បុរសម្នាក់កែច្នៃចង្ក្រានចំហេះជីវម៉ាសដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន
លោក លឹម ស៊ុយហេង ពលរដ្ឋនៅភូមិសេរីសម្បត្តិ សង្កាត់គងណយ ខណ្ឌដង្កោ ចម្ងាយប្រហែល២គីឡូម៉ែត្រភាគខាងកើតផ្សារកំពង់កន្ទួត បានកែច្នៃបង្កើតចង្រ្កានចំហេះជីវម៉ាស ដែលប្រើឧសតិច កាត់បន្ថយផ្សែង និងងាយស្រួលគ្រប់គ្រងអណ្ដាតភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់មេផ្ទះទាំងឡាយ និងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានទៀតផង។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំបូងឡើយ ខ្ញុំមិនមែនជាជាងធ្វើចង្ក្រាននោះទេ។ ប៉ុន្តែ ខ្ញុំបានឃើញវីដេអូក្នុង YouTube របស់ជនជាតិអាមេរិកាំង គេធ្វើចង្ក្រានហ្នឹង ហើយមើលទៅដូចមានប្រយោជន៍ច្រើន។ ហើយកន្លងមក នៅស្រុកយើង អត់មានអ្នកប្រើចង្ក្រានហ្នឹងទេ ខ្ញុំក៏ចង់សាកល្បងធ្វើ យើងមានសម្ភារៈស្រាប់ខ្លះៗ ហើយទិញដែកបន្ថែមតិចតួចមក គឺធ្វើបានហើយ ពេលធ្វើទៅបានដូចអ្វីដែលយើងចង់បានមែន វាបានជោគជ័យ»។