Advertisement
ការនាំចេញអង្ករ

ការនាំចេញអង្ករ ៧ខែ ឆ្នាំនេះ ធ្លាក់ចុះជាង ៦% តែអ្នកជំនាញថា នឹងកើនឡើងវិញនៅ ៥ខែក្រោយ


របាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ បានបង្ហាញថា គិតចាប់ពីខែមករា ដល់​​ខែកក្កដា ឆ្នាំ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជា បានបង្ហាញពីការរអិលធ្លាក់ចុះ ជាង ៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ ដ្បិតតែយ៉ាងនេះក្ដី ក្រុមអ្នកជំនាញកសិកម្មអះអាងថា ៥ខែបន្ទាប់ក្នុងនេះ បរិមាណអង្ករនាំចេញ នឹងកើនឡើងខ្ពស់វិញ ដោយសារ​តែ​រដូវ​ប្រមូល​ផល​ស្រូវធំមក​ដល់។
ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា សរុប​មួយឆ្នាំ​២០១៧​ពេញ បាន​ចំនួន ៦៣៥.៦៧៩​តោន ទៅ​កាន់​ជាង ៦០​ប្រទេស គិត​ជា​កំណើន​កើន​ជាង១៧% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។
ដោយ

តាម​របាយការណ៍​បានបង្ហាញ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា នៅរយៈ​ពេល​ ៧ខែកន្លង​មកនេះ មានជាង ២៩​ម៉ឺន​តោន ខណៈដែល​កាលពី​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ ២០១៧ មាន​ជាង ៣១ ម៉ឺនតោន ពោលគឺបានធ្លាក់​ចុះជាង​ ៦%។

ឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូ​រាជរដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក​ជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានកសិកម្ម បានប្រសាសន៍​ថា ការដែល​បរិមាណ​អង្ករនាំចេញ​ធ្លាក់​ចុះនេះ ដោយសារតែ​ខែនេះ កសិករ​ទើបតែ​ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ។ ណាមួយ ឈ្មួញ​នាំចេញ​អង្ករ មិនបាន​ទិញ​អង្ករ​ស្ដុកទុក​ច្រើន​កាលពី​ដើមឆ្នាំ ដោយសារ​សមត្ថភាព​ឃ្លាំងស្ដុក​របស់​ពួកគេ​មាន​កំណត់​ ដែលធ្វើឲ្យ​កសិករ​តាមព្រំដែន​បានលក់​ស្រូវ​របស់ខ្លួន​ទៅឲ្យ​​ប្រទេស​ជិតខាង​។ ទោះយ៉ាងណា ឯកឧត្តម បានគូស​បញ្ជាក់ថា នៅ​ចុងខែនេះ និងដើម​ខែ​ក្រោយតទៅ​ បរិមាណ​អង្ករ​នឹងចាប់​ផ្ដើមកើន​ឡើងវិញ​ហើយ។ 

Advertisement

ឯកឧត្តម បានគូសបញ្ជាក់​យ៉ាង​ដូច្នេះថា «អ្វីដែលយើង​ឃើញ​ធ្លាក់​ចុះតិចតួច មុនពេល​ប្រមូលផល​ស្រូវស្រាល​ដើមរដូវនេះ គឺយើង​ចង់បញ្ជាក់​ថា រោងម៉ាស៊ីន​កិនស្រូវ ឬក៏អ្នក​នាំចេញ​ហ្នឹង! អត់បាន​ស្ដុកទុកគ្រប់​គ្រាន់​សម្រាប់​ការ​នាំចេញ។ ដូចជាពេល​នេះ​អ៊ីចឹង នៅពេល​ដែលស្រូវ​ក្នុង​ជង្រុក ហេដ្ឋារចនា​សម្ព័ន្ធ​នៃការ​សម្ងួត នៃការ​ស្ដុកទុក​របស់​ម្ចាស់​រោង​ម៉ាស៊ីន នៅមាន​សមត្ថភា​ពមាន​កំណត់ អ៊ីចឹង​យើងអាច​ឃើញថា​ ការនាំ​ចេញវា​អាច​ថយចុះ ឬកើនឡើង​ទៅតាម​រដូវ​ប្រមូល​ផល»។

ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំចេញ​អង្ករ Amru Rice បាន​លើក​ឡើងស្រដៀងគ្នា​នេះដែរថា បរិមាណ​នាំចេញ​​អង្ករ​​ធ្លាក់ចុះ​បន្តិច ​នៅរយៈ​ពេល ៧ខែនេះ គឺដោយ​សារតែ កាលពីប៉ុន្មាន​ខែដើម​ឆ្នាំនេះ ការនាំចេញ​អង្ករស តាមផ្លូវ​ការ​​មានការ​ធ្លាក់ចុះ ប៉ុន្ដែបែរ​ជាបាន​កើនឡើង​ការនាំ​ចេញក្រៅផ្លូវ​ការ​វិញ។ ជាក់ស្ដែង កាលពីដើមឆ្នាំ អង្ករស ជាច្រើន​ត្រូវបាន​លក់ទៅ​ប្រទេស​វៀតណាម ខណៈដែល​ឈ្មួញ​ពីវៀតណាម​​ហ៊ានទិញ​ក្នុងតម្លៃ​ខ្ពស់។

លោកឧកញ៉ា សុង សារ៉ន បន្ថែមទៀតថា ប្រទេសចិន ដែលជាអ្នក​បញ្ជា​ទិញ អង្ករស​ពីកម្ពុជា​ច្រើន​ជាងគេនោះ ក៏មាន​ការបញ្ជា​ទិញតិច​ជាង​មុន​ផងដែរ ដោយសារ​តែអង្ករ​ស មិនសូវ​ជាមាន​ច្រើន ណាមួយ​តម្លៃ​ក៏ថ្លៃ ដែលធ្វើ​ឲ្យចិន​​ពិបាក​ក្នុងការ​ទិញ​ពីកម្ពុជា។ ពិសេសជាង​នេះទៀត​នោះ គឺថ្មីៗនេះ ចិន ក៏ទើបតែ​បានចុះហត្ថលេខា​ជាមួយ​ឥណ្ឌា ដែលអនុញ្ញាត​ឲ្យ​ឥណ្ឌា អាចនាំ​អង្ករ​ទៅចិន ដូច​កម្ពុជា​ដែរ ខណៈដែល​តម្លៃអង្ករ​ស របស់​ឥណ្ឌា មានតម្លៃ​ធូរ​ថ្លៃជាង​អង្ករ​កម្ពុជា។ ដូច្នេះ អង្ករស​កម្ពុជា កំពុង​ប្រឈម​នឹងការ​ប្រកួត​ប្រជែងកាន់តែ​ខ្លាំង​ជាងមុន។

យ៉ាងណាក៏ដោយចុះ អគ្គនាយក​ក្រុមហ៊ុន​នាំចេញ​អង្ករ​ធំមួយនេះ បាន​ព្យាករ​ទុកថា បរិមាណ​នាំចេញអង្ករ​នៅ៥ខែ​ចុងក្រោយ​ក្នុងឆ្នាំនេះ នឹងមាន​កំណើនឡើងវិញ​ព្រោះ​រដូវ​ប្រមូលផល​ស្រូវ​ធំ​នឹង​ផ្ដើមឡើង​នៅខែក្រោយ​នេះ តទៅហើយ​។ លោកបន្ថែមថា នៅឆ្នាំ២០១៨ នេះ ការនាំចេញ​អង្ករ​របស់កម្ពុជា​នឹងនៅតែមានកំណើន​លូតលាស់​ បើធៀបនឹង​ឆ្នាំ​២០១៧។ ​

ទោះជាយ៉ាងនេះក្ដី លោកឧកញ៉ា វ័យក្មេង​ និងកំពុង​ជោគជ័យ​ក្នុងជំនួញ​ស្រូវអង្ករ​រូបនេះ បានឲ្យដឹងថា​ សម្រាប់ក្រុមហ៊ុន​លោក​នៅ៧ខែ​កន្លងមកនេះ គឺមិនមាន​ការនាំចេញ​ធ្លាក់​ចុះ​នោះឡើយ​ ពោលគឺ​នៅតែរក្សា​បាននូវកំណើន​តិចតួច​ ដោយបាន​នាំចេញ​ប្រមាណ ២ម៉ឺនតោន​។ ​លោក​ឧកញ៉ា សុង​ សារ៉ន​ បានបង្ហាប​ថា បានជា​ការនាំចេញ​អង្ករ​របស់ក្រុមហ៊ុន Amru Rice មិនមាន​ការថយចុះ​យ៉ាងដូច្នេះ គឺដោយសារតែ​ក្រុមហ៊ុនលោក ផ្ដោតលើការ​នាំចេញអង្ករ​ក្រអូប​ មានគុណភាពខ្ពស់​ និងបាន​នាំចេញទៅកាន់​ទីផ្សារ​សំខាន់​ៗជាច្រើន​។

លោកឧកញ៉ា សុង សារ៉ន បានគូស​បញ្ជាក់​ទៀតថា កម្ពុជា​គួរតែធ្វើ​ពិពិធកម្ម​ទីផ្សារ​អង្ករ សម្រាប់​ថ្ងៃអនាគត ពោលគឺ​ជំរុញ​ឲ្យមាន​ការដាំដុះ​អង្ករ​ក្រអូប​ឲ្យបាន​ច្រើន ប្រមាណ ៧០% និងការ​ដាំដុះ​អង្ករស​ អាចឲ្យ​នៅសល់​តែប្រមាណ ៣០% គឺជា​ការល្អ​ប្រសើរ​ហើយ ព្រោះ​បច្ចុប្បន្ន អង្ករ​ស​កម្ពុជា​កំពុងមាន​ការប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​យ៉ាងខ្លាំង។ 

ជុំវិញ​នឹងការ​នាំចេញ​​អង្ករ​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន ក៏ធ្លាប់​បានអះអាង​ដែរថា រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម បាននិង​កំពុង​ស្នើទៅ​រដ្ឋាភិបាល​ចិនបន្ថែម​កូតា​នាំចេញ​អង្ករ​ទៅចិន​ឲ្យបាន​ដល់ ៤០ម៉ឺនតោន សម្រាប់​ឆ្នាំ ២០១៩ខាង​មុខនេះ។

យ៉ាងណា​ក៏ដោយ​ចុះ ឯកឧត្តម ហ៊ាន វណ្ណ បាន​គូស​បញ្ជាក់ថា ការគ្រប់គ្រង​លើការ​នាំចេញ និងនាំចូលនៅលើ​ពិភព​លោក​នាពេល​បច្ចុប្បន្ននេះ កំពុង​មានស្ថានភាព​តឹងតែង​ខ្លាំង ដោយ​ពាក់ព័ន្ធ​ទៅនឹង​ការបើក​ឡើង​នូវ​របាំង​អនាម័យ និងភូត​គាម​អនាម័យ​ជាដើម។

សូម​ជម្រាបថា តាម​របាយ​ការណ៍​ពីលេខា​ធិការ​ដ្ឋាន​​ច្រកចេញ​ចូល​តែ​មួយ បានឲ្យ​ដឹងថា នៅ៧ខែ ឆ្នាំនេះ ការនាំចេញ​អង្ករ​ក្រអូប​សម្រេច​បាន ជាង ២១​ម៉ឺនតោន មានស្មើ​នឹង ៧៣% នៃការ​នាំចេញ​អង្ករ​សរុប ខណៈ​ដែល ២០% ទៀត ជា​ការនាំចេញ​អង្ករស ពោលគឺមាន​ប្រមាណ​ជាង ៥៩​ពាន់តោន និង​ប្រមាណជាង ១៩ពាន់​តោន ឬស្មើ​នឹង​ជាង ៦% ទៀត គឺជាការ​នាំចេញ​អង្ករ​ចំហុយ។

ទីផ្សារ​នាំចេញ​អង្ករ​សំខាន់ៗ​របស់​កម្ពុជា​មានដូចជា ប្រទេសចិន ប្រទេស​ប៉ែកអឺរ៉ុប ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង​៣​របស់​បុរី​ប៉េងហួត ផ្ដល់​ការបង់រំលស់១០០% បង់ភ្លាម! ចូលនៅភ្លាម!

ព័ត៌មាន
កេរ្តិ៍​ឈ្មោះ បុរី ប៉េង ហួត ត្រូវ​បាន​ទទួល​ស្គាល់​ពី​អតិថិជន ថា​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ ក្នុង​ការ​អភ...

ADB គ្រោងផ្តល់កម្ចីដល់ម៉ាស៊ីនកិនស្រូវនីមួយៗក្នុងទឹកប្រាក់ជាង៣លានដុល្លារ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ADB គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង៣លានដុល្លាទៅកាន់រោងម៉ាស៊ីននីមួយៗ ក្នុងចំណោមរោងម៉ាស៊ីនទាំង១០ ដែលលោក Ung Mala...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ