ពាណិជ្ជកម្មពិភពលោក-ចិន

២០ឆ្នាំក្រោយចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក តើចិនសម្រេចបានពាណិជ្ជកម្មធំៗអ្វីខ្លះ?


អស់ពេល២ទសវត្សមកហើយ ដែលប្រទេសចិនបានចូលជាសមាជិកនៃអង្គការពាណិជ្ជពិភពលោក WTO។ ជាច្រើនឆ្នាំមកនេះ ចិនបានបង្កើនការដោះដូរពាណិជ្ជកម្មរបស់ខ្លួន ជាមួយនឹងពិភពលោកដល់ទៅ ៩ដង បើធៀបនឹងកាលដែលប្រទេសយក្សសេដ្ឋកិច្ចទី២របស់ពិភពលោកមួយនេះ នៅមិនទាន់ចូលរួមជាមួយ WTO។ ចំនួននេះបានវ៉ាដាច់សហរដ្ឋអាមេរិក ធ្វើឲ្យចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក។ យ៉ាងណាក៏ដោយចុះ ក្នុងពេល ២០ឆ្នាំមកនេះ គេសង្កេតឃើញមានការប្រែប្រួលតិចតួចប៉ុណ្ណោះ លើកំណែទម្រង់របស់ចិនក្នុងការធ្វើឲ្យសហគ្រាសរដ្ឋ មានភាពរឹងមាំ។ នេះបើតាមការផ្សាយដោយព័ត៌មានជប៉ុនNikkei។
កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោក
ដោយ

តើ​អ្វី​ដែល​នៅ​ពីក្រោយ​ភាព​ជោគជ័យ បន្ទាប់​ពី​ក្លាយជា​សមាជិក​របស់​WTO ក្នុង​ពេល​២០​ឆ្នាំ​មកនេះ?

ជាមួយនឹង​តម្លៃ​កម្លាំង​ពលកម្ម​ទាប បាន​ន័យ​ថា សម្បូរ​ទៅ​ដោយ​កម្លាំង​ពលកម្ម ដែល​ផលិត​បាន​ទំនិញ​មាន​តម្លៃ​ថោក ចិន​បាន​បង្កើន​ការ​ផលិត នាំ​ចេញ​ជា​បន្តបន្ទាប់​លឿន​រហ័ស ចាប់តាំងពី​បាន​ចូលរួម​ជាមួយ WTO ក្នុង​ខែធ្នូ ឆ្នាំ ២០០១​។ ជាមួយ​គ្នា​នេះ ស្ថិត​ក្រោម​ឈ្មោះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ចិន បាន​បង្កើន​ការ​នាំ​ចូល ដោយ​ទទួល​បានការ​កាត់​បន្ថយពន្ធ​ជា​បណ្តើរ​ៗ​ផង​ដែរ​។

ជាក់ស្តែង រាប់​ចាប់តាំងពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០២០ ការ​នាំ​ចេញពី​ចិន​ទៅ​ពិភពលោក មាន​អត្រា ៨៧០% ខណៈ​ការ​នាំ​ចូល​មក​វិញ មាន​ចំនួន ៧៤០%​។ នេះ​បើ​តាម​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​។

គេ​នៅ​ចាំ​បាន​ថា ភ្លាម​ៗ​ក្រោយ​ចូល​ជា​សមាជិក WTO ផលិតផល​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម ដូច​ជា​សម្លៀក​បំពាក់ តំណាង​ឲ្យ​ការ​នាំ​ចេញ​ច្រើន​បំផុត​របស់​ចិន​គ្រានោះ​។ ប៉ុន្តែ​បច្ចុប្បន្ន ការ​នាំ​ចេញ​សម្លៀក​បំពាក់ មិន​បាន​ដើរតួ​សំខាន់​តែ​ម្នាក់ឯង ដែល​ធ្វើ​ឲ្យ​ចិន​ជោគជ័យ​ដូច​ថ្ងៃ​នេះនោះ​ទេ​។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ចិន​បាន​បង្កើន​ការ​ផលិត និង​នាំ​ចេញ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ ដូច​ជា​បន្ទះ​ឈី​ប គ្រឿង​បង្គុំ​នានា កុំព្យូទ័រ​យួរដៃ និង​ស្មា​ត​ហ្វូ​ន​ជាដើម​។

បច្ចុប្បន្ន ប្រទេស​ចិន​មាន​ចំណែក ១៣% នៃ​ពាណិជ្ជកម្ម​ផ្នែក​បច្ចេកវិទ្យា​របស់​ពិភពលោក ចំនួន​នេះ បាន​កើនឡើង ៤% ពី​ឆ្នាំ ២០០១ ហើយ​ធ្លាប់​បាន​កើន​លើស សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ២០១៣​ផង​ដែរ​។ សព្វថ្ងៃ​ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត សម្រាប់​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​លោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។

សូម​ជម្រាប​ថា ទោះបី​ជោគជ័យ​ដល់​កម្រិត​នេះ ប៉ុន្តែ​បើ​តាម​ការ​គូសបញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន Nikkei របស់​ជប៉ុន រដ្ឋាភិបាល​ចិន​នៅ​មាន​អសមត្ថភាព​ត្រង់​ចំណុច​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ក្រុង​ប៉េ​កាំ​ង​ពិបាក​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ៗ ដែល​មាន​ស្តង់​ខ្ពស់ ពិសេស​កិច្ចព្រមព្រៀង​នៅ​មួយ​រយៈកាល​ចុង​ក្រោយ​នេះ​។

អសមត្ថភាព​នៅ​ត្រង់​ថា រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​អាច​ធ្វើ​ឲ្យ​សហគ្រាស​ក្នុងស្រុក និង​ក្រុមហ៊ុន​ដែល​គាំទ្រ​ដោយ​រដ្ឋ​រឹង​មាំ អាច​ឈរជើង​ដោយ​ខ្លួនឯង​បាន ដោយ​មិនបាច់​ចាំ​ទទួល​បានការ​ឧបត្ថម្ភ​ធន​ពី​រដ្ឋ​នោះ​ឡើយ​។ បញ្ហា​នេះ កំពុង​ធ្វើ​ឲ្យ​បុរស​ខ្លាំង​ចិន លោក​ស៊ី ជី​ន​ពីង​ឈឺក្បាល​វិលមុខ ខណៈ​លោក​ព្យាយាម​រក​វិធីសាស្ត្រ​ធ្វើ​កំណែទម្រង់ ដើម្បី​អាច​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​តំបន់​ធំ​ៗ​ដូច​ជា​កិច្ចព្រមព្រៀង CP TPP ដែល​ទាមទារ​នូវ​ស្តង់ដារ​ខ្ពស់​មួយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនកូនកាត់ខ្មែរ-ថៃរូបនេះមានមហិច្ឆតាកសាង​ម៉ាកយីហោ​ភោជនីយដ្ឋាន​ក្នុង​ស្រុក​មួយ​ឲ្យ​មាន​ស្តង់ដារអន្តរជាតិ

ព័ត៌មាន
លោក ថានិសន សេថាស៊ុផាង (Thanisorn Sethasuphang) ជាសហគ្រិនវ័យក្មេងដែលមានឈាមជ័រជាកូនកាត់ខ្មែរ-ថៃ មានទស្សនវិស័យដ៏មហិច្ឆតាមួយនៅក្នុងវិស…

Pfizer ជាក្រុមហ៊ុនអាមេរិកទី២ ដែលផលិតបានថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ជាមួយប្រសិទ្ធភាព ៨៩%

ព័ត៌មាន
ក្រុមហ៊ុនរបស់អាមេរិក Pfizer កាលពីសប្តាហ៍មុនបានបង្ហាញលទ្ធផលស្រាវជ្រាវមួយថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវី១៩ដែលខ្លួនផលិតបាន មានប្រសិទ្ធភាពដល់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ