Advertisement
វិនិយោគចិន

ចិន​មក​រកស៊ី​និង​រស់​នៅ​ខេត្ត​ព្រះសីហនុ តើ​កម្ពុជា​ខាត ឬ​ចំណេញ?


នៅ​ខេត្ត​ព្រះសីហនុ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ការ​រីក​សាយ​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​គឺ​វិនិយោគិន​ចិន​តែ​ម្ដង។ ក្នុង​នោះ ការ​កើន​ឡើង​នៃ​ចំនួន​រោងចក្រ​សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ កាស៊ីណូ និង​សេវា​កម្សាន្ដ​ផ្សេង​ទៀត បាន​និង​កំពុង​មាន​ពង្រីក​ខ្លួន​កាន់​តែ​ខ្លាំង​ឡើងៗ ខណៈ​ដែល​តម្លៃ​ដី​ធ្លី​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ក៏​បាន​ហក់​កើន​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។
កាស៊ីណូ​ចិន​មួយ​ នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។
ដោយ
Advertisement

ទន្ទឹម​នឹង​លំហូរ​ចូល​វិនិយោគិន​ចិន​ចូល​មក​ខេត្ត​ព្រះសីហនុ​នេះ ក៏​ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពាណិជ្ជករ​ក្នុង​ស្រុក​ផង​ដែរ ពោល​គឺ​សហគ្រិន​ក្នុង​ស្រុក​កំពុង​មាន​ការ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ពី​បរទេស​នេះ។ 

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group បាន​ឲ្យ ខេមបូណូមីស ដឹង​ថា ជាទូទៅ ការ​អភិវឌ្ឍ​រមែង​តែ​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​ខ្លះ​ដែល​ខាន​មិន​បាន​ឡើយ។ តែ​យ៉ាង​ណា សម្រាប់​កម្ពុជា​យើង គួរតែ​ត្រៀម​ខ្លួន​ទទួល​យក​ទាំង​អស់ ហើយ​រាជ​រដ្ឋាភិបាល​ក៏​ត្រូវ​ត្រៀម​គោល​នយោបាយ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​នោះ ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាព។ 

លោក​ឧកញ៉ា​បាន​គូស​បញ្ជាក់​ថា ក្នុង​នាម​ជា​វិនិយោគិន​ក្នុង​ស្រុក​មួយ​រូប លោក​បាន​មើល​ឃើញ​ពី​ចំណុច​ល្អ​ច្រើន​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នេះ និង​ជឿ​ជាក់​ខ្ពស់​លើ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ព្រោះថា បើ​សិន​រាជ​រដ្ឋាភិបាល​មិន​មាន​គោល​នយោបាយ​ច្បាស់​លាស់​ទេ នោះ​វិនិយោគិន​ចិន​ធំៗ ក៏​មិន​ទៅ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដូច​បច្ចុប្បន្ន​នេះ​ដែរ។

ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge Group

លោក​ឧកញ៉ា​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “ជា​ទូទៅ នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ! ការ​បើក​ចំហរ​ការ​វិនិយោគ រមែង​តែងតែ​មាន​ហូរ​ចូល​មក​ទាំង​អ្នក​វិនិយោគ​ល្អ និង​អ្នក​វិនិយោគ​មិន​ល្អ ប៉ុន្ដែ បន្តិច​ទៀត​នឹង​មាន​ការ​រែងរក​អ្នក​វិនិយោគ​ណា​ដែល​ល្អ។ មាន​ន័យ​ថា អ្នក​ធ្វើ​មិន​ទៅ​មុខ​នឹង​ត្រូវ​ដួល​ទៅ​វិញ អ្នក​ដែល​ធ្វើ​បាន​ល្អ នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​នេះ​ក៏​ត្រូវ​មាន​ការ​ចូលរួម​ពី​គោល​នយោបាយ​គ្រប់គ្រង​ពី​សំណាក់​អាជ្ញាធរ ក៏​ដូចជា​រាជ​រដ្ឋាភិបាល​ផងដែរ។ កាលណា​រាជ​រដ្ឋាភិបាល​មាន​គោលការណ៍​ច្បាស់​លាស់និង​ច្បាប់​ទម្លាប់​ដើម្បី​គ្រប់គ្រង​វិនិយោគិន​ទាំង​នោះ នោះ​ពួកគេ​នឹង​ដើរ​តាម​គន្លង​អភិវឌ្ឍ​របស់​យើង”។

អគ្គនាយក​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ធំៗ​នៅ​កម្ពុជា​រូប​នេះ បាន​បន្ថែម​ទៀត​ថា ទិសដៅ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឲ្យ​ដូច​ទៅ​នឹង​ខេត្ត ស៊ិនជិន ប្រទេស​ចិន ឬ​ទីក្រុង​ម៉ាកាវ​ទី​២​នេះ គឺ​ពិត​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ទន្ទឹម​នឹង​នេះ បើ​តាម​ទស្សនវិស័យ​របស់​លោក​ឧកញ៉ា​ផ្ទាល់ នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ខេត្ត​ព្រះសីហនុ នឹង​ក្លាយ​ជា​តំបន់​ដ៏​មាន​សក្ដានុពល​បំផុត​សម្រាប់​កម្ពុជា ឬ​អាច​រីកចម្រើន​ខ្លាំង​ជាង​ខេត្ត​សៀមរាប​ទៅ​ទៀត។ 

លោកឧកញ៉ាអះអាងបែបនេះ ដោយសារ​មើល​ឃើញ​ប៉ូល​សេដ្ឋកិច្ច​បី​សំខាន់ៗ​របស់​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ គឺ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​វិស័យ​ដឹក​ជញ្ជូន។ ជាក់​ស្ដែង លោក​បាន​គូស​បញ្ជាក់​ថា វិស័យ​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​ក៏​មាន​វិសាលភាព នៅ​មិន​ទាន់​គ្រប់គ្រាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នា​ពេល​អនាគត​នៅ​ឡើយ​ទេ។

Advertisement

វិនិយោគិន​ក្នុង​ស្រុក​ដែល​កំពុង​លេច​ធ្លោ​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​ដដែល​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ជា​ការ​ពិត លំហូរ​ចូល​នៃ​ការ​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ចិន​មក​កាន់​ខេត្ត​ព្រះសីហនុ ក៏​ដូចជា​កម្ពុជា គឺ​ប្រយោជន៍​ធំ​នឹង​ត្រូវ​បាន​ទៅអ្នក​វិនិយោគ​នោះ ប៉ុន្ដែ កម្ពុជា​ក៏​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​វិនិយោគ​នោះ​ផង​ដែរ។ តួយ៉ាង រាជ​រដ្ឋាភិបាល​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពន្ធ​បន្ថែម​កាន់​តែ​ច្រើន ប្រជាជន​ក្នុង​ស្រុក​នឹង​ទទួល​បាន​ការងារ​ធ្វើ ព្រម​ជាមួយ​នឹង​ឱកាស​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម ក៏​ដូចជា​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​ភាគី​ចិន​ជាដើម។

ទាក់ទងទៅនឹងការអភិវឌ្ឍនៅខេត្តព្រះសីហនុនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងដែរថា រាជរដ្ឋាភិបាលបានបើកចំហរទ្វាស្វាគមន៍វិនិយោគិន និងភ្ញៀវទេសចរបរទេសទាំងអស់ មិនថាតែជនជាតិចិនមួយនោះទេ។ 

ឯកឧត្តម​បាន​គូស​បញ្ជាក់​ដែរ​ថា សម្រាប់​កម្ពុជា ក៏​ដូចជា​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​ដែរ គឺ​អនុវត្ត​ទីផ្សារ​សេរី ហើយ​រាជ​រដ្ឋាភិបាល​ក៏​មិន​ទុក​វិនិយោគិន​ក្នុង​ស្រុក​ចោល​នោះ​ដែរ និង​សង្ឃឹម​ថា សហគ្រិន​វ័យ​ក្មេង​ក្នុង​ស្រុក​កម្ពុជា នឹង​បន្ត​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​យើង​ទាំង​អស់​គ្នា។

ទោះ​យ៉ាង​ណា លំហូរ​ចូល​នៃ​កំណើន​អ្នក​រក​ស៊ី​ជន​ជាតិ​ចិន និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះសីហនុ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ធ្លាប់​បាន​រអ៊ូ​រទាំ​ថា កំពុង​បង្ក​ឲ្យ​មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន​សម្រាប់​បរិយាកាស​រស់​នៅ​ក្នុង​ខេត្ត​នេះ ដូចជា​កន្លង​មក ជន​ជាតិ​ចិន​ខ្លះ បាន​បង្ក​នូវ​បញ្ហា​អសន្ដិសុខ​មួយ​ចំនួន​ជាដើម។ តែ​យ៉ាង​ណា​ក៏​ដោយ កន្លង​មក ក៏​ឃើញ​មាន​ការ​ចុះ​អន្តរគមន៍​ពី​អាជ្ញាធរ​នៅ​តំបន់​នោះ​យ៉ាង​សស្រាក់​សស្រាំ​ផងដែរ៕  

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការ​ទិញ​ផ្ទះ​បង់​រំលស់​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង ឬ​បង់​រំលស់​តាម​ធនាគារ ខុស​គ្នា​ដូចម្ដេច?

ព័ត៌មាន
សព្វថ្ងៃ​នេះ គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​រីក​ដុះ​ដាល​ដូច​ផ្សិត មិន​ត្រឹមតែ​នៅកណ្ដាល​ក្រុង​ភ្នំពេញ​នោះទេ ឥឡូវ គឺ​រាលដាល​ទៅ​ដល់​តំបន់​ជា...

​ខុនដូ​ថ្មី​មួយ​ទៀតនឹង​ផុសឡើង​ ក្បែរផ្សារ​ AEON ២ ភាគខាង​ជើង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
ខណ្ឌ​សែនសុខ នៅប៉ែក​ខាងជើង​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​ក្លាយ​ជា​តំបន់​មួយ​​មាន​ភាព​ទាក់ទាញ​កើន​ឡើង ទាំងសម្រាប់​អ្នក​អភិវឌ្ឍ​គម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ