កំណើន​សេដ្ឋកិច្ច​កម្ពុជា!

ធនាគារ​ពិភពលោក៖ កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​៦,៩%​នៅ​ឆ្នាំ​២០១៨


«កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​​នឹង​មាន​ភាព​រឹងមាំ​កើន​ដល់ ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដែល​ទ្រទ្រង់​មួយ​ផ្នែក​ដោយសារ​ចំណាយ​កាន់តែ​ច្រើន​របស់​រដ្ឋាភិបាល​និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភព​លោក​មាន​អំណោយ​ផល ក្នុង​នោះ​រួម​មាន តម្រូវ​ការ​យ៉ាង​ស្វាហាប់​​នៅ​ក្នុង​បណ្ដា​​សេដ្ឋកិច្ច​ប្រទេសជឿន​លឿន​ផង»។ នេះ​បើ​យោង​តាម​​របាយការណ៍​«បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា» របស់​ធនាគារ​ពិភពលោក (World Bank) ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
ទិដ្ឋភាព​រាជធានី​ភ្នំពេញ​ នា​ពេល​រាត្រី។ ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​​ក្នុង​រង្វង់ ៧ភាគរយ​ជាប់​គ្នា។
ដោយ

របាយការណ៍​ដដែល​​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​នេះ​គឺ​មក​ពី​កត្តា​ការ​ស្ទុះ​ឡើង​វិញ​ក្នុង​វិស័យ​នាំចេញ​វាយនភណ្ឌ​និង​សម្លៀក​បំពាក់ ការ​ងើប​ឡើង​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​លើ​វិស័យ​កសិកម្ម​ដោយសារ​តែ​ការ​ពង្រីក​ផ្ទៃ​ដី​ធ្វើ​ស្រូវ​និង​ចម្ការ​កៅស៊ូ​និង​ការ​ងើប​ឡើង​វិញ​បន្ដិច​ម្ដងៗ​នៃ​តម្លៃ​កសិផល។ លើស​ពី​នេះ វិស័យ​សំណង់​ក៏​មាន​ការ​កើន​ឡើង ដែល​វា​ជា​ចលករ​សំខាន់​មួយ​នាំ​ឲ្យ​មាន​កំណើន និង​រួម​ចំណែក​ដល់​ការ​បង្កើត​ការងារ​និង​រក្សា​បាន​កម្រិត​មធ្យម​ដដែល។

របាយការណ៍​នេះ​បាន​សរសេរ​បន្ថែម​ថា បើ​ទោះ​បី​សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​២០១៧​ក៏​ដោយ ប៉ុន្ដែ ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​​ក៏​មាន​ហានិភ័យ​ផង​ដែរ ដូចជា ការ​បាត់បង់​បន្ដិច​ម្ដងៗ​នូវ​ភាព​ប្រកួត​ប្រជែង​ដោយសារ​តែ​ការ​កើន​ឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​ជាក់ស្ដែង​របស់​កម្មករ ពំនូន​គរ​នៃ​ភាព​ងាយ​រងគ្រោះ​ដែល​មាន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ភាព​មិន​ច្បាស់​លាស់​ដែល​អាច​កើន​ឡើង​ជុំវិញ​ការ​បោះឆ្នោត ភាព​រញ្ជូយ​ម្ដង​ម្កាល​បណ្ដាល​មក​ពី​ការ​គាំពារ​និយម និង​ភាព​តានតឹង​ខ្លាំង​ឡើង​នៅ​ក្នុង​វិវាទ​រវាង​បណ្ដា​ប្រជាជាតិ​ធ្វើ​ពាណិជ្ជ​កម្ម​ធំៗ​ជាង​គេ​លើ​ពិភព​លោក។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បាន​ប្រសាសន៍​ថា៖ «ដើម្បី​រក្សា​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ ប្រទេស​កម្ពុជា​សំខាន់​ណាស់ ត្រូវ​វិនិយោគ​ថែម​ទៀត​ទៅ​លើ​វិស័យ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ជំនាញ ហើយ​ស្រប​ពេល​គ្នា​នោះ​ដែរ ត្រូវ​ប្រឹង​រក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា ដែល​ធុរកិច្ច​ធុន​តូច​និង​មធ្យម​កំពុង​ជួប​ប្រទះ។ ការ​វិនិយោគ​លើ​មនុស្សជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈាន​ទៅ​កាន់​អនាគត​មួយ​កាន់​តែ​ចម្រុង​ចម្រើន»។

របាយការណ៍​ខាង​លើ បាន​កត់​សម្គាល់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​មាន​ភាព​ចម្រុះ​ជាង​មុន និង​បង្កើត​ការងារ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត គឺ​ដោយសារ​តែ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន​លើ​ដំណើរការ​បំពេញ​បែប​បទ​បង្កើត​ក្រុមហ៊ុន​ទៅ​លើ​ផ្នែក​ប្រិតបត្តិការ​និង​ទៅ​លើ​ការ​ធ្វើ​ហិរញ្ញប្បទាន។ 

របាយការណ៍​នេះ ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ឲ្យ​កម្ពុជា​ឃ្លាំ​មើល​ឲ្យ​បាន​ដិតដល់​លើ​ដំណើរ​ស្ទុះ​ឡើង​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ និង​រៀបចំ​គោល​នយោបាយ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​លក្ខណៈ​ម៉ាក្រូ ដែល​នឹង​ជួយ​បន្ថយ​វិសាល​ភាព​របស់​សកម្មភាព​កេង​យក​ចំណេញ​នៅ​ក្នុង​វិស័យ​ទាំង​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋ​សាទរ​ចំពោះ​ការ​ដក​«បង្គោល​ភ្លើង​ពិឃាដ»​ចេញ​ពី​ផ្លូវ​ហាណូយ (វីដេអូ)

ព័ត៌មាន
ក្រោយ​ពី​មាន​ការ​រិះគន់​របស់​ពលរដ្ឋ និង​អ្នក​ដំណើរ​ជុំវិញ​រឿង​បង្គោល​ភ្លើង​នៅ​ចំ​កណ្ដាល​ផ្លូវ​ហាណូយ ឥឡូវ​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា…

របាយការណ៍៖ កង្វះអាជីវកម្មខ្នាតមធ្យម បានធ្វើឲ្យប៉ះពាល់ដល់កំណើនការងារនៅកម្ពុជា

ព័ត៌មាន
របាយការណ៍ថ្មីប្រចាំខែមេសា ឆ្នាំ២០១៨ របស់ធនាគារពិភពលោក បានបង្ហាញថា ភាពខ្វះខាតនូវសហគ្រាសធុនកណ្ដាល បាននិងកំពុងបានធ្វើឲ្យមានបញ្ហាប្រឈមមួយចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ