សេដ្ឋកិច្ចតំបន់អាស៊ានបូក៣

ទស្សនវិស័យសេដ្ឋតំបន់អាស៊ានបូក៣ធ្លាក់ចុះ ខណៈសេដ្ឋកិច្ចចិនត្រូវបន្ទាបការព្យាករណ៍កាន់តែទាប


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ការលំបាកផ្នែកសេដ្ឋកិច្ច ក្តីបារម្ភពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ទំនងក្លាយជាបន្ទុកមួយទៀត លើស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីសម្រាប់ឆ្នាំនេះ ឬអូសបន្លាយទៅឆ្នាំក្រោយ។ ក្នុងនោះ សម្រាប់សេដ្ឋកិច្ចអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ត្រូវបានគេព្យាករថានឹងមានការថមថយកំណើនមកនៅត្រឹម៣,៧% នៅឆ្នាំ២០២២នេះ។ នេះបើតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចតំបន់ថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០៦តុលា។
ទស្សនវិស័យសេដ្ឋតំបន់អាស៊ានបូក៣ធ្លាក់ចុះ

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៃតំបន់អាស៊ានបូក៣ ឬហៅកាត់ថា AMRO ដែលជាក្រុមអ្នកតាមដានសេដ្ឋកិច្ច សម្រាប់ប្រទេសទាំង១០នៅអាស៊ាន និងសេដ្ឋកិច្ច៣ប្រទេសទៀតរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូងនោះ បានទម្លាក់ការព្យាករណ៍ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់តំបន់នេះ មកត្រឹម ៣,៧% ក្នុងឆ្នាំ២០២២នេះ ខុសគ្នាពីការប៉ាន់ស្មានក្នុងខែកក្កដា ដែលថានឹងមានកំណើន ៤,៣%។

មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើរឡើយ ការបន្ថយទស្សនវិស័យ​សេដ្ឋកិច្ច​នៅពេលនេះ គឺឆ្លុះបញ្ចាំងអំពីកំណើន​សេដ្ឋកិច្ចយឺត ពិសេសនៅក្នុងតំបន់អាស៊ីខាងជើង ស្របពេលដែលឥទ្ធិពលខាងក្រៅតំបន់ក៏កំពុងភាយមកខ្លាំងឡើង។ ជាក់ស្តែង ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច​នៃតំបន់​អាស៊ានបូក៣ ហៅកាត់ AMRO បានកាត់បន្ថយកំណើនសេដ្ឋកិច្ចចិនពី ៤,៨% មកត្រឹម ៣,៨% ដោយសារតែមហាអំណាចសេដ្ឋកិច្ចទី១ក្នុងតំបន់នេះ នៅប្រកាន់ខ្ជាប់គោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរ៉ឹង។ AMRO ក៏បានបន្ទាបការព្យាករសេដ្ឋកិច្ចរបស់ប្រទេសធំៗ២ទៀតគឺ ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ក្នុងនោះសេដ្ឋកិច្ចជប៉ុនត្រូវទម្លាក់ពីកំណើន ១,៨% មក ១,៦% រីឯកូរ៉េខាងត្បូងត្រូវបានបន្ទាបតិចតួចពី ២,៥% មកត្រឹម ២,៤%។

ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងពេលដំណាលគ្នានៅក្នុងតំបន់អាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ រួមជាមួយនឹងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុសកលនឹងមានឥទ្ធិពលអវិជ្ជមាន​ដល់តំបន់តាមរយៈបណ្តាញពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។

ប្រធានសេដ្ឋវិទូរបស់ AMRO លោក ហូ អ៊ីខរ(Hoe Ee Khor) ព្រមានថា​ កំណើនសេដ្ឋកិច្ច​យឺតនៅប្រទេសធំៗដូចជា​សហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ ការរឹតបន្តឹងរូបិយវត្ថុសកល នឹងក្លាយបច្ច័យអវិជ្ជមាន មកលើសេដ្ឋកិច្ចតំបន់តាមរយៈ វិស័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។

ការដំឡើងអត្រាការប្រាក់គោលដោយធនាគារកណ្តាលអាមេរិក ធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ បានដាក់សម្ពាធលើរូបិយប័ណ្ណផ្សេងទៀតនៅ​ក្នុងតំបន់ និងដាក់សម្ពាធបន្ថែមផងដែរលើអត្រាប្តូរប្រាក់ជាសកល។

ទោះយ៉ាងណា សម្រាប់តំបន់អាស៊ានទាំង១០ប្រទេសវិញ ស្ថាប័ន AMRO បានព្យាករដំឡើងកំណើនសេដ្ឋកិច្ចថា នឹងមានដល់ ៥,៣%ក្នុងឆ្នាំ២០២២នេះ កើនឡើងពីអត្រា ៥,១% ដែលធ្លាប់ប៉ាន់ស្មានកាលពីលើកមុន។ នេះក៏ដោយសារតែ AMRO មើលឃើញពីការបើកប្រទេសឡើងវិញ ដែលអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការទៅបានយ៉ាងឆាប់រហ័ស។​ បន្ថែមពីលើនេះ បើមើលលើប្រទេសនីមួយៗ AMRO ក៏បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជាផងដែរ។

សូមជម្រាបថា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៃតំបន់អាស៊ានបូក៣ AMRO បានប៉ាន់ស្មានថា សេដ្ឋកិច្ចតំបន់បូក៣នេះ នឹងមានកំណើនឡើងវិញមកក្នុងអត្រា ៤,៦%នៅឆ្នាំ២០២៣។ AMRO ក៏បានបន្ទាបផងដែរនូវអត្រាអតិផរណាក្នុងតំបន់ ពោលពី ៦,២%នៅឆ្នាំនេះ ធ្លាក់មកត្រឹម ៣,៤% នៅឆ្នាំក្រោយឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


ស្រីលង្កា ចាប់ផ្តើមចរចារឿងបំណុលជាមួយចិនហើយ មុនអាចឈានទៅទទួលបានទឹកប្រាក់ជិត ៣ពាន់លានដុល្លារពី IMF

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កាបានអះអាងថា នៅថ្ងៃទី ៦ខែតុលាថា រដ្ឋាភិបាលរបស់លោក បានចាប់ផ្តើមបើកកិច្ចពិភាក្សាជាមួយប្រទេសចិនហើយ ទាក់ទនឹងការរៀបចំរច…

មន្ត្រីរុស្សីក្នុងតំបន់បំបែកខ្លួនអ៊ុយក្រែន ប្រាប់ឲ្យរដ្ឋមន្ត្រីការពាររុស្សីធ្វើអត្តឃាត ក្រោយបរាជ័យម្តងហើយម្តងទៀត

ព័ត៌មាន
មន្ត្រីក្នុងតំបន់បំបែកខ្លួននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី៦ តុលា បានស្នើឲ្យរដ្ឋមន្ត្រីការពារជាតិរុស្សី និងជាមនុស្សជំនិតលោក ពូទីន គួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ