Advertisement
ការទិញផ្ទះបង់រំលស់

តើការ​ទិញ​ផ្ទះ​បង់​រំលស់​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង ឬ​បង់​រំលស់​តាម​ធនាគារ ខុស​គ្នា​ដូចម្ដេច?


សព្វថ្ងៃ​នេះ គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​រីក​ដុះ​ដាល​ដូច​ផ្សិត មិន​ត្រឹមតែ​នៅកណ្ដាល​ក្រុង​ភ្នំពេញ​នោះទេ ឥឡូវ គឺ​រាលដាល​ទៅ​ដល់​តំបន់​ជាយៗ​ក្រុង​ នៅ​ស្ទើរតែ​គ្រប់ទិស​តំបន់។ ខណៈ​ទីផ្សារ​ផ្ទះ​ល្វែង ផ្ទះបុរី និង​លំនៅដ្ឋាន​ប្រភេទ​ផ្សេងៗ​កាន់​តែ​លូតលាស់ ភាព​សម្បូរ​បែប​នៃ​លក្ខខណ្ឌ​ទិញ​លក់ ក៏បាន​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ទិញ​ដែរ។
រូបភាព​នៃ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ នៃ​ធនាគារ​ក្នុង​ស្រុក​មួយ។
ដោយ
Advertisement

ម្ចាស់​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ខ្លះ​ ផ្ដល់​លក្ខខណ្ឌ​ឲ្យ​អ្នកទិញ​អាច​បង់រំលស់​ផ្ទះ​ដោយ​ផ្ទាល់​ជាមួយ​ខ្លួន និងដោយ​មិន​ចាំបាច់​មាន​បង់​ប្រាក់​ខ្លះ​ជាមុន​ថែមទៀត​ផង។ ម្ចាស់​គម្រោង​លំនៅដ្ឋាន​ខ្លះ តម្រូវ​ឲ្យ​អ្នក​ទិញ​បង់​រំលស់​តាមរយៈ​ធនាគារ។ 

តើ​ការ​ទិញ​ផ្ទះ​បង់​រំលស់​ដោយផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង និងបង់រំលស់​តាមរយៈ​ធនាគារ តើ​ខុស​គ្នា​យ៉ាងដូចម្ដេច? តើ​មួយ​ណា​វិជ្ជមាន ឬ​ល្អ​ជាង​?

ជុំវិញ​សំណួរ​ខាង​លើ​នេះ លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC) បាន​ផ្ដល់​សម្ភាស​ខ្លី​ជាមួយ​ ខេមបូណូមីស ដោយ​លោក​មាន​ប្រសាសន៍ថា ជារួម ការ​ទិញ​ផ្ទះ​បង់​រំលស់​តាមរយៈ​កម្ចី​ពី​ធនាគារ​មាន​ផល​វិជ្ជមាន​ច្រើន​ជាង​ការ​បង់​រំលស់​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង។

ប៉ុន្តែ ដំណើរការ​នៃ​ការ​បង់​រំលស់​តាមរយៈ​ធនាគារ​មាន​ភាព​ស្មុគស្មាញ​ជាង​ការ​បង់​រំលស់​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង។ ការបង់​រំលស់​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង​ដូច​ធនាគារ​នោះ​ទេ ឲ្យ​តែ​អតិថិជន​ចង់​ទិញ ហើយ​យល់​ថា ខ្លួន​មាន​លទ្ធភាព​បង់​រំលស់ ក៏​អាច​ធ្វើ​បាន​ភ្លាម​ដោយ​កក់​ប្រាក់​តិចតួច។

លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច។

លោក ង៉ែត ជូ បញ្ជាក់ឲ្យ​ដឹងថា ហានិភ័យ​ធំៗទាក់ទិន​នឹង​ការ​បង់​រំលស់​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង រួមមាន អតិថិជន​ ភាគច្រើន មិន​បាន​សិក្សា​ពី​លទ្ធភាព​នៃ​ការ​បង់​រំលស់​របស់​ខ្លួន​បាន​ជាក់​លាក់​ដូច​ដែល​ធនាគារ​បាន​ធ្វើ​នោះ​ទេ និង​មិន​បាន​សិក្សា​ពី​ភាព​ស្រប​ច្បាប់​នៃ​គម្រោង ក៏ដូចជា​កម្មសិទ្ធិ​នៃ​ផ្ទះ​ដែល​ខ្លួន​បាន​ទិញ​នោះ​ដែរ។ 

ផ្ទុយ​ទៅ​វិញ ការ​បង់​រំលស់​តាមរយៈ​ធនាគារ​មាន​ផល​វិជ្ជមាន និង​បាន​កាត់​បន្ថយ​នូវ​ហានិភ័យ​ជា​ច្រើន សម្រាប់​អតិថិជន​ដែល​ទិញផ្ទះ ដូចជា៖

១) មុន​នឹង​ផ្តល់​កម្ចី ធនាគារ​ធ្វើការ​សិក្សា​ពី​ភាព​ស្របច្បាប់​នៃ​គម្រោង និង​ឯកសារ​កម្មសិទ្ធិ​របស់​ផ្ទះ។ ធនាគារ​នឹង​មិន​ផ្តល់​កម្ចី​នោះ​ទេ ប្រសិន​បើ​គ្មាន​ភាព​ស្រប​ច្បាប់។ 

២) កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​ស្រប​ច្បាប់​ក៏​បាន​ផ្ទេរ​ទៅ​ឲ្យ​អតិថិជន​ផងដែរ មុន​នឹង​ដាក់​បញ្ចាំ​ជាមួយ​ធនាគារ។ ផ្ទុយ​ទៅ​វិញ បើ​បង់​រំលស់​ជាមួយ​ម្ចាស់​គម្រោង​ផ្ទាល់ កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​នៅ​តែ​ជា​របស់​ម្ចាស់​គម្រោង​ ដរាបណា​ការបង់​រំលស់​មិន​ទាន់​បាន​បញ្ចប់។

៣) មុន​នឹង​ផ្តល់​កម្ចី ធនាគារ​ក៏​សិក្សា​ពី​លទ្ធភាព​សង​ត្រលប់​របស់​អតិថិជន​យ៉ាង​ប្រយ័ត្ន​ប្រយែង។

៤) មុន​នឹង​ផ្តល់​កម្ចី ធនាគារ​ធ្វើ​ការ​វាយតម្លៃ​ផ្ទះ​ទៅ​តាម​តម្លៃ​ទីផ្សារ​ ដែល​ជាទូទៅ មិន​សូវ​មាន​តម្លៃ​ខ្ពស់​ដូច​តម្លៃ​លក់​ដោយ​ម្ចាស់​គម្រោង​នោះ​ទេ។ ម្យ៉ាងទៀត ការ​តម្រូវ​ឲ្យ​មាន​ប្រាក់​បង់​ជាមុន​យ៉ាង​តិច​ប្រហែល ២៥% នៃ​តម្លៃ​ផ្ទះ ក៏​បាន​កាត់​បន្ថយ​នូវ​ហានិភ័យ​ជា​ច្រើន​សម្រាប់​អតិថិជន ដែរ។ 

៥) បន្ថែម​លើ​ចំណុច​វិជ្ជមាន​ខាងលើ អត្រា​ការ​ប្រាក់​ដែល​កំណត់​ដោយ​ធនាគារ​មាន​កម្រិត​ទាប​ជាង​អត្រា​ការប្រាក់​កំណត់​ដោយ​ម្ចាស់​គម្រោង​រហូត​ដល់​ទៅ​ចន្លោះ ពី ៤% ទៅ ៥% ឯណោះ (ជា​ទូទៅ ធនាគារ​កំណត់​ការ​ប្រាក់​ប្រមាណ ៧% ឬ ៨% ក្នុង​១​ឆ្នាំ ខណៈ​ដែល​ម្ចាស់​គម្រោង​កំណត់​ការ​ប្រាក់​ជា​មធ្យម ១២% ក្នុង​១​ឆ្នាំ)៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​កម្ពុជា​ខ្វះ​ខាត​អ្វី​ខ្លះ ទើប​បណ្តោយ​ឲ្យ​បរទេស​​កើប​លុយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា?

ព័ត៌មាន
ជា​រៀង​រាល់​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​​កម្ពុជា​កើន​ឡើង​ជា​បន្ត​បន្ទាប់។ គ្រាន់តែ​រយៈពេល​៩​ខែ​ក្នុង​ឆ្នា...

ចិន​មក​រកស៊ី​និង​រស់​នៅ​ខេត្ត​ព្រះសីហនុ តើ​កម្ពុជា​ខាត ឬ​ចំណេញ?

ព័ត៌មាន
នៅ​ខេត្ត​ព្រះសីហនុ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ការ​រីក​សាយ​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​គឺ​វិនិយោគិន​ចិន​តែ​ម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ