កម្ចីឥណទាន

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះទំហំកម្ចីជាង៥៧ពាន់លានដុល្លារ ដែលពលរដ្ឋជិត៥លានគណនីកំពុងប្រើប្រាស់ក្នុងប្រព័ន្ធធនាគារ?


គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានប្រជាជនកម្ពុជា ប្រមាណជិត៥លានគណនី កំពុងប្រើប្រាស់កម្ចីនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលមានទំហំប្រាក់ជាង៥៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ការិយាឥណទានកម្ពុជា( Credit Bureau Cambodia) ហៅកាត់ថា CBC ដែលបានចេញផ្សាយការពីចុងខែមីនា កន្លងទៅ។ តើអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុមានការយល់ឃើញបែបណាចំពោះទំហំកម្ចី និងចំនួនពលរដ្ឋ ដែលកំពុងប្រើប្រាស់កម្ចីនេះ?
កម្ចីឥណទាន
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកទំហំឥណទានជាង៥៧ពាន់លានដុល្លារ ​កំពុងប្រើប្រាស់ដោយប្រជាពលរដ្ឋជិត៥លានគណនីគិតត្រឹមដំណាច់ឆ្នាំ២០២៣ គឺបានបង្ហាញពីភាពរឹងមាំរបស់ប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុ។ លើសពីនេះវាបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការជួយលើកកម្ពស់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ជាប្រភពទុន។ សម្រាប់អ្នកជំនាញរូបនេះ ការបញ្ចេញទុនច្រើនពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចមិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ តែអ្វីដែលត្រូវព្រួយបារម្ភ គឺស្ថិតលើកត្តាគុណភាពក្នុងការផ្ដល់ឥណទាន ព្រោះប្រសិនបើការដាក់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុមិនល្អ ទើបបង្កើតជាបញ្ហាប្រឈម ឬហានិភ័យបំណុលវ័ណ្ឌក។

បើតាមការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះ ក្នុងចំណោមឥណទានជិត៥លានគណនី ដែលកំពុងប្រើប្រាស់ក្នុងប្រព័ន្ធធនាគារ គឺមានជាង១លាន៥សែនគណនី ជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាមួយគ្នានេះ គិតត្រឹមដំណាច់ឆ្នាំ២០២៣ អតិថិជនដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានទំហំប្រមាណ៥០ពាន់លានដុល្លារ ដែលស្មើនឹង៨០%នៃទំហំប្រាក់កម្ចីសរុប។ បើតាមអ្នកជំនាញរូបនេះ ការផ្ដល់កម្ចីត្រឹមត្រូវដល់អតិថិជនក្នុងការបង្កើត ឬពង្រីកអាជីវកម្ម មិនត្រឹមតែជួយដល់ពលរដ្ឋបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្របានមួយកម្រិតផងដែរ។

​ជាមួយគ្នានេះលោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុម្នាក់យល់ឃើញថា ប្រាក់កម្ចីក្នុងប្រព័ន្ធធនាគារដែលមានទំហំជាង៥៧ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២៣ ទំនងជាឈានដល់កម្រិកឆ្អែតហើយ។លោកបានទាញការប្រៀបធៀបទំហំកម្ចីនេះជាមួយទំហំផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាថា ទំហំកម្ចីនេះអាចស្មើនឹងប្រមាណ១៨០% នៃ GDP របស់កម្ពុជា ដែលមានក្នុងរង្វង់ជាង៣២ពាន់លានដុល្លារ​។ តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ថា អត្រាសងត្រឡប់របស់អតិថិជនហាក់នៅមិនទាន់មានភាពអាក្រក់ខ្លាំងនៅឡើយទេ។ ដូច្នេះដើម្បីបញ្ជៀសនូវហានិភ័យអ្នកជំនាញរូបនេះយល់ឃើញថា ស្ថាប័នផ្តល់ប្រាក់កម្ចីគួរបន្តអនុវត្តការផ្តល់កម្ចីដោយការប្រុងប្រយត្ន័ ហើយដើម្បីអាចបន្ធូរកម្រិតឥណទានពីភាពឆ្អែត ហើយអាចបន្តបញ្ចេញទុនជំរុញសេដ្ឋកិច្ចឡើងវិញ គឺអាចត្រូវការរយៈពេលចន្លោះពី៣ទៅ៥ឆ្នាំទៀត។ អ្នកជំនាញរូបនេះវាយតម្លៃថា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានកំណើនខ្លាំងឡើងវិញ កម្ពុជាត្រូវពឹងផ្អែកលើកំណើនលំហូរទុនពីបរទេស និងកំណើនការនាំចេញជាអាទិភាព។

ពាក់ព័ន្ធបញ្ហានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការផ្ដល់កម្ចីពីវិស័យហិរញ្ញវត្ថុ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចជាតិ។ ប៉ុន្តែប្រាក់កម្ចីក៏អាចជះផលរំខានដល់សេដ្ឋកិច្ចផងដែរ ប្រសិនបើអ្នកខ្ចីខ្វះលទ្ធភាពសងមានការកើនឡើង។ បើតាមប្រធានមជ្ឈមណ្ឌលរូបនេះ ពលរដ្ឋត្រូវស្វែងយល់ឱ្យបានច្បាស់លាស់អំពីលទ្ធភាពសងប្រាក់ មុនសម្រេចចិត្តខ្ចីប្រាក់ពីវិស័យហិរញ្ញវត្ថុ បើពុំដូច្នេះទេ ពួកគេអាចនឹងប្រឈមមុខជាមួយបំណុលរយៈពេលច្រើនឆ្នាំជាមិនខាន។ ទន្ទឹមនេះលោកស្នើឱ្យរដ្ឋាភិបាល គួរតែមានគោលនយោបាយ ដើម្បីជួយសម្រួលអ្នកដែលពុំមានលទ្ធភាពបង់ប្រាក់ ហើយក៏មិនគួរអនុវត្តការរឹបអូសយកទ្រព្យសម្បត្តិភ្លាមៗនោះដែរ។

​បើយោងតាមរបាយការណ៍របស់ CBC ក្នុងចំណោមពលរដ្ឋជិត៥លានគណនី ដែលកំពុងប្រើប្រាស់ឥណទានជាង៥៧ពាន់លានដុល្លារ ពលរដ្ឋក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងលំដាប់ទី១ ដែលទទួលបានឥណទានច្រើនជាងគេ បន្ទាប់មកគឺពលរដ្ឋក្នុងខេត្តកណ្ដាល ស្ថិតក្នុងលំដាប់ទី២ និងពលរដ្ឋក្នុងខេត្តសៀមរាប ស្ថិតក្នុងលំដាប់ទី៣។ បើតាមទិន្នន័យដដែល ការសងត្រឡប់វិញរបស់អ្នកខ្ចីប្រាក់ យឺតជាង៩០ថ្ងៃគឺមានចំនួន៤,៥%ឯណោះ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងរៀបចំដែនដី ដាក់ឱ្យប្រើប្រាស់សេវាទិញលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថល

ព័ត៌មាន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នករកស…

តើអ្វីនៅពីក្រោយការឡើងថ្លៃមាសជាបន្តបន្ទាប់នៅលើទីផ្សារអន្តរជាតិ?

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ពោលគឺតាំងពីមានការផ្ទុះសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ