Advertisement
គំនិត​ច្នៃ​ប្រឌិត

លោក លឹម ស៊ុយហេង កែច្នៃ​ចង្ក្រាន​ចំហេះ​ជីវម៉ាស​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន


លោក លឹម ស៊ុយហេង ពលរដ្ឋ​នៅ​ភូមិ​សេរីសម្បត្តិ សង្កាត់​គងណយ ខណ្ឌ​ដង្កោ ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ផ្សារ​កំពង់កន្ទួត បាន​កែច្នៃ​បង្កើត​ចង្រ្កាន​ចំហេះ​ជីវម៉ាស ដែល​ប្រើ​ឧស​តិច កាត់​បន្ថយ​ផ្សែង និង​ងាយ​ស្រួល​គ្រប់គ្រង​អណ្ដាត​ភ្លើង ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​មេផ្ទះ​ទាំង​ឡាយ និង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ទៀត​ផង។
លោក លឹម ស៊ុយហេង កែច្នៃ​ចង្ក្រាន​ចំហេះ​ជីវម៉ាស​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន។
ដោយ
Advertisement

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ដំបូង​ឡើយ ខ្ញុំ​មិនមែន​ជា​ជាង​ធ្វើ​ចង្ក្រាន​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​បាន​ឃើញ​វីដេអូ​ក្នុង YouTube របស់​ជនជាតិ​អាមេរិកាំង គេ​ធ្វើ​ចង្ក្រាន​ហ្នឹង ហើយ​មើលទៅ​ដូច​មាន​ប្រយោជន៍​ច្រើន។ ហើយ​កន្លង​មក នៅ​ស្រុក​យើង អត់​មាន​អ្នក​ប្រើ​ចង្ក្រាន​ហ្នឹង​ទេ ខ្ញុំ​ក៏​ចង់​សាក​ល្បង​ធ្វើ យើង​មាន​សម្ភារៈ​ស្រាប់​ខ្លះៗ ហើយ​ទិញ​ដែក​បន្ថែម​តិចតួច​មក គឺ​ធ្វើ​បាន​ហើយ ពេល​ធ្វើ​ទៅ​បាន​ដូច​អ្វី​ដែល​យើង​ចង់​បាន​មែន វា​បាន​ជោគជ័យ»។

លោក​បន្ត​ថា៖ «ចង្ក្រាន​នេះ មាន​លក្ខណៈ​ពិសេស ត្រង់​ថា ផ្សែង​មាន​តិច​បំផុត វា​ឆេះ​ឧស​ហើយ វា​ឆេះ​ផ្សែង​ហ្នឹង​ទៀត វា​មាន​កម្ដៅ​ទ្វេ​ដង ធ្វើ​ឲ្យ​ការ​ដាំ​ស្ល​បាន​ល្អ។ មួយ​ទៀត បើ​ចង្ក្រាន​ធម្មតា វា​ដុត​ឧស​អស់ ឧបមាថា វា​ឆេះ​អស់​១០​នាទី តែ​ចង្ក្រាន​នេះ បើ​ដុត​ឆេះ​អស់​១៥​ទៅ​២០​នាទី​ឯនោះ។ ដូច្នេះ ឧស​ហ្នឹង​វា​ឆេះ​យឺត​ណាស់ ត្រង់​ចំណុច​ហ្នឹង​ដែល​យើង​ថា ចង្ក្រាន​ហ្នឹង សន្សំ​សំចៃ​ឧស»។

ដូចគ្នា​នេះ​ដែរ អ្នកស្រី ហេង ចន្ធី ស្ដ្រី​មេផ្ទះ​ភូមិ​សេរីសម្បត្តិ សង្កាត់​គងណយ បាន​ឲ្យ​ដឹង​ថា ចង្ក្រាន​នេះ​មួយ​មាន​តម្លៃ​៦​ម៉ឺន​រៀល ដែល​អ្នកស្រី​ចាត់​ទុក​ថា មាន​តម្លៃ​សមរម្យ អាច​ឲ្យ​ពលរដ្ឋ​នៅ​ជនបទ​អាច​ទិញ​ប្រើប្រាស់​បាន។

អ្នកស្រី ហេង ចន្ធី ស្ដ្រី​មេផ្ទះ​ភូមិ​សេរីសម្បត្តិ សង្កាត់​គងណយ អ្នក​ប្រើ​ចង្ក្រាន​ជីវម៉ាស។

បើ​តាម​មេផ្ទះ​រូប​នេះ ចង្ក្រាន​ចំហេះ​ជីវម៉ាស ក្រៅពី​មាន​តម្លៃ​សមរម្យ វា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​ការ​ដាំស្ល​ទៀត​ផង។  

អ្នកស្រី​រៀបរាប់​ថា៖ «វា​ប្រើ​ឧស​តិច ដាំ​បាយ​ក៏​ឆាប់​ពុះ​ដែរ ប្រហែល​១០​នាទី​ឆ្អិន​ហើយ។ ភ្លើង​វា​មិន​បែក វា​មូល​ក្នុង​ហ្នឹង​ទាំង​អស់។ បើ​យើង​ចង់​ឲ្យ​រហ័ស យើង​ដាក់​ឧស​ឲ្យ​ច្រើន ហើយ​បិទ​សន្ទះ​នេះ​ទៅ វា​មិន​ខ្ទាត​រងើក​ភ្លើង​ចេញ​ពី​ចង្ក្រាន​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​អី​នោះ​ទេ ហើយ​យើង​ចង់​ធ្វើ​អ្វី​ផ្សេង​ទៀត​បាន​ ដោយ​មិន​បាច់​បារម្ភ​នោះ​ទេ»៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេវាកម្ចាត់សត្វល្អិត​ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការរស់នៅ

ព័ត៌មាន
លោក លីវ ផល្លា មន្រ្តីប្រតិបត្តិក្រុមហ៊ុន EnviroCam ដែលបម្រើសេវាកម្ចាត់សត្វល្អិតនៅកម្ពុជា បានអះអាងថា ការកម្ចាត់សត្វល្អិត មានដូចជា កណ្តុរ...

កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ទំហំ​១០០​មេហ្គាវ៉ាត់​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មាន
រោងចក្រ​អគ្គិសនី​ប្រើ​ថាមពល​ធ្យូង​ថ្ម ដែល​មាន​កម្លាំង​១០០​មេហ្គាវ៉ាត់ និង​មាន​ទឹក​ប្រាក់​វិនិយោគ ៤១,១៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នឹ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ