ធនធាន​មនុស្ស​នៅ​កម្ពុជា

ក្រុមហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ​ល្បីៗ​សរសើរ​ពី​សមត្ថភាព​បុគ្គលិក​ជំនាញ​នៅ​កម្ពុជា


ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​ការងារ​ធ្វើ ក្រុមហ៊ុន​ធំៗ​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ចំនួន​ការងារ​នៅ​កម្ពុជា​កំពុង​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ព្រមទាំង​បាន​ស្ងើច​សរសើរ​ពី​សមត្ថភាព​បុគ្គលិក​ជំនាញ​កម្ពុជា​ថា មាន​ភាព​ប្រកួត​ប្រជែង​ប្រដំ​ប្រសង​នឹង​សមត្ថភាព​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់។
ក្រុមហ៊ុន WorldBridge Group
ដោយ

លោក ស្រេម ណារ៉ែន មន្រ្តី​ជ្រើសរើស​បុគ្គលិក​ជាន់​ខ្ពស់ នៃ​ក្រុមហ៊ុន WorldBrigde Group ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង​៣០ វិនិយោគ​លើ​ពហុ​វិស័យ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​មួយ​ឆ្នាំៗ ក្រុមហ៊ុន​មួយ​នេះ មាន​តម្រូវការ​បុគ្គលិក​រាប់​រយ​នាក់ ដោយ​ក្នុង​នោះ ទាក់ទង​នឹង​វិស័យ​ដឹក​ជញ្ជូន សេវា​ហិរញ្ញវត្ថុ (ក្រុមហ៊ុន​ទទួល​បញ្ចាំ និ​​ង​ធនាគារ) ការ​អភិវឌ្ឍ​លើ​គម្រោង​អចលន​ទ្រព្យ​ធំៗ​ជា​ច្រើន​គម្រោង វិស័យ​ចំណី​អាហារ​និង​ភេសជ្ជៈ និង​សេវា​ស្វែង​រក​ការងារ​ធ្វើ​សម្រាប់​ក្រុមហ៊ុន​នានា ជាដើម។ល។ 

លោក​បន្ថែម​ថា គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន WorldBridge Group មាន​បុគ្គលិក​សរុប​ប្រមាណ​ជាង ៥០០​នាក់ ដែល​កំពុង​បម្រើការ​ជា​អចិន្ត្រៃយ៍ ហើយ​បើ​រាប់​ទាំង​បុគ្គលិក ក៏​ដូចជា​កម្មករ​ធ្វើការ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ធំៗ​ទៀត​នោះ អាច​មាន​រហូត​ដល់​រាប់​ម៉ឺន​នាក់​ឯណោះ។ 

លោក ណារ៉ែន បាន​ឲ្យ​ដឹង​ទៀត​ថា តប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន WorldBridge Group នៅ​ប្រមាណ​៥​ឆ្នាំ​ខាង​មុខ​នេះ តម្រូវការ​បុគ្គលិក​សម្រាប់​បម្រើការ​ជា​អចិន្រ្តៃយ៍ អាច​នឹង​ហក់​កើន​ឡើង​រហូត​ដល់​ខ្ទន់​រាប់​ពាន់​នាក់។

លោក ស្រេម ណារ៉ែន មន្រ្តី​ជ្រើសរើស​បុគ្គលិក​ជាន់​ខ្ពស់ នៃ​ក្រុមហ៊ុន WorldBrigde Group

មន្ត្រី​ជ្រើសរើស​បុគ្គលិក​ជាន់​ខ្ពស់​រូប​នេះ បាន​គូស​បញ្ជាក់​ថា ចំនួន​ការងារ​នៅ​ក្នុង​ស្រុក​បាន​និង​កំពុង​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាមួយ​នឹង​ការ​ផ្ដល់​ជូន​ប្រាក់​ខែ​សមរម្យ​ ហើយ​លោក​ក៏​សំណូមពរ​ដល់​អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​គួរតែ​ស្វែង​រក​ការងារ​ក្នុង​ស្រុក​ធ្វើ​ឲ្យ​អស់​លទ្ធភាព​សិន មុន​ធ្វើ​ចំណាក​ស្រុក​ទៅ​ឆ្ងាយ​ពី​ស្រុក​កំណើត ឬ​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយ​ថាន។ 

ជាមួយ​គ្នា​នេះ​ដែរ លោក ឃាង សុឃីន ប្រធាន​ក្រុម​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​បាន​វិនិយោគ​លើ​ពហុវិស័យ​នៅ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ត្បិត​ថា ចំនួន​ការងារ​នៅ​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ក្ដី ប៉ុន្ដែ ការ​ស្វែង​រក​បុគ្គលិក​ដែល​មាន​ចំណេះ​និង​ជំនាញ​ច្បាស់​លាស់ គឺ​ជា​កត្តា​ប្រកួត​ប្រជែង​មួយ​សម្រាប់​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា។ 

ដូច្នេះ អ្នក​ស្វែង​រក​ការងារ ក៏​ដូចជា​និស្សិត​ដែល​កំពុង​ស្វែង​រក​ការងារ ត្រូវ​តែ​ពង្រឹង​បន្ថែម​នូវ​ចំណេះ និង​ជំនាញ ទៅ​តាម​ទីផ្សារ​ដែល​ក្រុមហ៊ុន​កំពុង​មាន​តម្រូវការ។ អ្វី​ដែល​ពិសេស​ជាង​នេះ គឺ​ការ​ពង្រឹង​នូវ​ជំនាញ​ទន់ (Soft Skills) ដែល​ទាក់ទិន​នឹង​ការ​ទំនាក់​ទំនង​និង​អត្តចរិត​ល្អ​ជាដើម។

យ៉ាង​ណាក៏​ដោយ លោក សុឃីន បន្ត​ថា សមត្ថភាព​របស់​យុវជន​កម្ពុជា ដែល​កំពុង​បម្រើការ​នៅ​ក្នុង​ក្រុមហ៊ុន​ធំៗ គឺ​មិន​អន់​នោះ​ទេ តួយ៉ាង ក្រុមហ៊ុន RMA Cambodia ដែល​មាន​បុគ្គលិក​សរុប​ជិត​២០០០​នាក់​នោះ មាន​បុគ្គលិក​ដែល​ជា​ជន​ជាតិ​បរទេស​ប្រមាណ​តែ​១០%​ប៉ុណ្ណោះ។ 

លោក ឃាង សុឃីន ប្រធាន​ក្រុម​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន RMA Cambodia

លោក​បន្ដ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅ​ពឹងផ្អែក​លើ​បុគ្គលិក​ដែល​ជា​ជន​ជាតិ​បរទេស គឺ​ដោយសារ​តែ​កម្ពុជា​នៅ​ខ្វះ​អ្នក​ដែល​មាន​ជំនាញ​បច្ចេកទេស ពិសេស អ្នក​ដឹកនាំ​កំពូលៗ។ 

ដូច្នេះ​ហើយ​ទើប​នៅ​គ្រា​ដំបូង ក្រុមហ៊ុន​ធំៗ​ភាគ​ច្រើន​ត្រូវ​ពឹង​ពាក់​អ្នក​ជំនាញ​ពី​ក្រៅ​ប្រទេស​មក​ធ្វើការ​ដឹកនាំ​ក្រុមហ៊ុន ហើយ​ក្រោយ​ពី​ក្រុមហ៊ុន​នោះ​បាន​ឈរ​ជើង​រឹងមាំ​ហើយ គេ​នឹង​ផ្ទេរ​ចំណេះ​ដឹង​ជំនាញ​នោះ មក​ឲ្យ​អ្នក​ក្នុង​ស្រុក​ដើម្បី​រ៉ាប់រង​ដឹកនាំ​ជំនួស​វិញ។

ទាក់ទង​ទៅ​នឹង​វប្បធម៌​ធ្វើ​ការងារ​ជាមួយ​នឹង​ជន​បរទេស​នេះ​ដែរ លោក Chakkree Soithong នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Chip Mong Insee ដែល​ជា​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​វិនិយោគ​រួម​គ្នា​វាង​ក្រុមហ៊ុន​ថៃ និង​ក្រុមហ៊ុន​ក្នុង​ស្រុក Chip Mong Group ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក មាន​បុគ្គលិក​១០​ជាតិ​សាសន៍​ផ្សេង​គ្នា​កំពុង​បម្រើការ​រួមគ្នា ក្នុង​នោះ​អ្នក​ជំនាញ​បច្ចេកទេស​ភាគ​ច្រើន​ត្រូវ​បាន​បញ្ជូន​មក​ពី​ក្រៅ​ប្រទេស ហើយ​ក្នុង​នោះ ក៏​មាន​អ្នក​ជំនាញ​នៅ​ក្នុង​ស្រុក​ខ្លះ​ផង​ដែរ។ 

លោក Chakkree Soithong នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Chip Mong Insee

លោក​បាន​សរសើរ​ថា អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ ដែល​លោក​បាន​ធ្វើការ​នៅ​កម្ពុជា ហើយ​លោក​ពិត​ជា​ភ្ញាក់​ផ្អើល​នឹង​សមត្ថភាព​របស់​បុគ្គលិក​កម្ពុជា ដែល​កំពុង​បម្រើការ​នៅ​ក្រុមហ៊ុន​របស់​លោក ព្រោះ​ពួកគេ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការងារ ធ្វើ​ការងារ​សកម្ម និង​តែង​តែ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឯង​ជា​ប្រចាំ ដើម្បី​ឆ្លើយ​តប​តាម​ការ​​រីក​ចម្រើន​របស់​ក្រុមហ៊ុន។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​ ដែល​ធ្វើ​ឲ្យ​លោក​មិន​សរសើរ​មិន​បាន​នោះ គឺ ឥរិយាបថ​នៃ​ផ្នត់​គំនិត​របស់​បុគ្គលិក​កម្ពុជា ហើយ​លោក​ជឿ​ថា ពួកគេ​ក៏​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​នានា​បាន​ផង​ដែរ។ 

លើស​ពី​នេះ​ទៀត បើ​តាម​ការ​អះអាង​ពី​លោក Chakkree Soithong នៅ​ប្រមាណ​១០​ឆ្នាំ​ខាង​មុខ​ទៀត រោងចក្រ​ផលិត​ធំៗ​នឹង​អាច​កាត់​បន្ថយ​ការ​នាំ​យក​អ្នក​ជំនាញ​បច្ចេកទេស​សំខាន់ៗ​ពី​ក្រៅ​ប្រទេស ហើយ​ប្រជាជន​ក្នុង​ស្រុក​នឹង​អាច​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​គ្រប់គ្រង​ការងារ​ទាំង​អស់​នេះ​បាន​ដោយ​ជោគ​ជ័យ ព្រោះ​លោក​ជឿ​ទៅ​លើ​ការវិឌ្ឍ​នៃ​ធនធាន​មនុស្ស​របស់​កម្ពុជា ពិសេស គឺ​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​សក្ដានុពល​ធនធាន​មនុស្ស​នា​ពេល​បច្ចុប្បន្ន។ 

សូម​បញ្ជាក់​ដែរ​ថា តាម​របាយការណ៍​ពី​ក្រសួង​ការងារ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មក​នេះ កម្ពុជា​មាន​ការងារ​ចំនួន​ជាង ៣​លាន ៦​សែន​ការងារ ត្រូវ​បាន​បង្កើ​ឡើង​នៅ​ក្នុង​វិស័យ​ឧស្សហកម្ម និង​សេវាកម្ម និង​ចំនួន ៧​សែន​ការងារ​ទៀត ក្នុង​វិស័យ​កសិកម្ម។ កំណើន​ការងារ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​កម្រិត​ក្រោម ១% ខណៈ​ដែល​អត្រា​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ១៣.៥% ក្នុង​ឆ្នាំ​២០១៤៕




អត្ថបទបន្ទាប់


អាជីវកម្ម​ទើប​ចាប់​ផ្ដើម៖ សិល្បៈ​នៃ​ការ​ប្រកួត​ប្រជែង​​ជាមួយ​ក្រុមហ៊ុន​យក្ស

ព័ត៌មាន
ខណៈ​ដែល​ការប្រកួត​ប្រជែង​ក្នុង​ចំណោម​តួអង្គ​សំខាន់ៗ​ជា​អាជីវកម្ម​ទើប​ចាប់​ផ្ដើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហាក់​កំពុង​កើន​កម្ដៅ ឆ្នាំ​២០១…

ចំណូល​នៃ​វិស័យ​ជលផល​ក្នុង​៩​ខែ​ឆ្នាំ​នេះ មាន​ប្រមាណ​៦៤​ម៉ឺន​ដុល្លារ ស្មើនឹង​៨៦%​នៃ​ផែនការ

ព័ត៌មាន
គិត​ចាប់​ពី​ខែមករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ កម្ពុជា​បាន​ទទួល​ចំណូល​ពី​វិស័យ​ជលផល​ប្រមាណ​ជាង​២ពាន់ ៥០០​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ៦៤​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ