កងទ័ពថៃ

តើកម្ពុជា គួរហៅភាគីសំខាន់ៗណាខ្លះឱ្យចុះទៅឃ្លាំមើលនៅក្នុងថ្ងៃឱសានវាទថៃ គ្រោងដេញពលរដ្ឋខ្មែរចេញពីភូមិ?


តាមការគ្រោងទុកកងទ័ពថៃ គ្រោងប្រើច្បាប់ព្រៃបណ្តេញពលរដ្ឋខ្មែរចេញទឹកដីខ្មែរនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលជាការគំរាមទាំងងងប់ងងុល និងវង្វេងប្រវត្តិសាស្ត្រ។ យ៉ាងណាមិញអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានអះអាងថា រដ្ឋបាលខេត្តរួមជាមួយប្រជាជន និងកម្លាំងត្រៀមខ្លួនរួចរាល់ហើយក្នុងការទប់ទល់ជាមួយការរំលោភបំពានទាំងងងើលរបស់កងទ័ពថៃ ហើយមកពលរដ្ឋខ្មែរនៅតំបន់ទាំងពីរនេះ ក៏មិនមានអ្នកណាចាកចេញពីផ្ទះ និងដីធ្លីរបស់ពួកគេផងដែរ។
កងទ័ពថៃ
ដោយ

ក្រៅពីត្រៀមទប់ទល់ តើកម្ពុជា គួរហៅភាគីសំខាន់ៗណាខ្លះ ដើម្បីឱ្យឃ្លាំមើលសកម្មភាពរំលោភបំពានរបស់ថៃ?

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសង្កេត ឃើញថា នៅក្នុងជម្លោះព្រំដែនកម្ពុជា ជាមួយថៃ ថៃតែងតែធ្វើអ្វីដោយឯកតោភាគី និងបានយកផែនទីគូសដែលគូសដោយឯកតោភាគីមកកំណត់ខណ្ឌសីមាព្រំដែនយ៉ាងគឃ្លើន ដោយបានរំលោភលើសន្ធិសញ្ញាដែលមានស្រាប់ជាច្រើន។ ស្របពេលថ្ងៃឱសានវាទ ដែលថៃគ្រោងដេញពលរដ្ឋខ្មែរចេញពីភូមិចូលមកដល់ អ្នកជំនាញរូបនេះ ហាក់បង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពពលរដ្ឋនៅតំបន់ទាំងនោះ ដែលតម្រូវឱ្យភាគីពាក់ព័ន្ធត្រូវត្រៀមនៅសម្ភារៈការពារ ព្រោះថៃអាចប្រើឧបករណ៍រំខានដោយសំឡេង កាំភ្លើងជ័រ និងគ្រាប់បែកផ្សែងមកលើពលរដ្ឋខ្មែរ។ តែយ៉ាងណា លោក ស្នើដល់ភាគីពាក់ព័ន្ធគួរតែដឹកនាំក្រុមអ្នកអង្កេតការណ៍អាស៊ាន ឯកអគ្គរដ្ឋទូតគ្រប់ប្រទេស ជាពិសេសអ្នកកាសែតទាំងជាតិ និងអន្តរជាតិឱ្យមកឃ្លាំមើលសកម្មភាពរបស់ថៃនៅថ្ងៃទី១០ តុលា នេះ ក៏ដូចជារាយការណ៍ទៅប្រទេសមហាអំណាចអាម៉េរិកឱ្យជ្រាបពីបញ្ហានេះ។

ដោយឡែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា យោធាថៃបានប្រកាសអនុវត្តច្បាប់អាជ្ញាសឹកដេញពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃនេះ វាជាការគំរាមឱ្យពលរដ្ឋខ្មែរមានភាពភ័យខ្លាច ដើម្បីឱ្យពួកគេចាកចេញពីភូមិ ហើយចូលគ្រប់គ្រងក្រោមលេសសម្អាតមីនមិនទាន់ផ្ទុះ។ លោកបណ្ឌិតកត់សម្គាល់ឃើញថា ថៃហាក់កំពុងប្រើល្បិចឱ្យកងទ័ពខ្មែរអស់ការអត់ធ្មត់ឈានដល់ការផ្ទុះអាវុធ ដើម្បីប្រកាសប្រាប់អន្តរជាតិថា ខ្មែរបានរំលោភបទឈប់បាញ់ដែលអាចបើកឱកាសឱ្យថៃអាចវាយប្រហារលើកម្ពុជាម្ដងទៀត។ អ្នកជំនាញរូបនេះស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវការពារឱ្យបាននូវសុវត្ថិភាពរបស់ពលរដ្ឋ និងហៅក្រុមអ្នកអង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសឱ្យទៅផ្ដិតយករូបភាព ដើម្បីត្រៀមឃ្លាំមើលនៅថ្ងៃដែលថៃដាក់ឱសានវាទដេញពលរដ្ឋខ្មែរ។

យ៉ាងណាមិញលោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលា ស្ថានភាពនៅភូមិជោគជ័យ និងភូមិព្រៃចាន់ គឺមានសភាពស្ងប់ស្ងត់ធម្មតា ដោយមិនមានប្រជាពលរដ្ឋណាម្នាក់ចាកចេញពីភូមិនោះឡើយ។ អ្នកនាំពាក្យរូបនេះបានអះអាងថា កងកម្លាំងកម្ពុជាបានតៀមខ្លួនរួចហើយក្នុងការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យធ្លាប់បានប្រកាសរួចមកហើយថា ខ្លួននឹងមិនជម្លៀសប្រជាពលរដ្ឋចេញពីភូមិជោគជ័យ និងព្រៃចាន់នោះឡើយ ព្រោះពលរដ្ឋបានរស់នៅ និងអាស្រ័យផលអស់រយៈពេលជាច្រើនទស្សវត្សមកហើយ ហើយទីតាំងនោះ ក៏ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាផងដែរ ដូច្នេះថៃមិនមានដែនសមត្ថកិច្ចអ្វីអនុវត្តមកលើពលរដ្ឋខ្មែរនោះទេ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ (កម្រិតមាស) ជាធនាគារឆ្នើមការពារសុវត្ថិភាពអតិថិជនកម្រិតខ្ពស់បំផុត!

ធនាគារ អេស៊ីលីដា មានមោទនភាពយ៉ាងខ្លាំង ដែលបានទទួល វិញ្ញាបនបត្រកម្រិតមាស (Gold Level Certification) ពីស្ថាប័ន MFR Global Rating Age…

ផ្អែកតាមលក្ខខណ្ឌដែលនាយករដ្ឋមន្ត្រីថៃ ដាក់ឱ្យលោក ត្រាំ តើកិច្ចប្រជុំចរចាស្វែងសន្តិភាពរវាងកម្ពុជា និងថៃ អាចទៅរួចទេ?

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗមួយចំនួន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកការសម្របសម្រួលក្នុងការធ្វើជាអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ