កំណើន​សេដ្ឋកិច្ច

ស្ថាប័ន​អន្តរជាតិ​ធំៗ​បី​បាន​វាយ​តម្លៃ​សេដ្ឋកិច្ច​កម្ពុជា​ថា«នៅ​តែ​រឹង​មាំ»


ធនាគារ​ពិភព​លោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ រួមទាំង​រដ្ឋាភិបាល​កម្ពុជា សុទ្ធ​តែ​បាន​វាយ​តម្លៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់ ៧​% ដដែល​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ។
ទិដ្ឋភាព​រាជធានី​ភ្នំពេញ​ នា​ពេល​រាត្រី។ ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​​ក្នុង​រង្វង់ ៧ភាគរយ​ជាប់​គ្នា។
ដោយ

កំណើន​សេដ្ឋកិច្ច​នេះ​ត្រូវ​បាន​គាំទ្រ​មួយ​ផ្នែក​ដោយ​ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ទៅ​លើ​ផ្នែក​ផ្សេងៗ​ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។ ប៉ុន្តែ វិស័យ​ធំៗ​ដែល​ធ្លាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​នេះ មាន​ដូចជា វិស័យ​សំណង់​និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់ មាន​សញ្ញា​ថមថយ​ល្បឿន​បន្តិច។ 

លោកស្រី អ៊ីហ្គូណា ដូបា្រចា ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «វា​គួ​ឲ្យ​សាទរ​ដែល​ឃើញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​រឹងមាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ហើយ​អត្រា​នៃ​ភាព​ក្រីក្រ​បន្ត​ថយ​ចុះ។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ធានា​ថា ការ​វិនិយោគ​របស់​ប្រទេស​​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ដែល​វា​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ​ដែល​ទ្រទ្រង់​ឲ្យ​មាន​កំណើន​ខ្ពស់ ស្រប​ពេល​នេះ​ដែរ ក៏​ត្រូវ​ផ្តោត​លើ​ការ​កសាង​ជំនាញ​សម្រាប់​វិស័យ​ឯ​ទៀតៗ​ដែល​ផ្តល់​កំណើន​នា​ពេល​អនាគត​និង​ពង្រឹង​ការ​ផ្គត់ផ្គង់​វិស័យ​សាធារណៈ»

ធនាគារ​ពិភព​លោក បាន​កត់​សម្គាល់​ថា ដោយសារ​តែ​មាន​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ការ​រំពឹង​ទុក​នៃ​ការ​កើន​ឡើង​សន្សឹមៗ​នៃ​​វិស័យ​កសិកម្ម​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ខ្លះ​នៃ​វិស័យ​ទេសចរណ៍​ដែល​គាំទ្រ​ដោយ​ការ​បង្កើន​ជើង​ហោះហើរ​ផ្ទាល់ និង​ការ​ផ្តួច​ផ្តើម​គម្រោង​ទទួល​ភ្ញៀវ​ទេសចរ​ចិន។ ខណៈ​ដែល​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វិស័យ​សំណង់​កំពុងតែ​មាន​សញ្ញា​ថមថយ​ល្បឿន​របស់​ខ្លួន។ 

របាយការណ៍​ដដែល​បង្ហាញ​ថា សេដ្ឋកិច្ច​​​មិនមែន​កសិកម្ម​នៅ​ជនបទ​ជា​កត្តា​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​ប្រជាជន​ដែល​មាន​ចំណូល​ទាប​នៅ​ជនបទ​បាន​បង្កើន​ប្រភព​ចំណូល​របស់​ខ្លួន និង​ការ​បង្វែរ​ប្រាក់​ដើម្បី​ជួយ​ទ្រទ្រង់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ​ដែល​ជា​កត្តា​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច បើ​ទោះ​បី​វិស័យ​កសិកម្ម​នៅ​ទ្រឹង​ក្តី។ 

លោក លី សូដេត សេដ្ឋវិទូ​ជាន់​ខ្ពស់​​នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា​ កត្តា​ដែល​សំខាន់ គឺ​ការ​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋា​រចនា​សម័្ពន្ធ​ដែល​ទ្រទ្រង់​ឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ។ 

ចំណែក​ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ធ្វើ​ពិពិធកម្ម​ផ្សេងៗ​ទៀត​ ដូចជា វិស័យ​កសិកម្ម ឧស្សាហកម្ម សេវាកម្ម​ជាដើម បន្ថែម​ពី​លើ​វិស័យ​កាត់ដេរ ដើម្បី​ឲ្យ​កម្ពុជា​នៅ​តែ​បន្ត​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ 

ដោយឡែក​ ក្រសួង​សេដ្ឋកិច្ច ក៏​ទើប​តែ​ផ្សព្វ​ផ្សាយ​របាយការណ៍​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ និង​២​ឆ្នាំ​បន្ទាប់​ទៀត នៅ​តែ​រឹង​មាំ​ក្នុង​រង្វង់ ៧%​ ដដែល បើទោះ​បី​ជា​មាន​សម្ពាធ​ពី​ខាង​ក្រៅ និង​ខាង​ក្នុង​កំពុង​តែ​សង្កត់​មក​លើ​កម្ពុជា​ក៏​ដោយ។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ថា ភាព​រឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ដោយសារ​តែ​កំណើន​នៃ​វិស័យ​លក់​ដុំ និង​រាយ​នៅ​តែ​បន្ត​រឹងមាំ​ វិស័យ​កសិកម្ម ដែល​ជំនួស​ឲ្យ​ការ​ថមថយ​នៃ​វិស័យ​កាត់ដេរ សំណង់​និង​អចលន​ទ្រព្យ វិស័យ​ទេសចរណ៍ និង​វិស័យ​ហិរញ្ញវត្ថុ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​វេទិកា​សាធារណៈ​ស្តីពី​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោល​នយោបាយ​ថវិកា​ឆ្នាំ​២០១៨ ថា  វិស័យ​ឧស្សាហកម្ម​​នៅ​រក្សា​កំណើន ២​ខ្ទង់ ដោយសារ​កំណើន​រឹងមាំ​នៃ​វិស័យ​កាត់ដេរ និង​ការ​បន្ត​កំណើន​ខ្ពស់​នៃ​អនុវស័យ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត បើ​ទោះ​បី​វិស័យ​សំណង់​បន្ត​ថមថយ​កំណើន​បន្តិច​ក្ដី។ 

ឯកឧត្តមបន្ត​ថា ការថមថយ​នៃ​វិស័យ​សំណង់​នៅ​ពេល​នេះ​ក្លាយ​ជា​ចំណុច​ល្អ ដែល​នឹង​មិន​ធ្វើឲ្យ​មាន​វិបត្តិ និង​ស្ថិត​នៅ​ក្នុង​គន្លង​មួយ​ដែល​មាន​និរន្តរភាព​ជាង​មុន ពោល​គឺ​ត្រូវ​បាន​ប៉ះប៉ូវ​ខ្លះ​ដោយ​កំណើន​ខ្ពស់​នៃ​អនុវិស័យ​ឧស្សាហកម្ម​មិន​មែន​កាត់​ដេរ៕




អត្ថបទបន្ទាប់


ក្នុង​មួយឆ្នាំៗ តើ​​កម្ពុជា​ខាត​បង់​​​ប៉ុន្មាន​​លាន​ដុល្លារ​​ពី​​ការ​ប្រែប្រួល​​អាកាសធាតុ?

ព័ត៌មាន
បញ្ហា​​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ គ្រោះ​ទឹក​ជំ…

អ្នក​ជំនាញ​ថា វិស័យ​អចលន​ទ្រព្យ​កម្ពុជា​រីក​ចម្រើន​ឆាប់​រហ័ស ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ប្លង់មេ​ច្បាស់​លាស់

ព័ត៌មាន
ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​មើល​ឃើញ​ថា វិស័យ​អចលន​ទ្រព្យ​មាន​ការ​រីក​លូត​លាស់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ