កំពង់ផែពហុបំណង

តើបញ្ហាសេដ្ឋកិច្ចសកលអាចធ្វើឱ្យការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត តម្លៃ១,៥០០លានដុល្លារ មានភាពយឺតយ៉ាវទេ?


គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត ដែលជាកំពង់ផែទឹកជ្រៅ មានទំហំ៦រយហិកតា និងបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ កំពុងស្ថិតក្នុងដំណាក់កាលចាក់ដីបំពេញនៅឡើយទេ។ គម្រោងនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី៦ម៉ឺនតោនដល់១០ម៉ឺនតោន អាចចូលចតបាន។
កំពង់ផែពហុបំណង
ដោយ

អ្នកជំនាញរំពឹងថា នៅពេលកំពង់ផែនេះលេចចេញជារូបរាងជាស្ថាពរ វានឹងក្លាយជាទីតាំងដ៏សំខាន់ក្នុងការលើកដាក់ ផ្ទេរទំនិញចេញ-ចូលដ៏សំខាន់មួយរបស់កម្ពុជា និងទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្ដម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានឱ្យដឹងថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កំពុងចាក់ដីបំពេញតាមផែនការគម្រោង និងពុំទាន់បានសាងសង់លេចចេញជារូបរាងនៅឡើយទេ។ ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា ការចាក់ដីបំពេញក្នុងគម្រោងទៀតសោត ក៏អាចមានភាពយឺតយ៉ាវខ្លះដែរ ដោយសារតែផលប៉ះពាល់នៃសេដ្ឋកិច្ចជាសកល។

ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះដែរ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា កំពង់ផែនេះ នឹងក្លាយជាទីតាំងដ៏សំខាន់ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក។

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពតនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតរបស់កម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ សម្រាប់អ្នកជំនាញរូបនេះ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែ ដែលមានស្រាប់ដូចជា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញការអនុវត្តឱ្យបានជោគជ័យនូវផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចេញនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ជាងនេះទៅទៀត គម្រោងនេះនឹងចូលរួមចំណែកផងដែរ ក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម និងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពន្ធដារប្រមូលចំណូលបានជាង៣ពាន់៣រយលានដុល្លារនៅ១១ខែឆ្នាំនេះ ស្មើនឹងជិត៩៤% នៃច្បាប់ថវិកា

ព័ត៌មាន
ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅតែរក្សាបាននូវកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៣នេះ ជាក់ស្ដែងនៅក្នុងរយៈពេល១១…

តើវិស័យធនាគារដើរតួនាទីសំខាន់យ៉ាងណាក្នុងការជួយទាក់ទាញវិនិយោគិន និងការធ្វើពាណិជ្ជកម្ម?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ប្រៀបដូចជាបេះដូងក្នុងការជួយទ្រទ្រង់ដំណើរការ និងអភិវឌ្ឍន៍សេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ