប្រទេសវៀតណាម បានឱ្យដឹងថា ក្រុមហ៊ុនទទួលបានដំណឹងថា ក្នុងត្រីមាសទីពីរឆ្នាំនេះ អាជ្ញាធរផ្សព្វផ្សាយនិងព័ត៌មានអេឡិចត្រូនិក ព្រមទាំងគណៈប្រតិភូរដ្ឋាភិបាល នឹងធ្វើទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន។

តាមរយៈសារអ៊ីមែលមួយ ទិកតុក បានថ្លែងថា នេះគឺជាសកម្មភាពអធិការកិច្ចអន្តរស្ថាប័នគ្រោងដោយរដ្ឋាភិបាល និងស្របតាមច្បាប់ប្រទេសវៀតណាម ចំពោះបណ្ដាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ មិនមែនត្រឹមតែក្រុមហ៊ុន ទិកតុក មួយប៉ុណ្ណោះទេ។ ដូចនេះ វាមានន័យថា វាជារឿងដែលអាចទទួលយកបាន និងសមហេតុផល។

សូមជម្រាបដែរថា កាលពីចុងឆ្នាំ២០២២ ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធើណិតដ៏ពេញនិយមមួយនេះ បានដកវីដេអូជាង ១,៧ លានខ្សែ ចេញពីកម្មវិធីបណ្ដាញសង្គមរបស់ខ្លួន តាមសំណើរបស់រដ្ឋាភិបាលវៀតណាម។ វីដេអូទាំងនោះត្រូវបានចាត់ទុកថារំលោភលើគោលនយោបាយរបស់រដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន ទិកតុក នៅវៀតណាម ក៏បាននិយាយផងដែរថា ទន្ទឹមនឹងការត្រៀមត្រួតពិនិត្យនេះ ក្រុមហ៊ុនក៏បានកែលម្អគោលការណ៍ណែនាំរបស់ខ្លួន ដើម្បីធ្វើឱ្យកាន់តែមានតម្លាភាពអំពីច្បាប់របស់ខ្លួន និងស្របតាមច្បាប់ផ្សព្វផ្សាយរបស់វៀតណាម។ គេរំពឹងថា វានឹងចូលជាធរមានចាប់ពីថ្ងៃទី ២៤ ខែមេសាតទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលផ្អែកលើទិន្នន័យពីក្រុមហ៊ុន ដាតារីផត (DataReportal), រដ្ឋាភិបាលទីក្រុងហាណូយបាននិយាយថា នៅក្នុងប្រទេសវៀតណាម កម្មវិធី ទិកតុក មានអ្នកប្រើប្រាស់ជិត ៥០ លាននាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕




អត្ថបទបន្ទាប់


ប្រធាន IMF មើលឃើញកំណើនសេដ្ឋកិច្ចសាកលនឹងមានទាបជាង ៣% នៅក្នុងឆ្នាំ២០២៣

ព័ត៌មាន
នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី គី្រស្ទីលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា កំណើន…

UN ថា កូរ៉េខាងជើងលួចលុយឌីជីថលបានជាង ១ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់កម្មវិធីអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
តាមរយៈរបាយការណ៍ប្រចាំឆ្នាំសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គេបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ប្រទេសកូរ៉េខាងជើងដែលនៅតែបន្តបាញ់សាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ