Advertisement
ទស្សនវិជ្ជាលោក Steve Jobs

ទស្សនវិជ្ជា ៣យ៉ាង ដែលលោក Steve Jobs បានបន្សល់ទុកក្នុងក្រុមហ៊ុន Apple


បើគិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនយក្ស ផលិតផលិតផលបច្ចេកវិទ្យាដូចជាកុំព្យូទ័រ ទូរស័ព្ទ Smartphone និងឧបករណ៍ Tablet នោះ មានអាយុកាលជាង ៤០ឆ្នាំហើយ ខណៈ ក្រុមហ៊ុនបច្ចេកវិជ្ជាមួយនេះ ត្រូវបានបង្កើតឡើងដោយ បិតាបច្ចេកវិទ្យា គឺលោក Steve Jobs។ ទោះបីជាស ស្ថាបនិករូបនេះ ត្រូវបានលាចាកលោកជាច្រើនឆ្នាំទៅហើយក្ដី ប៉ុន្ដែ ទស្សនវិជ្ជាដែលលោកបានបន្សល់ទុកក្នុងការដឹកនាំក្រុមហ៊ុន Apple នៅតែបន្តជីវិតជានិច្ច។
លោក Steve Jobs ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple (រូបភាពពី https://www.gsmnation.com)
ដោយ

តើអ្វី​ទៅជា​ទស្សនវិជ្ជា​របស់​​លោក Steve Jobs ដែល​បាន​​បន្យល់​ទុក​នៅ​ជាមួយ​ក្រុម​ហ៊ុន​យក Apple? តាមរយៈ​ការស្រាវ​ជ្រាវ​ផ្ទាល់​ខ្លួន ខេមបូណូមីស សូម​លើកយក​នូវទស្សន​វិជ្ជា ​៣យ៉ាង​សំខាន់ៗ​របស់បិតា​​ស្ថាបនិក​​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​​ពិភពលោកមួយនេះ មកធ្វើ​ការចែកជូនអ្នកអាន ដែល​មានដូច​ខាង​ក្រោម​នេះ ៖​

Advertisement

គិតឲ្យ​ខុស​ពីគេ (Think Different)

ការគិត​ខុសពី​គេ ជាពាក្យ​​ស្លោក​មួយ​របស់​ក្រុមហ៊ុន Apple ដែលត្រូវ​បានបង្កើត​ឡើងដោយ​លោក Steve Jobs គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ពីដើម​ចមនៃ​ការបង្កើត​នូវផលិតផល​ដែលល្អ​បំផុត​សម្រាប់​លក់លើ​ទីផ្សារ ហើយវា​ក៏ជា​ទស្សនវិជ្ជា​ស្នូលមួយ​របស់​ក្រុមហ៊ុន​នេះ​ផងដែរ។ ពាក្យសោ្លក​នេះទៀត​សោត ក៏ធ្លាប់​ត្រូវ​បានបង្ហាញ​រាល់ការ​​ផ្សព្វផ្សាយ​ពីផលិតផល​ថ្មី​របស់ Apple ដែលធ្វើ​ឲ្យក្រុមហ៊ុន​នេះ ជោគជ័យ​យ៉ាងខ្លាំង​នៅឆ្នាំ​១៩៩៧។

ពាក្យថា គិតឲ្យ​ខុស​ពីគេនេះ មិនមែន​ត្រឹមតែ​ចាក់ចំ​បេះដូង​អតិថិជន​របស់ Apple ប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជា​ទស្សនវិជ្ជា​មួយតម្រង់​ទិសសម្រាប់​បុគ្គលិក ឲ្យកាន់តែ​ស្គាល់ច្បាស់​ពីចក្ខុវិស័យ​របស់ Appleផងដែរ។ មិនតែ​ប៉ុណ្ណោះ ដោយសារ​តែគំនិត​មួយនេះ​ហើយ ទើប​ធ្វើឲ្យ​មនុស្សជា​ច្រើនទិញ​ផលិតផល​របស់ Apple ដោយ​មិនសូញ​សាញនឹង​តម្លៃ​ឡើយ។

លោក Steve ធ្លាប់​លើកឡើង​ពីយុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ដោយផ្អែក​លើទស្សន​វិជ្ជា Think Different នេះថា “ម៉ាឃីតធីង គឺជាអ្វី​ដែលនិយាយ​ពីគុណតម្លៃ ហើយយើង​ក៏មិនមាន​ពេលវេលា​ច្រើនដើម្បី​ធ្វើឲ្យមនុស្ស​ចងចាំ​ពីយើង​បានច្រើន​នោះដែរ ហើយក៏​គ្មានក្រុមហ៊ុន​ណាមួយធ្វើ​បានដែរ។ ដូច្នេះ​ហើយ យើងត្រូវ​ធ្វើឲ្យប្រាកដ​ថា តើអ្វីដែល​ជាចំណុច​ខ្លាំង ឬពិសេស​ជាងគេ​របស់​យើង ដែល​យើងចង់​ឲ្យមនុស្ស​គ្រប់គ្នា​បាន​ស្គាល់”។ 

យល់ចិត្ត​អតិថិជន​ជាងនរណា​ទាំងអស់ (Empathy)

Apple តែងតែ​បង្កើត​នូវអ្វី​ដែលជា​តម្រូវការ​ពិតរបស់​អតិថិជន ហើយគោល​ការណ៍នេះ​ បានធ្វើឲ្យ​ផលិតផល​របស់ Apple បានផ្សា​ភ្ជាប់ជាមួយ​អារម្មរបស់​អតិថិជន​ជាងផលិត​ផលផ្សេងៗ​ទៀត។ រាល់អ្វី​ដែលក្រុម​ការងារ​របស់ ​Apple បាននិង​កំពុងធ្វើ គឺជា​អ្វីដែល​នាំមក​នូវភាពប្រសើរ​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់ ហើយពួកគេ​មាន​ជំនឿយ៉ាង​មុត​មាំថា គ្មាន​នរណា​យល់ពី​អតិថិជន​ច្បាស់​ជាក្រុមហ៊ុន​ Apple នោះទេ។

តួយ៉ាង រាល់​ដំណើរ​វិវឌ្ឍន៍​របស់ Apple គឺតែង​តែ​​មានការ​ផ្លាស់ប្តូរ​ ទៅ​រកភាព​រីក​ចម្រើន​ជានិច្ច ហើយ​ពួកគេ​យល់ថា ដើម្បី​ផ្គាប់ចិត្ត​អតិថិជន​បាន ពួកគេ​ត្រូវសម្លាប់​ផលិតផល​របស់ពួកគេ​ឲ្យបាន មុននឹង​ផលិតផល​របស់​ក្រុមហ៊ុនដទៃ​ចូលមក​សម្លាប់​ផលិត​ផល​របស់​ពួកគេ។ ក្នុងន័យ​នេះ គឺ Apple តែង​តែបន្ត​នូវការ​អភិវឌ្ឍ​លើផលិត​ផលរបស់​ខ្លួន​គ្រប់​ជំនាន់ ព្រម​ជាមួយ​សមត្ថភាព​ប្រើប្រាស់​កាន់តែ​ប្រើសើរ​ឡើង។

ជាក់ស្ដែង កាលដើម​ឡើយ ក្រុមហ៊ុន​នេះចាប់​ផ្ដើមផលិត​កុំព្យូទ័រ Mac ក្រោយមក​ក៏ចាប់ផ្ដើម​ផលិត​ឧបករណ៍ស្ដាប់តន្ត្រី iPod ដែលជា​ឧបករណ៍​លេចធ្លោ​ជាងគេ​មួយ​នាសម័យ​នោះ ហើយឧបករណ៍​មួយនេះ ក៏បាន​ធ្វើឲ្យ​ឧបករណ៍ Sony Walkman (កូនម៉ាញេ​ចាក់​កាសែត) របស់​ក្រុមហ៊ុន Sony ត្រូវបាន​បាត់មុខ​ពីទីផ្សារ​ផងដែរ។

ក្រោយ​ពីនេះ iPod ត្រូវ​បានបាត់​ពីទីផ្សារ​បន្ដិច​ម្ដងៗ ដោយសារវត្តមាន​ចូលមក​ជំនួស​ដោយ​ iPhone និង iPad ដែល​ជាឧបករណ៍​ស្មាតហ្វូន​កំពុងវាយ​លុកទីផ្សារ​ខ្លាំងជាង​គេនាយុគ​សម័យ​បច្ចុប្បន្ន។ តែយើង​នឹងរង់ចាំ​មើលថា ​តើ Apple នឹងឧបករណ៍​ពិសេសអ្វី​ផ្សេង​ទៀត ដើម្បី​សម្លាប់​ផលិតផល​ចាស់​របស់ខ្លួន ឲ្យបាន​មុនផលិតផល​គូប្រជែង​ចូលមក​ដល់។    

លោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple (http://fortune.com/)

ផ្ដោតអារម្មណ៍​ចំពោះអ្វី​ដែលខ្លួន​ធ្វើ (Focus)

ការផ្ដោត​អារម្មណ៍​ចំពោះអ្វី​ដែលខ្លួន​បាន និងកំពុង​ធ្វើ គឺជាកត្តា​ស្នូលដ៏​សំខាន់​មួយដែរ សម្រាប់​ការសម្រេច​កិច្ចការ​គ្រប់ទម្រង់​ទាំងអស់។ ដូចទៅ​នឹងសម្ដី​របស់​មហាសេដ្ឋី​ចិន លោក Jack Ma ធ្លាប់​លើក​ឡើងថា ប្រសិន​បើអ្នកមើល​ឃើញ​ទន្សាយ​ជាច្រើន​នៅក្បែរ​ខ្លួន ចូរចាប់​យកតែមួយ​ឲ្យបាន​សិន ពោលគឺ ផ្ដោតទៅ​លើទន្សាយ​មួយណាដែល​ធំជាង​គេ។ យ៉ាងណាមិញ  ទស្សនវិជ្ជារបស់ Apple ក៏មិន​ខុសពីការ​លើកឡើង​នេះដែរ ដើម្បី​អាចសម្រេច​ការងារ​បានល្អ​បំផុត ពួកគេមាន​ជំនឿថា ត្រូវលះបង់​នូវឱកាស​ដែលមិន​សូវសំខាន់​ចោលឲ្យ​អស់ ហើយ​ចាប់​យកឱកាស​មួយណា ដែល​សំខាន់​ជាងគេបង្អស់​មកធ្វើវិញ​។ 

តួយ៉ាង ស្ថាបនិក និងជាអ្នក​កំណត់នូវ​ទស្សនវិជ្ជា​មួយនេះ​ លោក Steve Jobs ធ្លាប់​លើក​ឡើងថា ក្រុមហ៊ុន Apple ធ្លាប់បាន​គិតទៅលើ​ការបង្កើត​ឧបករណ៍​ថ្មីៗជាច្រើន​ដែលក្នុង​នោះ ដំបូង​ក្រុមហ៊ុន​គិតថា ចាប់ផ្ដើមផលិត​ឧបករណ៍​ iPad មុនផលិត​ iPhone តែក្រោយ​មក លោក Steve យល់ថា ទូរស័ព្ទ​ចល័ត គឺជាមធ្យោបាយ​ដ៏សំខាន់​ជាងគេ​បំផុតសម្រាប់​ការរស់​នៅរបស់​មនុស្ស បើធៀបនឹង iPad។ ដូច្នេះ​ហើយ​ទើប Apple សម្រេច​ចិត្តទុក​ការផលិត iPad មួយអន្លើ ហើយងាក​មកផលិត iPhone ជំនួសវិញ ដែលវា​ឆ្លុះបញ្ចាំង​ឲ្យឃើញពី​ការយល់​ចិត្តអតិថិជន​ជាងគេ​បំផុត​របស់ Apple។ នៅទីបំផុត​ ការគិត​របស់​លោក Steve ពិតជា​ត្រឹមត្រូវ ផលិតផល iPhone បានក្លាយ​ជាឧបករណ៍​ប្រវត្តិសាស្ត្រ​មួយ​ចូលមក​ធ្វើបដិវត្ត​វិស័យ​ទូរស័ព្ទ​ចល័ត​របស់​ពិភពលោក ជាមួយ​សមត្ថភាព​ដ៏អស្ចារ្យពុំធ្លាប់​មាន។

លោក Steve jobs ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple (www.npr.org)

ដោយសារ​ការ​បង្កើត​បាននូវ​គុណតម្លៃ​ស្នូល​ទាំងអស់​នេះហើយ ទើបធ្វើ​ឲ្យ Apple នៅតែ​បន្ដភាពជោគ​ជ័យរបស់​ខ្លួនមក​ទល់បច្ចុប្បន្ន​នេះ ហើយទោះ​បីជាបិតា​ស្ថាបនិក​រូបនេះ ត្រូវបាន​ឃ្លាតចាក​ឆ្ងាយពី​ក្រុមហ៊ុន​លែង​វិលវិញក្ដី​ តែទស្សនវិជ្ជា​ទាំងអស់​នៅតែដក់​ជាប់​ក្នុងក្រុម​ហ៊ុន Apple ជាដរាប។ ជាក់ស្ដែង លោក Tim Cook ដែល នាយកប្រតិបត្តិ​ស្នងតំណែង​​ពី​លោក Steve ក៏ធ្លាប់​អះអាង​ដែរថា គុណតម្លៃ​ស្នូល​ដែលលោក Steve បាន​បន្សល់​ទុក វាគឺជាអត្ត​សញ្ញាណ (DNA) របស់​ក្រុមហ៊ុន Apple និង​មិនអាច​កែប្រែ​បាន​ឡើយ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រយ័ត្ន៦ចំណុច មុនទិញខុនដូរ ចៀសវាងសោកស្ដាយនៅថ្ងៃក្រោយ

ចំណេះដឹង
ការទិញខុនដូរ ក៏មិនខុសពីការទិញដីធ្លី ឬផ្ទះសម្បែងប៉ុន្មានឡើយ ពោល គឺទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូរឲ្យបានល្អិតល្អន់ជាមុន ដើម្ប...

សិល្បៈនៃការ​ឆ្លើយ​តប​បដិសេធ ឲ្យ​មាន​ប្រសិទ្ធភាព

ចំណេះដឹង
រាល់ការឆ្លើយបដិសេធទៅលើគំនិតណាមួយរបស់អ្នកដទៃ នៅក្នុងបរិបទការងារ ឬការរស់នៅក៏ដោយ វាមិនមែនគ្រាន់តែនិយាយថា “ទេ ឬ NO” មួយម៉ាត់ត្រូវចប...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ