តោះ! ទស្សនាសកម្មភាពរោងចក្រវេចខ្ចប់ចេកនាំចេញមុនគេបង្អស់នៅកម្ពុជា
ប្រទេសកម្ពុជាទើបតែបានបើកសម្ពោធដាក់ឲ្យដំណើរការរោងចក្រវេចខ្ចប់ចេកដំបូងគេបង្អស់ នាថ្ងៃទី១០ ឧសភា ២០១៩ ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ រោងចក្រវេចខ្ចប់ចេកដ៏ធំនេះ មានទីតាំងស្ថិតនៅស្រុកឈូក ខេត្តកំពត ដែលជាការវិនិយោគរបស់ក្រុមហ៊ុនដាំដុះនិងនាំចេញចេក ទៅកាន់ប្រទេសចិន Longmate Agriculture។
បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះ រោងចក្រនេះនឹងអាចធ្វើការវេចខ្ចប់នាំចេកចេញទៅកាន់ប្រទេសចិន ចំនួនផ្លែចេកស្រស់ឲ្យបានប្រមាណ ២,២ម៉ឺនតោន នៅដំណាច់ឆ្នាំ២០១៩នេះ។
លោកឧកញ៉ា ផែ ហុកឈួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង មេត បានឲ្យដឹងថា ក្រុមហ៊ុន Longmate Agriculture គឺជាក្រុមហ៊ុនក្នុងស្រុកដែលបានសហការគ្នាជាមួយនឹងក្រុមហ៊ុនចិន ក្នុងការដាំដុះចេក នៅស្រុកឈូក ខេត្តកំពត ដែលមានផ្ទៃដីចម្ការសរុបប្រមាណ ១.០០០ ហិកតា ជាមួយនឹងដើមទុនវិនិយោគចំនួន៣២ លានដុល្លារអាមេរិក។