កំណើនចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០២២ និងឆ្នាំ២០២៣

វិស័យសំខាន់ៗណា ខ្លះដែលមានសក្ដានុពលជំរុញកំណើនចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០២២ និងឆ្នាំ២០២៣?


មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធ បានកត់សម្គាល់ឃើញថា ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតែរក្សាបាននូវកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់ និងបានកើនលើសផែនការប្រចាំឆ្នាំទៅទៀត ជាពិសេសការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០២២ តែម្ដង ដែលសម្រេចបានការប្រមូលចំណូលលើសផែនការដល់ទៅជាង ២២%។ តើវិស័យសំខាន់ៗណាខ្លះដែលមានសក្ដានុពលក្នុងការជំរុញឲ្យការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០២២ និងឆ្នាំ២០២៣?
វិស័យសំខាន់ៗណា ខ្លះដែលមានសក្ដានុពលជំរុញកំណើនចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០២២ និងឆ្នាំ២០២៣?
ដោយ

នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយ​ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២៣។ ឯកឧត្តមបានបានកត់សម្គាល់ទៀតថា វិបត្តិនៃជំងឺកូវីដ១៩ លែងជាបញ្ហាប្រឈមទៀតហើយសម្រាប់កិច្ចការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៣ពាន់លានដុល្លារ ស្មើនឹងជាង១២២%នៃច្បាប់ថវិកាឆ្នាំ២០២២។

បើតាមឯកឧត្តម គង់ វិបុល កត្តាដែលធ្វើឲ្យចំណូលរបស់អគ្គនាយដ្ឋានពន្ធដារ កើនឡើងខ្ពស់ ដោយសារតែមានការចូលរួមពីវិស័យសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម វិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសការចូលរួមពីល្បែងពាណិជ្ជកម្មអនឡាញ ជាដើម។ យ៉ាងណាក៏ដោយ សម្រាប់ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០២៣នេះ ឯកឧត្តម គង់ វិបុល នៅតែមានក្ដីរំពឹងខ្ពស់ថា វិស័យសំខាន់ៗ ខាងលើនេះ នៅតែចូលរួមយ៉ាងសំខាន់ក្នុងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ដដែល ជាពិសេសឯកឧត្តមក៏រំពឹងទៀតថា តាមរយៈការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យ នឹងកាន់តែធ្វើឲ្យការប្រមូលចំណូលនៅឆ្នាំ២០២៣ បន្តរក្សាបាននូវសញ្ញាណវិជ្ជមាន។

តាមរយៈលទ្ធផលនៃការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋាននេះដែរ ត្រូវបានឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា បានធ្វើឲ្យកម្ពុជា កាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើពន្ធពីក្រៅពី ៦៥% មកនៅត្រឹម ១១% ប៉ុណ្ណោះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធពន្ធដារ ដែលបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាន់តែប្រសើរឡើង មានលទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ថវិកាជាតិ ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ថែមទៀតផង។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានគូសបញ្ជាក់ទៀតថា វិស័យពន្ធដារនៅកម្ពុជា កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ជាពិសេសរួមចំណែកយ៉ាងធំក្នុងសេដ្ឋកិច្ច។ លើសពីនោះ ឯកឧត្តមបន្តទៀតថា ដ្បិតចំនួនប្រជាជនកម្ពុជា មានបរិមាណតិចជាងបណ្ដាប្រទេសជិតខាងមួយចំនួន ក៏ពិតមែន តែទំនើបកម្មប្រព័ន្ធពន្ធដារនៅកម្ពុជា ហាក់មានលក្ខណៈល្អប្រសើរ និងមានភាពប្រកួតប្រជែង។ ជាក់ស្ដែង នៅមុនមានវិបត្តិកូវីដ១៩ ពោលគឺនៅឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលលើសផែនការចំនួន ២៣% ខណៈនៅឆ្នាំ២០២០ ដោយសារជួបបញ្ហាកូវីដ១៩ ការប្រមូលចំណូលត្រូវបានព្យាករថា អាចធ្លាក់ចុះពី៤០% ទៅ៥០% ក៏ប៉ុន្តែ នៅទីបំផុត អគ្គនាយកដ្ឋានពន្ធដានៅតែអាចប្រមូលចំណូលលើសផែនការជាង១% ផងដែរ។

សូមជម្រាបថា តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធផ្ទៃក្នុងឱ្យបានចំនួនប្រមាណជាង ៣ពាន់៥រយលានដុល្លារ កើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២៕




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច”

ព័ត៌មាន
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្…

ចេកអំបូងលឿងនៅខេត្តកំពតមានទីផ្សារល្អ ខណៈអាចនាំចេញបានជាង២០ម៉ឺនតោនក្នុងមួយឆ្នាំៗ

ព័ត៌មាន
ប្រធានមន្ទីរកសិកម្មខេត្តកំពតបានអះអាងថា ចេកអំបូងលឿងដែលដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានប្រម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ