អាស៊ាន-មីយ៉ាន់ម៉ា

បេសកជនពិសេសប្រធានអាស៊ានយល់ឃើញបែបណា ក្រោយមីយ៉ាន់ម៉ាប្រកាសដោះលែងអ្នកទោសជិត៦ពាន់នាក់?


រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជិត៦ពាន់នាក់ក្នុងថ្ងៃប្រារព្ធទិវាអបអរខួបលើកទី១០២ឆ្នាំនៃការទទួលបានឯករាជ្យ កាលពីថ្ងៃទី១៧ខែវិច្ឆកា ដែលជាដោះលែងអ្នកទោសធំផុតមិនធ្លាប់មានតាំងពីធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អោង សាន់ស៊ូជី។ មួយថ្ងៃក្រោយការដោះលែងអ្នកទោស បេសកជនពិសេសរបស់ប្រធានអាស៊ានបានចេញលិខិតស្វាគមន៍ចំពោះទង្វើនេះ និងបានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា ជាការបង្ហាញឆន្ទៈក្នុងការឈានទៅរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅមីយ៉ាន់ម៉ា និងស្របតាមកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
អាស៊ានយល់ឃើញបែបណា ក្រោយមីយ៉ាន់ម៉ាប្រកាសដោះលែងអ្នកជិត៦ពាន់នាក់?

បេសកជនពិសេសនៃប្រធានអាស៊ាននឹងធ្វើដំណើរទស្សនកិច្ចលើកទី៣នៅមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តជួយមីយ៉ាន់ម៉ាឲ្យវិលមករកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ានៅថ្ងៃទី១៨ វិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍មួយអបអរ និងស្វាគមន៍ចំពោះការដោះលែងអ្នកទោសទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២២។ បេសកជនពិសេសនៃប្រធានអាស៊ានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា ជាកាយវិការដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។

លើសពីនេះវាក៏ជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមានស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ផងដែរ។

ការបន្ទន់ឥរិយាបថរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានេះ បានជំរុញបេសកជនពិសេសនៃប្រធានអាស៊ានសម្រេចនឹងធ្វើដំណើរទស្សនកិច្ចលើកទី៣ទៅមីយ៉ាន់ម៉ាតាមការគ្រោងទុកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីបន្តជួយមីយ៉ាន់ម៉ាឲ្យវិលទៅរកប្រក្រតីភាព និងដើរលើមាគ៌ាប្រជាធិបតេយ្យឡើងវិញ ដែលខ្លួនបានខិតខំធ្វើតាំងពីដើមអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា។

បេសកជនពិសេសនៃប្រធានអាស៊ានសង្ឃឹមថា ដំណើរទស្សនកិច្ចលើកក្រោយនេះនឹងអាចសម្រេចបានវឌ្ឍនភាពបន្ថែមទៀតលើអាទិភាពចំនួនបី នៃកិច្ចព្រមព្រៀងជាឯកឆន្ទទាំង៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលដល់ការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន។

គួររំលឹកផងដែរថា ក្រោយរបបយោធាដឹកនាំដោយលោក មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោង សាន់ស៊ូជី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឲ្យមានអំពើហិង្សារួចមក មីយ៉ាន់ម៉ាបានក្លាយជារដ្ឋឯកោ និងឃ្លាតឆ្ងាយពីសហគមន៍អាស៊ាន។ ជាក់ស្តែងរាល់កិច្ចប្រជុំធំៗ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះ ពុំមានវត្តមានមីយ៉ាន់ម៉ានោះទេ សូម្បីអ្នកតំណាងមិនមែននយោបាយ។ ទោះយ៉ាងណា កៅអីសម្រាប់មីយ៉ាន់ម៉ានៅតែមានសម្រាប់កិច្ចប្រជុំនានារបស់អាស៊ាន។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកទោសជិត៦ពាន់នាក់ ដែលរបបយោធាមីយ៉ាន់ម៉ាប្រកាសដោះលែងនោះ ក៏មានលោក ច ទិនស្វេ អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ, អ្នកស្រី ឡី ឡី ម៉ អតីតអភិបាលតំបន់តានីនតាយី, លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់៨៨៨៨, បណ្ឌិត ម្ញោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអ្នកនាំពាក្យនៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ, លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្តាលបក្ស NLD, លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD, សាស្ត្រាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ, លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី, លោកសាស្ត្រាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយ សេដ្ឋកិច្ចរបស់លោកស្រី អោង សាន់ស៊ូជី, លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាពយន្តជប៉ុន និងលោក ច ថេ អ៊ូ ជាពលរដ្ឋអាមេរិកជាដើម៕




អត្ថបទបន្ទាប់


ហ្វតតេ ដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាថ្មី ដើម្បីបង្ហាញពីការវិវឌ្ឍដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជាហ្វតតេ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដាក់បង្ហាញនិមិត្តសញ្ញាថ្មី ជាមួយនឹងពាក្យស្លោកថ្មី «រស់…

ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានឃាត់ខ្លួននៅអាមេរិក

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានសម្តែងការភ្ញាក់ផ្អើល និងក្តីទោមនស្សយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ