ត្មាត​នៅ​ស្រុកខ្មែរ​ថយ​ចុះ!

ខំ​អភិរក្ស​ណាស់​ដែរ តែ​ត្មាត​នៅ​កម្ពុជា​កាន់​តែ​ថយ​ចុះ​។ តើ​ហេតុអ្វី?


ទោះបី​មាន​កិច្ច​ប្រឹងប្រែង​អភិរក្ស​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ក្ដី ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​ហាក់​នៅ​តែ​ធ្លាក់ចុះ ដែលនាំ​ឲ្យ​មាន​ការបារម្ភ​ពី​ការ​ផុត​ពូជ​សត្វ​ស្លាប​ដ៏​កម្រ​នេះ នៅ​កម្ពុជា។
ក្រុម​អ្នក​ធ្វើការ​អភិរក្ស​សត្វ​ត្មាត បង្ហាញ​ការបារម្ភ​ពី​ការ​បន្ត​ថយ​ចុះ​នូវ​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា។ រូបថត៖ អង្គការ WCS
ដោយ

គិត​ចាប់​ពី​ឆ្នាំ​២០០០​មក ចំនួន​សត្វ​ត្មាត​ធ្លាក់​ចុះ​ ៥០% ដោយ​យោង​តាម​ការ​ជំរឿន​ចុង​ក្រោយ​បង្អស់ គិត​ត្រឹម​ឆ្នាំ​នេះ គេ​រាប់​ឃើញ​សត្វ​ត្មាត​តែ ១២១​ក្បាល​ប៉ុណ្ណោះ។

នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​អង្គការ WCS នៅ​ក្នុង​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នា​សប្ដាហ៍​នេះ។

ប្រកាស​ព័ត៌មាន​ដដែល​ បង្ហាញថា មាន​ការ​រក​ឃើញ​ថ្មីៗ​ថា ការ​បំពុល​គឺ​ជា​កត្តា​គំរាម​កំហែង​ដ៏​ធំ​បំផុត​ចំពោះ​សត្វ​ត្មាត​នៅ​កម្ពុជា។ 

លោក​ សាយម៉ុន ម៉ាហ៊ូត (Simon Mahood) ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ WCS ថ្លែងថា ៖ «ការ​បំពុល​ គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​បំផុត​ចំពោះ​ហ្វូង​សត្វ​ត្មាត​នៅ​កម្ពុជា។ ការ​បំពុល​នេះ​ ក៏​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ»។

លោក សាយម៉ុន បន្ត​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ក្លា​ពី​សំណាក់​រដ្ឋាភិបាល អង្គការ​អភិរក្ស និង​សហគមន៍ គឺ​ចាំបាច់​ខ្លាំង​ណាស់ ដើម្បី​អភិរក្ស​សត្វ​ត្មាត​ទាំង​៣ ប្រភេទ​នេះ កុំ​ឲ្យ​ផុតពូជ។

សព្វ​ថ្ងៃ មាន​អង្គការចំនួន ៤ ក្នុង​នោះមាន​ដូចជា អង្គការ​ជីវិត​សត្វ​ស្លាប អង្គការ WCS អង្គការ WWF និង​មជ្ឈមណ្ឌល​អង្គការ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ ដោយ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន កំពុង​ធ្វើការរួម​គ្នា​ក្នុង​ការ​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា តាមរយៈ​ការ​អប់រំ​ផ្សព្វផ្សាយ ការរៀបចំ​អាហារដ្ឋាន​ឲ្យ​ចំណី​ដល់​ត្មាត និង​ការការពារ​សំបុក​និង​ទីជម្រក​ជាដើម។ 

លោក សេង ទៀក ប្រធាន​អង្គការ WWF និយាយថា ៖ «តម្រូវការ​សាច់​សត្វ​ព្រៃ នាំ​ឲ្យ​ការ​បរបាញ់​សត្វ​ព្រៃ​មាន​ការ​កើន​ឡើង។ ចំណី​សម្រាប់​សត្វ​ត្មាត​មាន​តិចតួច ដោយសារ​ការ​បរបាញ់​តាម​រយៈ​ការ​ដាក់​អន្ទាក់ និង​ការ​បំពុល...។ ការបំពុល គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ត្មាតជាង ៣០​ក្បាល ងាប់​ ដោយសារ​ត្មាត​ទាំង​នោះ​ស៊ី​សាកសព​សត្វ​ដែល​ស្លាប់​ដោយសារ​ថ្នាំ​ពុល»។

គួររំលេច​ថា សត្វ​ត្មាត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ ៣ប្រភេទ គឺ​ត្មាត​ភ្លើង ត្មាត​ត្នោត និង​ត្មាត​ផេះ។ ត្មាត​ទាំង​ ៣ប្រភេទ​នេះ ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក ដោយសារតែ​ចំនួន​របស់​វា​កាន់​តែ​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រតិកម្ម​នានា​របស់​អ្នក​កាសែត​ជុំវិញ​ការ​បិទ​កាសែត​​ ខេមបូឌាដេលី

ព័ត៌មាន
នៅថ្ងៃទី៤ កញ្ញា ឆ្នាំ​២០១៧ កាសែត​ភាសា​អង់គ្លេស​ចំណាស់​២៤ឆ្នាំ ខេមបូឌាដេលី បាន​សម្រេច​បិទ​ទ្វារ​បញ្ឈប់​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ហើយ បន្ទ…

ក្រុមហ៊ុន​អចលនទ្រព្យ​វៀតណាម​បើក​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្នុងស្រុក!

ព័ត៌មាន
ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​របស់​វៀតណាម គឺ​ Vingroup JSC បាន​បើក​ការ​សាងសង់​អគារ​រោងចក្រ​ផលិត​រថយន្ត​ថ្មី​មួយ​ កាល​ពីចុងសប្ដាហ៍​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ