ចិនហាក់បង្ហាញការប្តេជ្ញាចិត្តខ្លាំងជាងអាមេរិក

ចិនព្រមានអាស៊ានអំពី «សង្គ្រាមត្រជាក់ថ្មី» ខណៈអាមេរិកកោតសរសើរប្លុកនេះប្តេជ្ញាគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិ


នាយករដ្ឋមន្ត្រីចិនបាននិយាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញា ថា មហាអំណាចធំៗត្រូវតែរក្សាភាពខ្វែងគំនិតគ្នាឱ្យស្ថិតក្រោមការគ្រប់គ្រង និងជៀសវាងការប្រមូលផ្ដុំ ដែលជាទម្រង់នៃ«សង្រ្គាមត្រជាក់ថ្មី»។ ការថ្លែងបែបនេះ របស់ប្រមុខដឹកនាំចិនបានធ្វើឡើងនៅក្នុងកិច្ចប្រជុំអាស៊ានបូកបី ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង។ ទោះយ៉ាងណា អនុប្រធានាធិបតីអាមេរិកឯណោះវិញ បានថ្លែងកោតសរសើរអាស៊ាន ចំពោះការប្តេជ្ញារួមគ្នា គោរពតាមសណ្តាប់ធ្នាប់អន្តរជាតិលើបញ្ហាតំបន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិនហាក់បង្ហាញការប្តេជ្ញាចិត្តខ្លាំងជាងអាមេរិក
ដោយ

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានប្រាប់វេទិកាអាស៊ានបូកបីថា «ការខ្វែងគំនិតគ្នា និងវិវាទ អាចកើតឡើងរវាងប្រទេសនានា ដោយសារតែការយល់ខុស ផលប្រយោជន៍ខុសគ្នា ឬការជ្រៀតជ្រែកពីខាងក្រៅ។ ប៉ុន្ដែ ដើម្បីរក្សាភាពខ្វែងគំនិតគ្នាឱ្យស្ថិតក្រោមការគ្រប់គ្រងបាន អ្វីដែលចាំបាច់នៅពេលនេះ គឺអាស៊ាន ត្រូវប្រឆាំងនឹងការចាប់យកភាគីម្ខាង ប្រឆាំងភាគីម្ខាងទៀត និងត្រូវប្រឆាំងនឹងទម្រង់នៃការបង្កើតសង្គ្រាមត្រជាក់ថ្មី»។
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីចិនបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu កាលពីខែមិថុនាបានព្រមានប្រឆាំងនឹងការបង្កើតសម្ព័ន្ធភាពដូចអង្គការណាតូ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយអំពាវនាវឱ្យមាន«កិច្ចសហប្រតិបត្តិការបើកចំហរ» ជំនួសឱ្យការបង្កើតប្លុកតូចៗ នៅឯកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី។

គួរជម្រាបថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេស កំពុងរៀបចំកិច្ចប្រជុំកំពូលដាច់ដោយឡែកពីគ្នា ជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងកាណាដា នៅថ្ងៃទី៦ខែកញ្ញា មុននឹងឈានទៅដល់ការរៀបចំកិច្ចប្រជុំអាស៊ីបូព៌ា ដែលជាជំនួបកំពូលរួមគ្នា។ ក្នុងនោះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang គឺមកប្រជុំជំនួសប្រធានាធិបតីចិន លោកស៊ី ជិនពីង ខណៈលោកស្រី Kamala Harris តំណាងឱ្យប្រធានាធិបតីសហរដ្ឋអាមរិកលោកចូ បៃដិន។
ថ្វីបើមានភាពតានតឹងជុំវិញផែនទីទឹកដីថ្មីរបស់ចិនក៏ដោយ ក៏មេដឹកនាំអាស៊ាន និងចិនកាលពីថ្ងៃដដែលនោះ បានចុះហត្ថលេខាលើឯកសារថ្មីមួយចំនួន រួមទាំងការធ្វើជំរុញវិស័យកសិកម្ម ដែលជាម៉ាស៊ីនកំណើនថ្មី និងដើម្បីធានាសន្តិសុខស្បៀងក្នុងតំបន់។
បើតាមលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលអាស៊ាន-ចិនថា «មេដឹកនាំបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កំណែទម្រង់ ៣.០ ដែលគ្របដណ្តប់កិច្ចសហប្រតិបត្តិការថ្មីក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងខ្សែសង្វាក់ផ្គត់ផ្គង់»។
ផ្ទុយទៅវិញ ក្នុងថ្ងៃទី៦ខែកញ្ញានោះដែរ ជំនួបកំពូលអាមេរិក-អាស៊ានបានចាប់ផ្តើម និងបញ្ចប់ទៅដោយគ្មានលទ្ធផលជាក់ស្តែងណាមួយឡើយ។ ក៏ប៉ុន្តែលោកស្រី Kamala Harris បានបញ្ជាក់ឡើងវិញនូវ «ការប្តេជ្ញាចិត្តការពារ» របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយថា «អាស៊ានគឺជាចំណុចកណ្តាលនៃការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក»។ លោកស្រីក៏បានប្រកាសពីផែនការដើម្បីបង្កើត «មជ្ឈមណ្ឌលអាមេរិក-អាស៊ានដំបូង» នៅទីក្រុងវ៉ាស៊ីនតោនដែរ។ មជ្ឈមណ្ឌលនេះ នឹងជួយសម្រួលដល់ការចូលរួមរបស់អាស៊ាន ក្នុងការផ្លាស់ប្តូរបន្ថែមទៀតរវាងប្រជាជន អាជីវកម្ម និងស្ថាប័នសិក្សារបស់រវាងភាគីទាំងពីរ។




អត្ថបទបន្ទាប់


កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

ព័ត៌មាន
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូត និងពាណិជ្ជកម្ម ហើយដើម្បីឱ្យទំនាក់ទំនងនេះកាន់តែស…

នាយករដ្ឋមន្រ្តីថៃប្រកាសថា គណរដ្ឋមន្រ្តីថ្មី នឹងធ្វើការ និងខិតខំបំពេញតម្រូវការពលរដ្ឋ

ព័ត៌មាន
លោក ស្រ៊ីថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃបានប្តេជ្ញាបំពេញការងារជូនប្រជាពលរដ្ឋ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ