Advertisement
រឿង​ពោត​ធ្លាក់​ថ្លៃ!

រឿង​ពោត​ធ្លាក់​ថ្លៃ... ថវិកា​៣០លានដុល្លារនឹងត្រូវបញ្ចេញដើម្បី​ជួយសង្គ្រោះ


បន្ទាប់​ពី​ទីផ្សារ​​ម្រេច​និង​ដំឡូងមី​បាន​និង​កំពុង​បន្ត​ធ្លាក់​​ថ្លៃ ឥឡូវ​នេះ កសិករ​ជា​អ្នក​ដាំ​ពោត​ក៏​កំពុង​តែ​រង​ទុក្ខ​មិន​ចាញ់​អ្នក​ដាំម្រេច​និង​ដំឡូងមី​ប៉ុន្មាន​ដែរ ពោល​គឺ​តម្លៃ​កសិផល​ពោត​នៅ​ឆ្នាំ​បាន​ធ្លាក់​ចុះ​ខ្លាំង​​ពី ៤៤៤​រៀល​​ក្នុង​មួយ​គីឡូក្រាម មក​នៅ​ត្រឹម​តែ ៣៦០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។
ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ត្រៀម​បញ្ចេញ​ថវិកា​ជិត ៣០​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​ពោត​ធ្លាក់​ថ្លៃ។
ដោយ
Advertisement

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ នៅ​សប្ដាហ៍​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​បើក​កិច្ច​ប្រជុំ​អន្តរក្រសួង​មួយ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​បន្ទាន់​សម្រាប់​ប្រជាកសិករ​ជា​អ្នក​ដាំ​ពោត ហើយ​ក្នុង​នោះ ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​​គ្រោង​​​បញ្ចេញ​​ទុន​ជិត ៣០​លាន​ដុល្លារ​ដើម្បី​ជួយ​សង្គ្រោះ​ពោតដែល​​ធ្លាក់​ថ្លៃ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល​ពោត​នៅ​ឆ្នាំ​នេះ ផ្ដើម​ឡើង​ធំ​ដោយសារ​តែ​បញ្ហា​អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ធ្វើ​ឲ្យ​ទិន្នផល​មិន​សូវ​ទទួល​​បាន​គុណភាព​ល្អ ខណៈ​ដែល​កសិករ​ភាគ​ច្រើន​មិន​មាន​ឡ​​សម្ងួត និង​កន្លែង​ស្តុក​គ្រប់គ្រាន់​នៅ​ឡើយ។

ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។

មិន​តែ​ប៉ុណ្ណោះ នៅ​ឆ្នាំ​នេះ​កសិករ​បាន​នាំ​គ្នា​ដាំ​ពោត​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ស្រប​ពេល​ដែល​ប្រទេស​ជិត​ខាង​ក៏​មាន​ទិន្នផល​ពោត​កើន​ឡើង​ដែរ ដូច្នេះ ពួកគេ​ក៏​មិន​សូវ​បញ្ជា​ទិញ​ពោត​ពី​កម្ពុជា​ច្រើន​ដូច​មុនៗ​នោះឡើយ។

យ៉ាង​ណា​ក៏​ដោយ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​និង​កំពុង​សិក្សា​លើ​ដំណោះស្រាយ​មួយ​ចំនួន​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​យ៉ាង​ណា បង្កើត​ឲ្យ​មាន​ហេដ្ឋា​​រចនា​សម្ព័ន្ធ​សម្រាប់​ផលិតកម្ម​ពោត​របស់​កម្ពុជា ដូចជា ការ​បង្កើត​ឲ្យ​​មាន​ឡ​​សម្ងួត និង​ឃ្លាំង​ស្ដុក​ទុក​បន្ថែម​ដើម្បី​លក់​ចេញ​វិញ​នៅ​ពេល​មាន​ទីផ្សារ​ឡើង​វិញ។ 

លើស​ពីនេះ ឯកឧត្តម​ក៏​នឹង​ស្នើ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​យ៉ាង​ណា កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ​ដែល​តែងតែ​​កើត​មាន​នា​ពេល​កន្លង​មក។ គួបផ្សំ​នឹង​បង្កើត​ជា​សមាគម​អ្នក​ដាំពោត​ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ និង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​លើ​ការ​បង្កើត​ផលិត​កម្ម​កសិកម្ម​តាម​កិច្ចសន្យា​ដើម្បី​នឹង​បង្កើន​ទំនុក​ចិត្ត​ខ្ពស់​រវាង​អ្នក​លក់ និង​អ្នក​ទិញ​ជាដើម។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​នេះ គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​នឹង​ជំរុញ​ឲ្យ​តម្លៃ​ពោត​អាច​ងើប​ឡើង​វិញ​បាន។ 

Advertisement
លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ។

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ពោត​ធ្លាក់​ថ្លៃ​នេះ ខាង​ធនាគារ​អភិវឌ្ឍន៍​ជនបទ ក៏​គ្រោង​នឹង​យក​យន្ដការ​ដែល​ធ្លាប់​អនុវត្ត​លើ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​កាល​ពី​ឆ្នាំ​មុន​មក​ធ្វើការ​ដោះស្រាយ ពោល​គឺ​នឹង​ប្រើប្រាស់​ទុន ២៧​លាន​ដុល្លារ ដែល​សល់​ពី​ការ​ជួយ​សង្គ្រោះ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំមុន មក​ប្រើ​ប្រាស់​នៅ​លើ​បញ្ហា​ធ្លាក់​ចុះ​នៃ​កសិផល​ពោត​វិញ ដោយ​ប្រើប្រាស់​ជា​កម្ចី​សម្រាប់​ទុន​បង្វិល និង​ឥណទាន​វិនិយោគ ដែល​មាន​អត្រា​ការប្រាក់​ទាប​ជាង​មុន គឺ​អាច​មាន​ចន្លោះ​ពី ៥ ទៅ ៧% ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ 

លោក​បាន​បញ្ជាក់​ថា ការ​យក​មូល​និធិ​សម្រាប់​ដោះស្រាយ​បញ្ហា​ស្រូវ​មក​ប្រើប្រាស់​លើ​បញ្ហា​ពោត​ធ្លាក់​ថ្លៃ​នេះ គឺ​ដោយសារ​តែ​កសិផល​ទាំង​ពីរ​នេះ មាន​រដូវ​ប្រមូល​ផល​ខុស​គ្នា ស្រប​ពេល​ដែល​កាល​ពី​ឆ្នាំ​មុន ក្នុង​​ចំណោម​ទឹក​ប្រាក់ ២៧​លាន​ដុល្លារ ខាង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ប្រើប្រាស់​ទុន​អស់​ប្រមាណ​តែ ៣​លាន​៥​សែន​ប៉ុណ្ណោះ  ខណៈ​ដែល​ទុន​សម្រាប់​ត្រៀម​ប្រើប្រាស់​លើ​បញ្ហា​ពោត​ធ្លាក់​ថ្លៃ​នេះ អាច​នឹង​មាន​រហូត​ដល់​ ៥០​លាន​ដុល្លារ​ឯណោះ​នៅ​ឆ្នាំ​នេះ។ 

Advertisement
ឆ្នាំ​នេះ ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ដែល​ប្រើគ្រាប់​ពោត​ជា​វត្ថុ​ធាតុ​ដើម​ក៏​​ធ្លាក់​ចុះ​ការ​ផលិត​ដែរ ដោយសារការ​ថយ​ចុះនៃ​អ្នក​ចិញ្ចឹម​ជ្រូក។
Advertisement

លោក ប៉ុល គិរី​សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ វីតា ហ្វីតមីល បាន​លើក​ឡើង​ថា គុណភាព​ពោត​របស់​កម្ពុជា​សម្រាប់​យក​មក​ផលិត​ជា​ចំណីសត្វ គឺ​មាន​គុណភាព​ល្អ​ជាង​ពោត​មក​ពី​បណ្ដា​ប្រទេស​នានា​ឯទៀត។ 

ប៉ុន្ដែ លោក​ថា បញ្ហា​ពោត​ធ្លាក់​ថ្លៃ​នេះ គឺ​ដោយសារ​តែ​ការ​កែច្នៃ​ពោត​មក​ធ្វើ​ជា​ចំណី​សត្វ​មាន​ការ​ថយ​ចុះ តួយ៉ាង លោក​ថា គិត​ត្រឹម​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​នេះ រោងចក្រ​ភាគ​ច្រើន​មាន​ការ​ថមថយ​ការ​ផលិត​របស់​ខ្លួន​ប្រមាណ ៥០% ធៀប​នឹង​៦​ខែ​មុន ឬ​៦​ខែ​ឆ្នាំ​មុន។ 

លោកគូស​បញ្ជាក់​ថា បញ្ហា​ថយ​ចុះ​ការ​ផលិត​នេះ គឺ​ដោយសារ​តែ​ការ​ផលិត​ចំណី​សត្វ​ភាគ​ច្រើន​សម្រាប់​តែ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ប៉ុណ្ណោះ ប៉ុន្ដែ ងាក​មក​ទីផ្សារ​ក្នុង​ស្រុក​បែរ​ជា​បាត់បង់​អ្នក​ចិញ្ចឹម​សត្វ​ជាក់ស្ដែង​ការ​ចិញ្ចឹម​ជ្រូក សឹងតែ​លែង​មាន​អ្នក​ចិញ្ចឹម​ទៅ​ហើយ។ យ៉ាង​ណា​ក៏​ដោយ លោក​ថា រដ្ឋាភិបាល​គួរ​ណាស់​តែ​រឹត​ត្បិត​ការ​នាំចូល​សត្វ​រស់ ឬ​សាច់​សត្វ​មក​ពី​ប្រទេស​ជិត​ខាង ដើម្បី​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​មាន​ទឹក​ចិត្ត​ឡើង​វិញ ហើយ​​នេះ​ក៏​នឹង​នាំ​ឲ្យ​កសិផល​នានា​មាន​តម្រូវ​ការ​ទីផ្សារ​ឡើង​វិញ​ផង​ដែរ។

លោក យ៉ង់ ប៉ាក់ អ្នកតាមដាន​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា។

ដោយ​ឡែក លោក យ៉ង់ ប៉ាក់ ជា​អ្នក​តាម​ដាន​សង្គម​និងសេដ្ឋកិច្ច​មួយ ដែល​​​មាន​បទពិសោធន៍​ធ្វើការងារ​ជាមួយ​វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល លើ​ផ្នែក​កសិកម្ម​និង​សេដ្ឋកិច្ច បាន​ផ្ដល់​យោបល់ពីរ​ចំណុច​ជុំវិញ​ដំណោះស្រាយ​​រឿង​ពោត​ធ្លាក់​ថ្លៃ។ 

ទីមួយ លោកថា កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​បច្ចេកទេស​ទីផ្សារ​សម្រាប់​កសិករ​ទុក​ជា​មុន។ ឧ. ត្រូវ​ដឹង​ថា ខែ​​ណា​ប្រមូល​ផលអ្វី ចំនួន​ប៉ុន្មាន ហើយ​​ឲ្យ​មាន​ទីផ្សារ​ចាំ​ទទួល​ទុក។ ទីពីរ ​ជា​លក្ខណៈ​យូរ​អង្វែង គឺ​ថា ត្រូវ​ធ្វើ​​ជា​​កុងត្រា​កសិកម្ម គឺ​ទាំង​អ្នក​ផលិត ទាំង​អ្នក​ទិញ ត្រូវ​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ឧ. ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ត្រូវ​ប្រាប់​ពី​ចំនួន​នៃ​តម្រូវការ​ពោត​ដែល​គេ​ត្រូវការ​ដើម្បី​យក​ទៅ​ផលិត​ចំណី​សត្វ ដល់​កសិករ។ កសិករ​ដឹង​ហើយ ត្រូវ​ផលិត​ឲ្យ​ត្រូវ​ទៅ​តាម​ចំនួន​តម្រូវការ​ដែល​បាន​កុងត្រា​ជាមួយ​គេ។

សូម​បញ្ជាក់​ថា រោងចក្រ​ផលិត​ចំណី​សត្វ​ធំៗ​នៅ​កម្ពុជា​មាន​ប្រមាណ ១៥​ក្រុមហ៊ុន ដែល​មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​បាន​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំៗ។ សូម​បញ្ជាក់​ដែរ​ថា ការ​នាំចេញ​ពោត​កាល​ពី​ឆ្នាំ​២០១៦ មាន​​ប្រមាណ​ជាង ១០​ម៉ឺន​តោន ស្មើនឹង​ទឹក​ប្រាក់​ជាង ១៤​លាន​ដុល្លារ ខណៈ​ដែល​ទិន្នផល​ពោត​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​មាន​រហូត​ដល់​ជាង​១​លាន​តោន៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី ចាប់​ដៃគូ​​ជាមួយ​រុស្ស៊ី ផលិត​និង​ដំឡើង​​ឡាន​​​កាំម៉ាស់​នៅ​កម្ពុជា

ព័ត៌មាន
លោក​ឧកញ៉ា សៀ ឫទី្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ដែល​ជា​ពាណិជ្ជករ​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​កម្ពុជា បាន​សម្រេច​ចិត្ត...

ខែត្រ​សៀមរាប​ស្ថិតក្នុង​ចំណោម​ទីក្រុង​ល្អ​បំផុត​ទាំង១៥​នៅ​លើ​ពិភព​លោកសម្រាប់ទេសចរ

ព័ត៌មាន
ប្រទេស​កម្ពុជា​តូច ប្រជាជន​តិច និង​មិនមែន​ជាប្រទេស​អ្នក​មានទេ ប៉ុន្តែ និយាយ​ពី​ភាព​ល្បី​ឈ្មោះ​នៅ​លើ​ពិភព​លោ កម្ពុជា​មិន​ចាញ់​គេទេ។ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ